(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជាគ្មានគោលការណ៍ចែករំលែកអាសនៈនៅក្នុងរដ្ឋសភាទៅឲ្យគណបក្សដែលមិនឈ្នះឆ្នោតនោះឡើយ។

លោក សុខ ឥសាន បានបញ្ជាក់ដូច្នេះក្នុងសន្និសីទព័ត៌មានស្តីពីលទ្ធផលបោះឆ្នោត ដែលបានរៀបចំធ្វើឡើងនៅសណ្ឋាគារភូគីត្រា នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ។

លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះ «យើងមិនបោះបង់ចោលនូវឆន្ទៈប្រជាពលរដ្ឋ ហើយយើងក៏មិនប្រមាថឆន្ទៈប្រជាពលរដ្ឋទេ។ គណបក្សប្រជាជន គឺជាគណបក្សដែលតែងតែគោរពឆន្ទៈប្រជាពលរដ្ឋ យើងមិនអាចយកឆន្ទៈប្រជាពលរដ្ឋទៅចែកឲ្យគណបក្សផ្សេង ដែលប្រជាពលរដ្ឋមិនបានបោះឆ្នោតគាំទ្រនោះទេ។ កុំយកឆន្ទៈប្រជាពលរដ្ឋទៅប្រៀបធៀនឹងដីសម្បទានសេដ្ឋកិច្ច សង្គមកិច្ច ពីព្រោះឆន្ទៈប្រជាពលរដ្ឋមិនមែនជាដីសម្បទានសេដ្ឋកិច្ច និងសង្គមកិច្ចនោះទេ»

បើទោះបីមិនមានគោលការណ៍ចែករំលែកអាសនៈរដ្ឋសភាទៅគណបក្សនយោបាយដទៃយ៉ាងណាក្តី តែសម្តេចតេជោ ហ៊ុន សែន ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីអាណត្តិថ្មី បានប្រកាសបើកភ្លើងខៀវឲ្យថ្នាក់ដឹកនាំគណបក្សនយោបាយចូលរួមបោះឆ្នោតអាចចូលរួមផ្តល់ទស្សនទាន និងកែលំអរលើគោលនយោបាយរបស់រាជរដ្ឋាភិបាល តាមរយៈវេទិការវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយមិនជាប់ឆ្នោតផងដែរ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានបង្ហើបដែរថា នឹងផ្តល់តួនាទីជាទីប្រឹក្សាដល់ថ្នាក់ដឹកនាំបក្សនយោបាយមិនជាប់ឆ្នោតនៅតាមក្រសួងដែលខ្លួនមានជំនាញផងដែរ ដើម្បីបានផ្តល់ឱកាសជួយដល់រាជរដ្ឋាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ គឺសម្តេចចង់កៀរគរធនធានខួរក្បាលពីគ្រប់កន្លែងទាំងអស់មកអភិវឌ្ឍន៍ជាតិ។

យោងតាមលទ្ធផលផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលចេញផ្សាយនៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះគ្រប់គ្រងអាសនៈ នៅក្នុងរដ្ឋសភាទាំង១២៥។ រដ្ឋសភាអាណត្តិថ្មីនឹងកោះប្រជុំជាលើកដំបូងក្រោម ព្រះរាជអធិបតីភាពព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ៕​