(ភ្នំពេញ)៖ ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត បានបង្ហាញពីការពេញចិត្ដយ៉ាងខ្លាំង ចំពោះការបោះឆ្នោតអាណត្ដិទី៦នេះ ដែលបានប្រព្រឹត្ដិទៅយ៉ាងជោគជ័យ​ រលូន គ្មានការបង្ខិតបង្ខំ ពីភាគីណាមា្នក់នោះឡើយ គឺដំណើរការទៅដោយសេរី ត្រឹមត្រូវ និងយុត្ដិធម៌។ នេះបើតាមការលើកឡើងរបស់ប្រជាពលរដ្ឋរស់នៅក្រុងតាខ្មៅ និងស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល បានថ្លែងយ៉ាងដូច្នេះ ដើម្បីជាការឆ្លើយតប ទៅនឹងសហគមន៍អន្ដរជាតិមួយចំនួន ជាពិសេស​សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប ដែលបានចេញក្ដីថ្លែងការណ៍ ជំទាស់មិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា និងចោទប្រកាន់ថា ការបោះឆ្នោតនៅកម្ពុជា មានការបង្ខិតបង្ខំ និងបំប៉ោងតួរលេខ នៃអ្នកមកចូលរួមបោះឆ្នោត។

លោក សយ ស៊ីម ពលរដ្ឋម្នាក់រស់នៅស្រុកខ្សាច់កណ្ដាល បានចេញមកការពារសន្លឹកឆ្នោត និងឆន្ទៈរបស់ខ្លួនថា «ខ្ញុំក៏ដូចជា ប្រជាពលរដ្ឋនៅក្នុងភូមិខ្ញុំក្ដី បានអញ្ជើញទៅបោះឆ្នោតដោយទឹកចិត្ដរីករាយ ដោយគ្មានអ្នកណាមកបង្ខិតបង្ខំនោះឡើយ គឺការបោះឆ្នោតអាណត្ដិទី៦នេះ មានសភាពស្ងប់ស្ងាត់ល្អណាស់ បើប្រៀបធៀបនឹងការបោះឆ្នោត ឆ្នំា២០១៣ គ្មានបាតុកម្មអ្វីកើតឡើងនោះទេ គឺប្រជាជនមានភាពសប្បាយរីករាយ ទាំងនៅស្រុកខ្ញុំ ក៏ដូចជា ទូទាំងប្រទេសកម្ពុជាយើងតែម្ដង ទាំងមុនថ្ងៃនិងក្រោយថ្ងៃបោះឆ្នោត។ លើសពីនោះការបោះឆ្នោតនេះ ​បានធ្វើឡើង
យ៉ាងសុក្រឹតត្រឹមត្រូវល្អណាស់ គ្មានអ្នកណា បង្ខំអ្នកណា គ្មានអ្នកណា គំរាមគំហែងអ្នកណា។ តាមពិតទៅ ការបោះឆ្នោតអាណត្ដិនេះ ទទួលបានយ៉ាងជោគជ័យ រលូន គ្មានការបង្ខិតបង្ខំអ្វីបន្ដិចបន្ដួចសោះ គឺប្រទេសកម្ពុជា បានអនុវត្ដន៍សិទ្ធិ លទ្ធិប្រជាធិបតេយ្យ បានយ៉ាងត្រឹមត្រូវល្អណាស់ ដែលគ្មានចំណុចណាដែលមិនអាចទទួលយកមិនបាននោះទេ»

ពាក់ព័ន្ធទៅនឹងការមិនទទួលស្គាល់ការពិត របស់សហគមន៍អន្ដរជាតិមួយចំនួននោះ លោក ​ខន ភារម្យ ជាប្រជាពលរដ្ឋម្នាក់ទៀត រស់នៅក្រុងតាខ្មៅ ក៏បានលើកឡើងស្រដៀងនឹងលោក សយ ស៊ីម ផងដែរថា «ខ្ញុំទៅបោះឆ្នោត គឺគ្មានការបង្ខិតបង្ខំ គឺជាឆន្ទៈរបស់ខ្ញុំ ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អមួយរូប ហើយគ្រួសារខ្ញុំទៅបោះឆ្នោតទាំងអស់គ្នា ហើយការបោះឆ្នោតអាណតិ្ដទី៦នេះ គឺមានការខុសប្លែកគ្នាច្រើនពីអាណត្ដិមុន គឺឆ្នាំ២០១៣​ ដែលមានភាពចលាចលច្រើន ដោយកាលហ្នឹងមានបក្សប្រឆាំង ហើយបក្សប្រឆាំងបានចលាចលច្រើននៅរាជធានីភ្នំពេញ គឺនៅមុខវត្ដស្ទឹងមានជ័យ, នៅផ្លូវវេងស្រេង និងនៅក្បាលថ្នល់ សម្រាប់អាណត្ដិនេះវិញ គឺទៅរលូន ឥតមានរញេរញៃនោះទេ។ សម្រាប់ប្រជាពលរដ្ឋយើងវិញ បានទៅបោះឆ្នោតច្រើនលើសលប់តែម្ដង ដោយភាពពេញចិត្ដ និងសប្បាយរីករាយ គ្មានការភ័យខ្លាចនោះឡើយ»

ការបោះឆ្នោតជ្រើសតំណាងរាស្ដ្រ នីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅថ្មីៗនេះ លោកពូ ស៊ុត ចន្ថា ដែលរស់នៅស្រុកខ្សាច់កណ្ដាលក៏ប្រាប់ឲ្យដឹងថា «ការបោះឆ្នោតអាណត្ដិនេះល្អ រលូន សេរី គ្មានបក្សពួកអីទេ គឺប្រជាពលរដ្ឋទៅចូលរួមបោះឆ្នោតទាំងអស់គ្នាតែម្ដង នៅភូមិខ្ញុំគឺដោយស្មោះ និងពេញចិត្ដ គ្មានអ្នកណាបង្ខិតបង្ខំទេ ហើយការបោះឆ្នោតនេះ គឺរលូនល្អចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង៣រសៀល។ សម្រាប់អ្នកថា មិនល្អ ចេះតែថាទៅ តែសម្រាប់ប្រជាជនកម្ពុជា គឺឃើញថា សេរីភាព នៃការបោះឆ្នោតល្អ ដោយសេរី អាចទទួលយកបាន គ្មានបាតុកម្មអី ដូចកាលបោះឆ្នោតអាណត្ដិមុនទេ ដោយជំនាន់នោះគេ (គណបក្សប្រឆាំង) អះអាងថា ខ្លួនឯងឈ្នះ តែដល់ពេលលទ្ធផលចេញមក ដឹងថា វាចាញ់ទៅ ពួកវាតវ៉ាតែចឹង ព្រោះអាពួកនឹងតែងតែតវ៉ាអញ្ចឹង ឲ្យតែចាញ់ តែសម្រាប់ប្រជាជនកម្ពុជាឥតគាំទ្រពួកវាទេ»

ទន្ទឹមនឹងនោះ អ៊ុំស្រី ហួត ណយ បានបង្ហាញពីការចូលរួមទៅបោះឆ្នោតកន្លងទៅថា «ការបោះឆ្នោតអាណត្ដិនេះ គឺស្រួលរលូនល្អណាស់ គ្មានអ្នកណាថាអី ឬបង្ខិតបង្ខំអីទេ។ អ៊ុំស្រីបន្ដថា អ៊ុចេញពីជំនាន់ប៉ុលពតមក មានតែសម្ដេចតេជោ ហ៊ុន សែន ហ្នឹងហើយ ដែលបានជួយអ៊ុំ និងប្រជាជនយើងជួយឲ្យមានសាលាក្មេងរៀន ផ្ទះខ្ពង់ខ្ពស់ថ្កុំថ្កើនសព្វថ្ងៃនេះ បានកូនធ្វើការមុខងារ រកស៊ី ហើយនិយាយពីជីវភាពពីមុន ពេលដែលយើងបានចេញពីអាពត (ប៉ុលពត) នេះ គឺពិបាកខ្លាំងណាស់ ដូច្នេះភាពល្អប្រសើដែលមាននៅពេលរនេះ គឺយើងបានមកដោយសារតែសម្ដេចតេជោ ហ៊ុន សែន បើគ្មានគាត់ ពួកយើងក៏មិនបានប៉ុណ្ណឹងដែរ»

ឆ្លើយតបទៅការបំប៉ោងព័ត៌មានក្នុងបណ្ដាសង្គមផ្សេងៗ របស់អតីតគណបក្សប្រឆាំងនៅក្រៅស្រុកវិញដែលថា ការបោះឆ្នោត ប្រជាពលរដ្ឋបានទៅបោះឆ្នោតនៅអាណត្ដិនេះ គឺមានចំនួនតិចបំផុត សុទ្ធតែជាតួរលេខខ្មោចត្រូវបាន លោក សយ ស៊ីម ដែលបានទៅចូលរួមបោះឆ្នោតផងដែរនោះ បានចេញមកច្រាលចោទទាំងស្រុងថា គឺខុសទាំងស្រុង ​សូមប្រាប់ទៅបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិកក្ដី នៅលើពិភពលោកក្ដីឲ្យដឹងថា ប្រទេសកម្ពុជា បានអនុវត្ដន៍សិទ្ធិ លទ្ធប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតនេះ បានត្រឹមត្រូវល្អណាស់។

លោក ​ខន ភារម្យ ក៏បានលើកស្របទៅមតិលោក សយ ស៊ីម ផងដែរថា «ខ្ញុំចង់ផ្ដាំទៅអ្នកក្រៅប្រទេសថា ប្រជាពលរដ្ឋខ្មែរ ទៅបោះឆ្នោតច្រើនណាស់ គឺច្រើនលើសលប់តែម្ដង ហើយក្រុមគ្រួសាររបស់ខ្ញុំ គឺទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីជ្រើសរើសតំណាងរាស្ដ្រអាណត្ដិទី៦នេះ ហើយខ្ញុំនឹងគាំទ្រគណបក្សប្រជាជនកម្ពុជា គឺគាំទ្រគ្រប់អាណត្ដិតែម្ដង»

ព្រមជាមួយគ្នានេះ អ៊ុំស្រី ណយ ក៏បានលើកឡើយទាំងអួលដើមករដែរថា «សម្ដេចលោកបបួលស្បថជ្រៅៗណាស់ជាមួយពួកវា (អ្នករស់នៅអាមេរិក) គឺចេញពីមនោសញ្ចេតនា លោកអស់ពីចិត្ដពីថ្លើម ដោយសារទង្វើរបស់សហរដ្ឋអាមេរិក វាធ្វើហួសពេក ថាស៊ីសន្លឹកឆ្នោតអីចឹង ឥតត្រឹមត្រូវទេ!!! សម្ដេចហ៊ានបបួលស្បថបែបនេះ អ៊ុខ្លោចចិត្ដ អ៊ុំអាណិតគាត់ណាស់»

សូមជម្រាបថា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ សហគមន៍អន្តរជាតិមួយចំនួន ដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា អូស្ត្រាលីជាដើម បានចេញសេចក្ដីថ្លែងការណ៍ជាបន្តបន្ទាប់ ក្នុងការជំទាស់ ក៏ដូចជា មិនទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា ដោយពួកគេបានលើកឡើងថា ការបោះឆ្នោតនេះគ្មានប្រជាធិបតេយ្យឡើយ ព្រោះគ្មានវត្តមានអតីតគណបក្សសង្គ្រោះជាតិចូលរួម ខណៈប្រជាពលរដ្ឋខ្មែររីករាយយ៉ាងក្រៃលែងក្នុងការចូលរួមបោះឆ្នោតដោយសរី ត្រឹមត្រូវ និងយុត្តិធម៌ រីឯសណ្ដាប់ធ្នាប់ ក៏មានភាពល្អប្រសើរ គ្មានអំពើហិង្សាកើតឡើងនោះឡើយ៕