(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីទទួលបានជ័យជម្នះគ្រប់គ្រងអាសនៈនៅក្នុងរដ្ឋសភាទាំងអស់នោះ មិនបានខ្វាយខ្វល់ ឬភ័យខ្លាចពីការគំរាមកំហែងរឿងកាត់ផ្ដាច់ការអនុគ្រោះពន្ធពីសំណាក់ប្រទេសមួយចំនួននោះឡើយ។

​អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា ថ្លែងក្នុង​សន្និសីទព័ត៌មាន ស្តីពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះថា ការគំរាមការផ្ដាច់ការអនុគ្រោះពន្ធនេះ គ្រាន់តែជាការឃោសនាអកុសលរ​បស់អ្នកនយោបាយមួយចំនួន​ប៉ុណ្ណោះ។

បើតាមលោក សួស យ៉ារ៉ា ប្រសិនបើមានការកាត់ផ្ដាច់ការអនុគ្រោះពន្ធ មិនមែនខាតតែប្រទេសកម្ពុជានោះទេ ពោលសហរដ្ឋអាមេរិក ឬអឺរ៉ុប ក៏ខាតដូចគ្នា ព្រោះពលរដ្ឋអាមេរិក​មិនបានទិញទំនិញពីកម្ពុជា​ដែលមានតម្លៃថោក សម្រាប់យកទៅប្រើប្រាស់នៅក្នុងប្រទេសរបស់គេ​។

អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «បញ្ហាគំរាមកំហែងដាក់ទណ្ឌកម្ម ឬបញ្ហាផ្ដាច់ពន្ធនេះ គឺជារឿងដែលជាការឃោសនារបស់អ្នកនយោបាយមួយចំនួននៅលោកខាងលិចទេ។ រឿងសាមញ្ញដែលស្រួលស្ដាប់ ពាណិជ្ជកម្ម គឺជាជញ្ជីង ជញ្ជីងពាណិជ្ជកម្មមានខាតមានចំណេញ [...] ដូច្នេះការដែលធ្វើការគំរាមកំហែង មិនមែនខាតតែកម្ពុជានោះទេ អាមេរិកខ្លួនឯងក៏ខាត អឺរ៉ុបខ្លួនឯងក៏ខាតដែរ ព្រោះប្រជាជនគាត់មិនអាចទិញឥវ៉ាន់ថោកតទៅទៀតបាន ដូច្នេះកុំភិតភ័យច្រើនពេក»

មួយវិញទៀត ការកាត់ផ្ដាច់ការអនុគ្រោះពន្ធ ក៏ដោយសារប្រទេសកម្ពុជាបានឆ្លងកាត់ចេញពីបន្ទាត់នៃភាពក្រីក្រ មកដំណាក់កាលប្រទេសមានចំណូល មធ្យមកម្រិតទាប ដូច្នេះហើយទោះចង់ ឬមិនចង់ ការអនុគ្រោះពន្ធសម្រាប់កម្ពុជា ក៏លែងមានទៀតនោះទេ។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក សួស យ៉ារ៉ា។

លោក សួស យ៉ារ៉ា បានបញ្ជាក់ថា ​«ប្រទេសកម្ពុជា បានឆ្លងកាត់ពីបន្ទាត់នៃភាពក្រីក្រ ដូច្នេះចូលដល់ដំណាក់កាលប្រទេសមានចំណូលកម្រិតមធ្យម កម្រិតទាប ចឹងបានន័យថា កម្ពុជាត្រូវឆ្លងកាត់ដំណាក់កាលមួយ ដែលត្រូវអនុគ្រោះពន្ធហើយ ចឹងនេះ គឺជាការជឿនលឿនរបស់កម្ពុជា ដូច្នេះគេប្រើពាក្យអនុគ្រោះពន្ធនេះ គ្រាន់តែជាចលនាមួយដើម្បីឃោសនាអកុសលប៉ុណ្ណោះ»។​​

សូមជម្រាបថា យោងតាមលទ្ធផលផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលចេញផ្សាយនៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជម្នះគ្រប់គ្រងអាសនៈ នៅក្នុងរដ្ឋសភាទាំង១២៥។ រដ្ឋសភាអាណត្តិថ្មីនឹងកោះប្រជុំជាលើកដំបូងក្រោម ព្រះរាជអធិបតីភាពព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ហើយក្បាលម៉ាស៊ីនរដ្ឋសភា និងរាជរដ្ឋាភិបាលនឹងបង្កើតឡើងនៅថ្ងៃទី០៦ ខែកញ្ញា៕