(ភ្នំពេញ)៖ ក្រុមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា បើទោះរដ្ឋសភាអាណត្តិទី៦នេះ មានតែតំណាងរាស្ត្រមកពីគណបក្សប្រជាជនយ៉ាងណាក្តី តែនឹងមិនមានការយោគយល់ចំពោះរដ្ឋមន្ត្រីមានភាពអសកម្មក្នុងការងារនោះឡើយ ហើយនឹងកោះហៅមកសួរនាំក្នុងរដ្ឋសភាពេលមានភាពអសកម្មខ្លាំងក្នុងការងារ ក៏ដូចជាការងារស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន។

ក្នុងអាណត្តិចាស់រដ្ឋសភាដែលមានតំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្គ្រោះជាតិដែរនោះ គេសង្កេតឃើញថា មានរដ្ឋមន្ត្រីជាច្រើនរូបត្រូវបានគណៈកម្មការនៃរដ្ឋសភា បានគាស់ហៅទៅសួរនាំជាញឹកញាប់លើការងារអសកម្មក្នុងការបម្រើជាតិ និងប្រជាជន។

ក្នុងសន្និសីទព័ត៌មានស្តីពីលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានអះអាងថា តំណាងរាស្ត្រមកពីគណបក្សប្រជាជនកម្ពុជានៅតែបន្តបំពេញកាតព្វកិច្ចពិនិត្យមើលសកម្មភាពរបស់រាជរដ្ឋាភិបាល ហើយនឹងកោះហៅរដ្ឋមន្ត្រីមកសួរនាំទៅការងារដែលមានភាពអសកម្ម។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះ «ទោះបីគណបក្សនៅក្នុងសភាមានគណបក្សប្រជាជនតែមួយក៏ដោយ ក៏រដ្ឋធម្មនុញ្ញ និងបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភាហ្នឹងមិនមានការធ្វើវិសោធនកម្មកែនោះទេ។ អ៊ីចឹងនៅក្នុងបទបញ្ញត្តិទាំងឡាយដែលមានចែងក្នុងមាត្រានៅរដ្ឋធម្មនុញ្ញរបស់យើង គឺបើកផ្លូវតួនាទីភារកិច្ចរបស់អង្គនីតិបញ្ញត្តិរបស់យើងមានសិទ្ធិអញ្ជើញរដ្ឋមន្ត្រី បានន័យថាសមាជិករាជរដ្ឋាភិបាលមកសួរ។ អាហ្នឹងជារឿងធម្មតាទេ តួនាទីភារកិច្ចមានហើយ គណបក្សប្រជាជនកាន់តែមានការលើកទឹកចិត្ត ដើម្បីអនុវត្តន៍ឲ្យបានត្រឹមត្រូវទៅតាមខ្លឹមសារដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ក៏ដូចជាបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា។ អាហ្នឹងយើងត្រូវធ្វើទៅតាមកម្មវិធីជាប្រក្រតីរបស់យើងដែលមានចែង»

លោក សុខ ឥសាន បន្ថែមថា «សូមកុំមានការព្រួយបារម្ភ ទោះបីបក្សតែមួយក៏ដោយក៏យើងនឹងបំពេញតួនាតីនេះឲ្យបានប្រកបដោយប្រសិទ្ធភាព ហើយសម្តេចតេជោ ហ៊ុន សែន ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីគណបក្សប្រជាជនកម្ពុជាលោកបានលើកហើយ គឹកាន់តែបង្កើនការយកការទទួលខុសត្រូវទ្វេដងថែមទៀត ដើម្បីធ្វើយ៉ាងណាបង្កើនប្រសិទ្ធភាបការងាររបស់បណ្តាស្ថាប័នរួមមាន ស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ គឺរាជរដ្ឋាភិបាលហ្នឹង ហើយនឹងតុលាការ»

លោក ឈឹម ផលវរុណ បានថ្លែងបញ្ជាក់ដែរថា «តំណាងរាស្ត្រមកពីគណបក្សកាន់អំណាច ក៏គាត់ឈរលើគោលនយោបាយគណបក្សដែរ ហើយក៏គាត់ឈរលើគោលនយោបាយនៃប្រសិទ្ធភាពនៃការអនុវត្តន៍កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។ ដូច្នេះគាត់ក៏មានសតិសម្បជញ្ញៈបំពេញកាតព្វកិច្ចកោះអញ្ជើញរដ្ឋមន្រ្តី បើសិនមានបញ្ហាអសកម្មច្រើន ដើម្បីបំភ្លឺទៅលើបរិបថហ្នឹង ពីព្រោះមិនមែនបុគ្គលដែលមិនធ្វើខុសទេ បើមិនមានការដាស់តឿន និងបំភ្លឺជាសាធារណៈនៅក្នុងវេទិកាសភា»។

យោងតាមលទ្ធផលផ្លូវការរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលចេញផ្សាយនៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨ គណបក្សប្រជាជនកម្ពុជាបានទទួលជ័យជម្នះគ្រប់គ្រងអាសនៈនៅក្នុងរដ្ឋសភាទាំង១២៥។ រដ្ឋសភាអាណត្តិថ្មីនឹងកោះប្រជុំជាលើកដំបូងក្រោម ព្រះរាជអធិបតីភាពព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨នេះ៕