(ភ្នំពេញ-ប៉េកាំង)៖ លទ្ធផលផ្លូវការ​នៃការបោះឆ្នោត​ជាតិ​ជ្រើសតាំងតំណាងរាស្ត្រ​នីតិកាលទី៦ បានបង្ហាញទាំងស្រុង​នៅយប់ថ្ងៃទី១៥ ខែសីហា ដោយបាន​បង្ហាញថា គណបក្សប្រជាជន​កម្ពុជា​បាន​ឈ្នះ​ការបោះឆ្នោត។ ភ្លាមៗលោក ស៊ី ជីនភីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងលោក លី ខឹឈាង នាយករដ្ឋមន្ត្រីចិន បានផ្ញើលិខិតអបអរសាទរចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដោយឡែកពីគ្នា។

នៅយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៨នេះ អគ្គស្ថានីយ៍វិទ្យុ​-ទូរទស្សន៍ មជ្ឈិមចិន ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង បានអនុញ្ញាតឲ្យអង្គភាពព័ត៌មាន Fresh News ផ្សព្វផ្សាយជាមួយខ្លឹមសារបកប្រែផ្លូវការយ៉ាងដូច្នេះថា៖

លោក ស៊ី ជីនភីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានថ្លែងក្នុងលិខិតអបអរសាទរថា លោកមានភាពសប្បាយ រីករាយដោយបានទទួលដំណឹងថា គណបក្សប្រជាជនកម្ពុជា បានឈ្នះក្នុងការបោះឆ្នោតរដ្ឋសភាអាណត្តិទី៦ របស់ប្រទេសកម្ពុជាដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។ តាងនាមឲ្យគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងខ្លួន លោកសូមសំដែងការអបអរសាទរយ៉ាងកក់ក្តៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា!

ប្រទេសចិនមានសេចក្តីរីករាយដោយឃើញថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រទេសកម្ពុជាទទួលបាននូវស្ថិរភាពនយោបាយ ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សការបង្កើនឋានៈក្នុងឆាកអន្ដរជាតិជាបន្តបន្ទាប់ និងការសម្រេចបាននូវសមិទ្ធផលប្រកប ដោយផ្លែផ្កាជាច្រើនក្នុងគ្រប់វិស័យភាគីចិនសូមវាយតម្លៃខ្ពស់។

ភាគីចិន ជឿជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងបន្តបង្រួបបង្រួម និងដឹកនាំប្រជាជនកម្ពុជាឲ្យដើរតាមផ្លូវអភិវឌ្ឍន៍ដែលសមស្រប នឹងសភាពការណ៍របស់ប្រទេសខ្លួន ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កែលលម្អជីវភាពរស់នៅរបស់ប្រជាជនឥតឈប់ឈរ ហើយបង្កើនសាមគ្គីភាពជាតិដើម្បីរួមចំណែកថ្មីកាន់តែធំធេងចំពោះភាពរុងរឿងថ្កុំថ្កើង របស់ប្រទេស និងសុភមង្គលរបស់ប្រជាជនកម្ពុជា ព្រមទាំងស្ថិរភាព និងការអភិវឌ្ឍន៍នៃតំបន់ផងដែរ។

គណបក្សកុម្មុយនិស្តចិន យកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនង សហប្រតិបត្តិការមេត្រីភាពជាមួយ នឹងគណបក្សប្រជាជនកម្ពុជា រីករាយពង្រឹងការដឹកនាំនយោបាយទៅលើ ទំនាក់ទំនងប្រទេសទាំងពីរតាមរយៈការទាក់ទងគ្នារវាងបក្សទាំងពីរ បង្កើនឲ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រងបក្ស និងគ្រប់គ្រងជាតិ ដើម្បីជំរុញឲ្យទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជាវិវឌ្ឍទៅមុខឥតឈប់ឈរ និងរួមគ្នាជំរុញដល់ការបង្កើតសហគមន៍រួមវាសនាមនុស្សជាតិ ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរ និងប្រជាជនប្រទេសទាំងពីរ ក៏ដូចជាជំរុញភាពរុងរឿង និងការរីកចម្រើននៃតំបន់និងពិភពលោក។

ជូនពរសម្តេចមានសុខភាពល្អបរិបូរណ៍ ការងារទទួលបានជោគជ័យ! ជូនពរចំណងមិត្តភាពរវាងចិន និងកម្ពុជាស្ថិតស្ថិរយូរអង្វែងជាអមតៈ! ក្នុងលិខិតអបអរសាទរររបស់លោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានសរសេរយ៉ាងដូច្នេះថា៖

«ក្នុងការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រអាណត្តិទី ៦ ដែលបានប្រារព្ធឡើងកាលពីពេលថ្មីៗនេះ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានជោគជ័យម្តងទៀត ខ្ញុំសូមសំដែងការអបអរសាទរយ៉ាងកក់ក្តៅ។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខិតខំប្រឹងប្រែងជានិច្ចដោយមិនខ្លាចនឿយហត់ ដើម្បីទទួលបានសមិទ្ធផលថ្មីគួរឲ្យសប្បាយរីករាយក្នុងការកសាងប្រទេស។ ទំនាក់ទំនងរវាងចិន និងកម្ពុជាបន្តរីកចម្រើនយ៉ាងឆាប់រហ័ស បាននាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនប្រទេសទាំងពីរ។

ប្រទេសចិននិងកម្ពុជាជាប្រទេសជិតខាងដ៏ល្អ និងជាដៃគូល្អ។ ភាគីចិននឹងគាំទ្រប្រទេសកម្ពុជាដើរតាមផ្លូវអភិវឌ្ឍដែលសមស្របតាមសភាពការណ៍ជាតិរបស់ខ្លួនជាប់ជានិច្ច គាំទ្រប្រទេសកម្ពុជាក្នុងការគាំពារស្ថិរភាព ពន្លឿនការអភិវឌ្ឍនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ។

យើងរីករាយរួមជាមួយភាគីកម្ពុជា ឆ្លៀតឱកាសនៃខួប៦០ឆ្នាំការបង្កើតទំនាក់ទំនងផ្លូវទូតរវាងចិននិងកម្ពុជា ដើម្បីជំរុញឲ្យទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរឈានដល់កម្រិតថ្មី រួមគ្នាកសាងសហគមន៍រួមវាសនាតែមួយដ៏មានអត្ថន័យយុទ្ធសាស្ត្រ។ ជូនពរសម្តេចមានសុខភាពល្អ បំពេញការងារដោយរលូន ។ 

ជូនពរព្រះរាជាណាចក្រកម្ពុជាមានភាពរុងរឿងថ្កុំថ្កើង ប្រជាជនមានសិរីមង្គល»៕