(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីប្រព័ន្ធជំនឿខ្មែរអំពីការ «ស្បថ» គឺខ្មែរយើងមានជំនឿខ្លំាងណាស់ តំាងពីសម័យបុរាណ រហូតដល់បច្ចុប្បន្ន។ ជាក់ស្ដែងសព្វថ្ងៃយើងឃើញនៅតាមតំបន់ផ្សេងៗ បើនរណាម្នាក់ជួបបញ្ហាវិវាទ ឬក៏សង្ស័យលើគ្នាអ្វីមួយ ដោយរកមូលហេតុពុំឃើញ ឬពុំច្បាស់លាស់គឺគេតែងបបួលគ្នាទៅស្បថនៅកន្លែងសក្ដិសិទ្ធិណាមួយជាក់ជាពុំខាន។ ហើយស្ថិតក្នុងន័យនេះដែរ ចំពោះមតិមួយចំនួនដែលតែងលើកទ្បើងថា «ការស្បថបង្ហាញអំពីមនុស្សទាល់ច្រក» នោះស្ថិតត្រង់ចំណុចនេះ លោក រត្ន័ សណ្ដាប់ ក៏បានថ្លែងទាត់ចោលយ៉ាងដូច្នោះថា «ចំពោះអ្នកដែលមានទស្សនៈយ៉ាងដូច្នេះ គឺជាការបង្ហាញអំពីការលាក់ទុកនូវអាថ៌កំបំាង ឬទុច្ចរិតអំពីផ្នែកសីលធម៌របស់ខ្លួន» ទៅវិញទេ។

បានសេចក្ដីថា បើយើងនិយាយពីមនុស្សរត់ទៅរកការស្បថនេះ គឺប្រៀបដូចជាមនុស្សរត់ទៅរកតុលារកុងស្យង់ ឬតុលាការសម្បជញ្ជៈ ឬតុលាការសីលធម៌ ដើម្បីបង្ហាញអំពីភាពស្អាតស្អំ ឬភាពសុចរិតត្រឹមត្រូវរបស់ខ្លួន ដែលមានគុណតម្លៃខ្ពស់ជាងតុលាការមនុស្សលោកទៅទៀត។

លោក រត្ន័ សណ្ដាប់ បានបន្ដថា បើដូចនេះចំពោះការស្បថ ពិសេសអំពី «ទឹកសម្បថ» ដែលយើងតែងឃើញគេមកយកធ្វើជាសាក្សីក្នុងកិច្ចពិធីនេះ គឺជាទឹកសក្ដិសិទ្ធិ ជាទឹកទេពពីឋានសួគ៌ ជាទឹកគ្មានមេរោគអ្វីទំាងអស់។ បើដូច្នេះចំពោះអ្នកជាប់កាតព្វកិច្ចស្បថផឹកទឹកសម្បថនេះគឺត្រូវផឹកឲ្យអស់។ បានន័យថា គឺមិនត្រូវផឹកគ្រាន់តែជាឧបកិច្ច ឬផឹកមិនអស់នោះទេ។ ពីព្រោះថា ចំពោះអ្នកដែលផឹកទឹកសម្បថបែបនេះ ជាការបង្ហាញឲ្យឃើញអំពីភាពមិនស្មោះត្រង់របស់ខ្លួនយ៉ាងពិតប្រាកដ។ ហើយបើនិយាយពី សម័យបុរាណវិញ ចំពោះអ្នកដែលផឹកទឹកសម្បថបែបនេះ គឺត្រូវមានទោសយ៉ាងធ្ងន់ធ្ងរបំផុតផងដែរ។

ទាក់ទាក់នឹងពាក្យពេចន៍វិញ លោក រត្ន័ សណ្ដាប់ ក៏បានបញ្ជាក់ផងដែរថា បើនិយាយអំពីខ្លឹមសារពាក្យ «សច្ចាប្រណិធាន ឬសម្បថ» នៅក្នុងរដ្ឋធម្មនុញ្ញវិញ បើអាចគឺយើងគួរដាក់ ឬសូត្រថា «សូមស្បថជំនួសឲ្យពាក្យប្ដេជា្ញចិត្ដ» វិញទើបជាការប្រពៃ។ បើដូចនេះ បើនិយាយអំពីការស្បថនេះ យើងឃើញមានតំាងពីសម័យបុរាណមកម៉្លេះ ពិសេសសម័យចក្រភពអង្គរក្នុងរាជព្រះបាទសូរ្យវរ្ម័នទី១ ដោយក្នុងពាក្យ «សម្បថ» មានចែងជាសេចក្ដីថា «យើងទំាងអស់គ្នាដែលជាក្រុមតម្រួច នៅចំពោះមុខព្រះភ្លើង ព្រះរត្ន និងព្រាហ្មណាចារ្យ សូមស្បថកាត់ដៃថ្វាយអាយុះ សម្ដែងកត្ដញ្ញូ ភត្ដីភាពបរិសុទ្ធដល់ព្រះបាទស្រីសូរ្យវរ្ម័នទី១»។

សូមជំរាបថា ពាក់ព័ន្ធនឹងស្បថនេះ កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន បានបបួលទណ្ឌិត សម រង្ស៊ី ស្បថដាក់ជីវិតឲ្យស្លាប់តៃហោង គ្រប់រូបភាពទាំងអស់ ព្រមទាំងងាប់ទាំងប្រពន្ធ ទាំងកូន ទាំងចៅ និងចៅទួត និងមនុស្សជំនិតយ៉ាងតិច១០០នាក់ ចំពោះការចោទប្រកាន់ថា ការបោះឆ្នោតមានការបន្លំ និងបំប៉ោងតួលេខ ប៉ុន្តែនៅទីបំផុត​ទណ្ឌិត សម រង្ស៊ី នៅតែមិនក្លាហាន ចេញមុខមកស្បថដាក់ជីវិតងាប់ទាំងពូជជាមួយសម្តេចតេជោ ហ៊ុន សែន ប្រហែលទង្វើនេះ សម រង្ស៊ី ខ្លាចងាប់ទាំងប្រពន្ធ ទាំងកូន ទាំងចៅ និងចៅទួត ជាពិសេសខ្លាចងាប់ដូចខ្មោចឪពុកចោលឆ្អឹងនៅបរទេស។

កាលពីឆ្នាំ២០១៣កន្លងទៅ គេនៅចាំបានថាក្រុមអ្នកប្រឆាំងទាំងអស់នេះ ធ្លាប់បានបដិសេធនូវលទ្ធផលនៃការបោះឆ្នោត ហើយនាំគ្នាទៅស្បថចំពោះវត្ថុស័ក្ដិសិទ្ធិ នៅអតីតរាជធានីអង្គរផងដែរ តែមិនបានប៉ុន្មានខែផងនោះ ពួកគេក៏បានស្រុះស្រួលគ្នាដើរចូលវិមានរដ្ឋសភា ទទួលស្គាល់លទ្ធផលបោះឆ្នោត ដោយមិនបានទៅលាបំណន់ ចំពោះវត្ថុស័ក្ដិសិទ្ធិនៅ​ឯប្រាសាទអង្គរនោះឡើយ​ ទីបំផុតពួកគេបានចាញ់ពាក្យសម្បថ បាត់បង់អស់តំណែង និងរលាយបក្សជាប់គុក រត់ចោលស្រុក ខ្ចាត់ខ្ចាយគ្មានសល់។

សម្បថឆ្នាំ២០១៣ ជាមេរៀនដែលនាំឲ្យខ្លាចរអាសម្រាប់ទណ្ឌិត សម រង្ស៊ី ដែលមិនហ៊ានចេញមកស្បថទៀតនោះឡើយ ហើយទីបំផុតនេះ សម រង្ស៊ី នៅតែជាមនុស្សកំសាកញី ខ្លាចងាប់ដូចខ្មោចឪពុករបស់ខ្លួននៅក្រៅប្រទេស៕