(ភ្នំពេញ)៖​ ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា​ (FFC) លោក សៅ សុខា បានស្នើសុំគ្រួសារបាល់ទាត់កម្ពុជាទាំងអស់អោយខិតខំជួយខ្លួនឯង​ ស្របពេលមានលោក​ Keisuke HONDA កីឡាករបាល់ទាត់ជោគជ័យមួយរូបទាំងក្នុងជម្រើសជាតិជប៉ុន​ និងក្នុងក្លឹបអាជីពលំដាប់ពិភពលោកមកគ្រប់គ្រង​ និងធ្វើជាគ្រូបង្វឹកក្នុងកិច្ចសន្យារយ:ពេល​ ២ឆ្នាំ​ ដោយមិនយកប្រាក់ខែ។

លោក​ សៅ​ សុខា​ បានថ្លែងក្នុងពិធីតែងតាំងនាព្រឹកថ្ងៃអាទិត្យ​ ទី១២​ ខែសីហានេះថា​ «HONDA ស្ម័គ្រចិត្តមកជួយអភិវឌ្ឍន៍ ពិសេសក្រុមជម្រើសជាតិកម្ពុជា ដោយលោកបានចែកពេលវេលាដ៏តិចតួចក្នុងពេលតែមួយ មកជួយសហព័ន្ធ និងក្រុមជម្រើសជាតិកម្ពុជា ហើយកម្ពុជាខ្លួនឯង ត្រូវដឹងច្បាស់ខ្លួនឯងថា លោក Honda រវល់ច្រើន តែលោកនៅតែឆ្លៀតមកជួយកម្ពុជា ចឹងកម្ពុជាខ្លួនឯង ត្រូវតែជួយខ្លួនឯង ទាំងកីឡាករ និងអ្នកគាំទ្រឲ្យដឹងខ្លួនយើង ។ នេះគឺជាចំណុចទី១ ហើយទី២ ពាក់ព័ន្ធនឹងលោក Honda គាត់ស្ម័គ្រចិត្ត ដោយមិនទទួលយកប្រាក់ខែ ប៉ុន្ដែសហព័ន្ធគោរពនិយាមរបស់សហព័ន្ធអន្ដរជាតិ គឺយើងរ៉ាប់រងការធ្វើដំណើរ ការស្នាក់នៅ ហូបចុក និងការធ្វើការក្នុងស្រុក»

ទន្ទឹមគ្នានោះ​ បុរសវ័យ៣២ឆ្នាំ​ កម្ពស់១.៨១ម៉ែត្រ​ Honda ក៏បានអោយដឹងដែរថា​ «គោលដៅមកជួយកម្ពុជា ទី១ និយាយពីការរួមចំណែកធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍន៍ និងរីកចម្រើន ។ ទី២ គឺការផ្សព្វផ្សាយពីភាពរីកចម្រើន និងចំណុចវិជ្ជមានរបស់កម្ពុជាទៅកាន់ពិភពលោក»។

សូមបញ្ជាក់ផងដែរថា​ Honda ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមបាល់ទាត់រហស្សនាម​ គោព្រៃកម្ពុជា​ ជំនួសកៅអីគ្រូបង្វឹកប្រេស៊ីល​ លោក​ Leonardo Vitorino ដែលត្រូវបានសហព័ន្ធបញ្ចប់កិច្ចសន្យាមុនកាលកំណត់កាលពីខែតុលាចុងឆ្នាំ២០១៧​ និងតែងតាំងលោក​ ប្រាក់​ សុវណ្ណារ៉ា​ ដឹកនាំបណ្តោះអាសន្នផងដែរ៕