(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការកណ្ដាលរៀបចំការបោះឆ្នោត នៃសហព័ន្ធរុស្ស៊ី លោកស្រី ប៉ាម ហ្វីលូវា បានសម្ដែងការអបអរសាទរដ៏ស្ម័គ្រស្មោះ ចំពោះការបញ្ចប់ប្រកបដោយជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។

ការចូលរួមអបអរសាទរ ពីសំណាក់ប្រធានគណៈកម្មាធិការកណ្ដាលរៀបចំការបោះឆ្នោតនៃសហព័ន្ធរុស្ស៊ី បានធ្វើឡើងក្នុងលិខិតមួយច្បាប់ផ្ញើជូន លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត របស់ប្រទេសកម្ពុជា តាមរយៈក្រុមសង្កេតការណ៍របស់រុស្ស៊ី ដែលបានចូលរួមសង្កេតការណ៍ផងដែរនោះ និងដែលអង្គភាពព័ត៌មាន Fresh News ទទូលបាននៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៨នេះ។

នៅក្នុងលិខិតរបស់ខ្លួន លោកស្រី ប៉ាម ហ្វីលូវា បានថ្លែងយ៉ាងដូច្នេះថា «នាងខ្ញុំសូមសម្ដែងការអរគុណ ចំពោះការផ្ដល់ឱកាសដល់គណៈប្រតិភូ នៃគណៈកម្មាធិការកណ្ដាលរៀបចំការបោះឆ្នោត នៃសហព័ន្ធរុស្ស៊ី ដើម្បីចូលរួមក្នុងកម្មវិធី អ្នកសង្កេតការណ៍អន្ដរជាតិ ក្នុងកំឡុងពេលបោះឆ្នោតកន្លងទៅនេះ។ សមាជិកនៃគណៈប្រតិភូ បានកត់សម្គាល់យ៉ាងពិសេសនូវការរៀបចំកម្មវិធី ដោយមន្ដ្រីនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកម្ពុជា ដែលប្រកបទៅដោយប្រសិទ្ធ និងវិជ្ជាជីវៈ ក្នុងបរិយាសមួយទូលំទូលាយ និងសុឆន្ទៈចំពោះអ្នកសង្កេតការណ៍អន្ដរជាតិ»។

លោកស្រី ប៉ាម ហ្វីលូវា បានលើកឡើងទៀតថា ដំណើរការបោះឆ្នោតនេះ បានអនុញ្ញាតឲ្យការសង្កេតការណ៍ប្រព្រឹត្តិទៅប្រកបដោយអព្យាក្រឹត និងមិនលំអៀង ទៅលើការបោះឆ្នោតមួយ ដែលគ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង ដែលអាចបង្កឲ្យមានការសង្ស័យចំពោះធម្មានុរូបភាពនៃការបោះឆ្នោត។ ការបោះឆ្នោតនេះ ត្រូវបានវាយតម្លៃថា បើកទូលាយសេរី និងមានតម្លាភាព។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨នេះ មានក្រុមអ្នកសង្កេតការណ៍អន្តរជាតិជាង៥០០នាក់ មកពីជាង៧០ស្ថាប័ន ជុំវិញពិភពលោក រួមមាន៖ សហគមន៍អឺរ៉ុប អាមេរិក អាស៊ី អាស៊ាន អូស្រ្តាលី និងតំបន់មួយចំនួនទៀត ខណៈឆ្នាំ២០១៣ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៥ ​មានអ្នកសង្កេតការណ៍អន្តរជាតិត្រឹម២៤៣នាក់ប៉ុណ្ណោះ៕