(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅកម្ពុជា លោក Michael Tan បានថ្លែងបង្ហាញជំហរគាំទ្រចំពោះការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នៅក្នុងប្រទេសកម្ពុជា ហើយសន្យាពង្រឹង និងពង្រីកចំណងមិត្តភាពឱ្យកាន់តែប្រសើរឡើងថែមទៀត រវាងប្រទេសទាំងពីរ នៅក្នុងរាជរដ្ឋាភិបាលអាណត្តិទី០៦នេះ។ នេះបើតាមមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាមួយរូប បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ។

ការបង្ហាញអំពីជំហរនេះបានធ្វើឡើងតាមរយៈ លោក Michael Tan អគ្គរដ្ឋទូតប្រទេសសិង្ហបុរី ប្រចាំនៅកម្ពុជា នៅក្នុងឱកាសខួបលើកទី៥៣ឆ្នាំ នៃបុណ្យឯករាជ្យជាតិ របស់ប្រទេសសិង្ហបុរី នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ដោយមានមន្រ្តីរាជរដ្ឋាភិបាល មន្រ្តីការទូតសំខាន់តាមបណ្តាទូតនានាចូលរួម និងស្របពេលដែលរដ្ឋាភិបាល នៃប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ បានបង្ហាញជំហរដូចគ្នានេះ គាំទ្រដល់ការបោះឆ្នោតនៅកម្ពុជា ហើយអបអរសាទរដល់សម្តេចតេជោ ហ៊ុន សែន ដែលនឹងទទួលជ័យជំនៈ ដោយសារតែទទួលបានសំឡេងច្រើនលើលលប់ នៅក្នុងការបោះឆ្នោត។

មន្រ្តីជាន់ខ្ពស់កម្ពុជា ដែលបានចូលរួមពិធីជប់លៀងជាមួយអគ្គរដ្ឋទូតសិង្ហបុរី បានថ្លែងឱ្យដឹងថា តាមរយៈអគ្គរដ្ឋទូតសិង្ហបុរី បានកោតសរសើរចំពោះការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅក្នុងប្រទេសកម្ពុជា ដែលមានចំនួនអ្នកបោះឆ្នោតរហូតដល៨២.៨៩ភាគរយ នៃប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីសរុបជាង៨លាននាក់។

សូមជំរាបថា កម្ពុជាបានរៀបចំការបោះឆ្នោតដោយជោគជ័យជាស្ថាពរ កាលពីថ្ងៃអាទិត្យ ចុងខែកក្កដា។ ការបោះឆ្នោតនេះ មានការចូលរួមដោយអ្នកសង្កេតការណ៍ជាតិ អន្តរជាតិច្រើនជាងមុន ហើយត្រូវកោតសរសើរថា ធ្វើឡើងដោយរលូន គ្មានអំពើហិង្សា សេរី ត្រឹមត្រូវ និងយុត្តិធម៌។ តាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជា ចេញទៅបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ មានចំនួនប្រមាណ ៦,៩៤៦,១៦៤នាក់ ស្មើនឹងប្រមាណ ៨២.៨៩ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧នាក់។ ក្នុងនោះសំឡេងបានការមានចំនួន ៦,៣៤៩,៣៨៩នាក់ ហើយមិនបានការចំនួន ៥៩៦,៧៧៥នាក់។

សំឡេងឆ្នោតនេះ គណបក្សប្រជាជនកម្ពុជាទទួលបានច្រើនជាងគេ គឺមានចំនួនរហូតដល់ទៅ ៤,៨៧៥,១៨៩នាក់ ស្មើនឹង ៧៦.៧៨ភាគរយ។ តាមរយៈសំឡេងឆ្នោតនេះ បើគេគណនារកចំនួនអាសនៈតាមរូបមន្ត ក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺគណបក្សប្រជាជនអាចគ្រប់គ្រងអាសនៈនៅក្នុងរដ្ឋសភាទាំង ១២៥តែម្តង៕