(ភ្នំពេញ)៖ ពីលើវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅក្នុងខេត្តកំពង់ស្ពឺជិត២ម៉ឺននាក់នាព្រឹកថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា អាណត្តិថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងដឹកនាំដោយគណបក្សប្រជាជនកម្ពុជានោះ គឺជាអាណត្តិដែលត្រូវខិតខំធ្វើកំណែទម្រង់សព្វបែបយ៉ាង ដើម្បីធ្វើឲ្យជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ និងមានសេចក្តីសុខ។

ជាសារតាស់តឿននៅក្រោយពេលបោះឆ្នោតទៅកាន់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក៏ដូចជាមន្រ្តីរាជការផងដែរ សម្តេចតេជោ បានលើកឡើងថា ប្រជាពលរដ្ឋបានផ្តល់ការទុកចិត្ត និងពេញចិត្តចំពោះគណបក្សប្រជាជនកម្ពុជាតាមរយៈការបោះឆ្នោតគាំទ្រយ៉ាងច្រើនសន្ធឹកសន្ធាប់ ដូច្នេះគណបក្សប្រជាជនកម្ពុជា ក៏ដូចជាមន្រ្តីរាជការត្រូវឆ្លើយតបវិញតាមរយៈការធ្វើសកម្មភាពបម្រើឲ្យបានល្អប្រសើរបំផុត។

នៅចំពោះមុខមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា និងកម្មករ កម្មការិនី ដែលភាគច្រើនបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានោះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «យើងទាំងអស់គ្នាត្រូវបន្តការខិតខំ។ ឥឡូវនេះបន្ទុកគណបក្សប្រជាជនកម្ពុជា គឺកាន់តែខ្លាំង កាន់តែច្រើន ព្រោះប្រជាពលរដ្ឋបានផ្តល់នូវជំនឿទុកចិត្តចំពោះគណបក្សប្រជាជនកម្ពុជារួចស្រេចទៅហើយ។ ដូច្នេះរឿងដែលនៅសេសសល់គឺការខិតខំសម្រាប់ការដោះស្រាយរបស់យើង ការបន្តរបស់យើងនៅក្នុងដំណើរការអភិវឌ្ឍ»

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា «មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធត្រូវធ្វើឲ្យបានល្អបំផុតសម្រាប់បម្រើប្រជាពលរដ្ឋ។ អាណត្តិថ្មីនេះ ជាអាណត្តិនៃការខិតខំធ្វើកំណែទម្រង់ទាំងអស់ ដើម្បីធ្វើឲ្យជីវភាពប្រជាជនយើងកាន់តែប្រសើរ ដើម្បីសេចក្តីសុខរបស់ប្រជាជនរបស់យើង»

សូមបញ្ជាក់ថា តាមការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលអាណត្តិថ្មី អាណត្តិទី០៦ នឹងបង្កើតជាផ្លូវការនៅថ្ងៃទី០៦ ខែកញ្ញា ហើយការបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តីជាលើកដំបូងនឹងធ្វើឡើងនៅថ្ងៃទី០៧ ខែកញ្ញា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ហើយថា គោលនយោបាយក្នុងការដឹកនាំរាជរដ្ឋាភិបាលអាណត្តិក៏ត្រូវបានរៀបចំរួចរាល់ហើយផងដែរ គឺសម្តេចតេជោ បានបន្តដាក់ចេញគោលនយោបាយចតុកោណដំណាក់កាលទី៤ ដោយមានការសម្រួចមុខព្រួចការអភិវឌ្ឍមួយចំនួន។

គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយមួយដែលបានដឹកនាំប្រទេសកម្ពុជាចាប់តាំងពីក្រោយថ្ងៃផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យរបស់បនប្រល័យពូជសាសន៍ ៧ មករា ១៩៧៩មកម្ល៉េះ។ បើទោះបីឆ្នាំ១៩៩៣ កម្ពុជារៀបចំឲ្យការបោះឆ្នោតជាថ្មីយ៉ាងណាក្តី គណបក្សប្រជាជនកម្ពុជានៅតែបន្តទទួលបានការគាំទ្រពីប្រជាពលរដ្ឋដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដដែល។

ក្នុងរយៈពេលប្រមាណជិត ៤០ឆ្នាំក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គេកត់សម្គាល់ថាមានការបម្រែបម្រួលច្រើននៅក្នុងសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការដាក់ចេញគោលនយោបាយប្រកបដោយភាពប្រាកដនិយម។ ក្នុងនោះកម្ពុជាបានវិវឌ្ឍន៍ចេញពីស្ថានភាពដ៏លំបាកវេទនា ពីប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាបជាមួយការរក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ប្រមាណ ៧ភាគរយរយៈពេលប្រមាណ ២០ឆ្នាំចុងក្រោយ។ កម្ពុជា ដែលប្រជាពលរដ្ឋទូទាំងប្រទេសស្ថិតក្នុងបន្ទាត់ក្រីក្រីក្រោយថ្ងៃរំដោះនោះ បានកាត់បន្ថយភាពក្រីក្រនេះជាបន្តបន្ទាប់ ដែលពេលបច្ចុប្បន្នមានត្រឹមប្រមាណ ៩ភាគរយប៉ុណ្ណោះ។

បើទោះបីជាយ៉ាងណាគេក៏នៅមើលឃើញចំណុចខ្វះខាតមួយចំនួនផងដែរក្រោមការដឹកនាំរយៈពេល ៤០ឆ្នាំនេះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានទទួលស្គាល់ចំពោះចំណុចខ្វះខាតនេះ ហើយបានប្តេជ្ញាប្រឹងប្រែងកែលំអរចំណុចខ្វះខាតនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕