(ភ្នំពេញ)៖ លោក ជា ពិសី ក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌឬស្សីកែវ បានគូសបញ្ជាក់ថា ក្នុងនាមមន្ត្រី មិនជាចៅហ្វាយនាយ របស់ប្រជាពលរដ្ឋនោះទ ផ្ទុយទៅវិញ មន្ត្រីគឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់ដែលជាអនុសាសន៍ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន។

លោក ជា ពិសី បានគូសបញ្ជាក់យ៉ាងដូច្នេះ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅក្រុម-ក្រុម៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្នុងពេលលោកដឹកនាំមន្ត្រីមួយចំនួន ចុះជួបសំណេះសំណាលសួសុខទុក្ខ និងថ្លែងអំណរគុណដោយផ្ទាល់តាមលំនៅដ្ឋានប្រជាពលរដ្ឋនិមួយៗ ដែលបានប្រើសិទ្ធិលទ្ធិប្រជាធិប្បតេយ្យរបស់ខ្លួន ក្នុងការចូលរួមបោះឆ្នោតភ្លោគទឹកភ្លោគដីគាំទ្រ គណបក្សប្រជាជនកម្ពុជា ដើម្បីជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ កាលពីចុងខែកក្កដា ថ្ងៃទី២៩កន្លងទៅ ឲ្យទទួលបានលទ្ធផលល្អប្រសើរយ៉ាងក្រៃលែង។

ថ្លែងនាឱកាសនោះ លោក ជា ពិសី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋរស់នៅតាមលំនៅដ្ឋាននិមួយៗ ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ដែលបានអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី០៦ កាលពីចុងខែកក្កដា ថ្ងៃទី២៩កន្លងទៅ ដោយបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា បងប្អូនបានសម្ដែងពីឆន្ទះគាំទ្រចំពោះ គណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជោគជ័យគួរជាទីមោទនៈ ដើម្បីបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លើសពីនេះ លោក ជា ពិសី បានគូសបញ្ជាក់ថា បងប្អូន ពូម៉ីង អ៊ំប្រុស អ៊ំស្រី បានបំពេញកតព្វកិច្ច ប្រើសិទ្ធិជាពលរដ្ឋ ក្នុងការចូលរួមបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ ដែលខ្លួនស្រលាញ់ពេញចិត្តរួចហើយ និងក្នុងនាមមន្ត្រី មិនមែនជាចៅហ្វាយនាយ របស់ប្រជាពលរដ្ឋនោះទ ផ្ទុយទៅវិញ មន្ត្រីគឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់ ដូច្នេះគ្មានអ្វីក្រៅពីការថ្លែងអំណរគុណ និងនៅតាមបម្រើប្រជាពលរដ្ឋបន្តទៀត ដើម្បីឲ្យស្របទៅតាមអនុសាសន៍ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ដ្រីគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវតែបន្ដចុះជួបសំណេះសំណាល់ និងសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទោះបីមិនទាន់បង្កើតរាជរដ្ឋាភិបាលថ្មីក៏ដោយ ដើម្បីឆ្លើយតបនូវការខិតខំរបស់ពលរដ្ឋដែលបានជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា៕