(តេហេរ៉ង់)៖ ក្រសួងការបរទេសអ៊ីរ៉ង់​លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) បានជួបពិភាក្សា​ការងារជាមួយសមភាគី​កូរ៉េខាងជើង​លោក រី យ៉ុង ហូ (Ri Yong-ho) នៅក្នុងទីក្រុង​តេហេរ៉ង់​នៅថ្ងៃអង្គារ​សប្ដាហ៍នេះ ​ក្នុងថ្ងៃតែមួយ​ដែលការទណ្ឌកម្មសេដ្ឋកិច្ចឡើងវិញ របស់សហរដ្ឋអាមេរិក​ប្រឆាំងនឹងអ៊ីរ៉ង់ ចូលជា​ធរមាន។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃពុធ ទី០៨ ខែសីហា ឆ្នាំ២០១៨។

លោក Zari បានទទួល​ស្វាគមន៍​លោក រី និងក្រុមប្រតិភូ​កូរ៉េខាងជើង នៅឯក្រសួង​ការបរទេស​អ៊ីរ៉ង់ ប៉ុន្តែពុំមានការ​ចេញ​សេចក្ដីថ្លែងការណ៍ ​​ទៅកាន់អ្នក​សារព័ត៌មាន​ឡើយ។ លោក រី កំពុងបំពេញ​ដំណើរទស្សន​កិច្ច​រយៈពេលពីរថ្ងៃ​ នៅក្នុងទីក្រុងតេហរ៉ង់ ហើយ លោកនឹងត្រូវ​ជួបជាមួយប្រធានាធិបតី​ ហាស្សាន់ រូហានី នៅថ្ងៃពុធនេះ ដើម្បីពិភាក្សា​ពីទំនាក់ទំនងភាគី និងបញ្ហានៅ​ក្នុងតំបន់​មជ្ឈិមបូព៌ា។

គួរជម្រាបថា ដំណើរទស្សនកិច្ច​របស់​លោក រី យ៉ុងហូ កើត​មានឡើង​នៅចំពេល​​សហរដ្ឋអាមេរិក​ប្រកាស ដាក់​ទណ្ឌកម្មឯកតោភាគី​ឡើងវិញប្រឆាំង​នឹងអ៊ីរ៉ង់ ជាមួយការ​ព្រមានធ្ងន់ៗ​ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ ថានឹងដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន និងបណ្ដា​ទាំងឡាយណាដែល​បន្តធ្វើពាណិជ្ជកម្ម​ជាមួយអ៊ីរ៉ង់ ក្រោយទណ្ឌកម្ម​អាមេរិកចូលជាធរមាន​កាលពី​ថ្ងៃអង្គារ៕