(កំពង់ចាម)៖ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកកំពង់សៀម នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ បានចុះជួបសំណេះសំណាល ជាមួយពលរដ្ឋចំនួន១,២០០នាក់ ក្នុងបំណងថ្លែងអំណរគុណ សមាជិក-សមាជិកា និងបងប្អូនប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនលើសលុប ចំនួន២,៣៣៣នាក់ ក្នុងចំណោម ២,៤២៦នាក់ ដែលបានទៅបោះឆ្នោតប្រមាណជា៩០%។

ថ្លែងនៅក្នុងភូមិកំពង់ត្រុំក្រោម ឃុំកោះមិត្ត ក្នុងបរិវេណវត្តកំពង់ត្រុំ ដែលជាទីតាំងរៀបចំ កម្មវិធីខាងលើនេះ លោក វេង សាខុន បានលើកឡើងថា លទ្ធផលយ៉ាងធំធេងនេះ សរបញ្ជាក់ឲ្យឃើញថា៖

១៖ ប្រជាជនត្រូវការសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ចរីកចម្រើន និងការអភិវឌ្ឍក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី។

២៖ មើលឃើញយ៉ាងច្បាស់ពីការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃរបស់សម្តេច ដែលបានរំដោះប្រទេសជាតិ ពីគ្រោះមហន្តរាយនៃសង្គ្រាមស៊ីវិលរាំរ៉ៃ មកជាប្រទេសវិវឌ្ឍន៍ រីកចម្រើនទាំងសេដ្ឋកិច្ច វប្បធម៌ នយោបាយ ការទូត និងលិទ្ធិប្រជាធិបតេយ្យ ស្នើមុខ ស្នើមាត់លើឆាកអន្តរជាតិ ពិសេសនៅក្នុងសហគមន៍អាស៊ាន។

៣៖ សំឡេងគាំទ្រយ៉ាងច្រើនលើសលុប បង្ហាញពីឆន្ទះមោះមុតរបស់ពលរដ្ឋ ដែលបានជ្រើសរើសផ្លូវប្រជាធិបតេយ្យ តាមរយៈការប្រើប្រាស់សិទ្ធិជាពលរដ្ឋ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ប្រទេស។

ស្ថិតក្នុងបរិយាកាសសប្បាយរីករាយ នៃជ័យជំនះដែលឃុំកោះមិត្ត ទទួលបានលោក វេង សាខុន បានពាំនាំនូវការផ្តាំផ្ញើសាកសួរ សុខទុក្ខ ពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹត្តបណ្ឌិតដែល បានសម្តែងនូវក្តីកង្វល់គិតគូ ពីទុក្ខលំបាកដែលពលរដ្ឋបាននិងកំពុងជួបប្រទះដោយសារគ្រោះទឹកជំនន់។

ទន្ទឹមនេះ លោកបានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរ គុណជាអនេកជូនចំពោះម្ចាស់សំឡេង ឆ្នោត ប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយឃុំ ភូមិ អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំ ប្រឹងប្រែង និងលះបង់គ្រប់បែបយ៉ាងទាំងមុន និងក្នុងអំឡុងពេលយុទ្ធនាការ ឃោសនាបោះឆ្នោតរហូតសម្រេចទទួលបានជ័យជំនះនាថ្ងៃនេះ។

ដើម្បីបន្តរក្សាជ័យជំនះនេះ លោកបានផ្តាំផ្ញើសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សមាជិកក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ឃុំ និងភូមិឲ្យបន្តអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសប្រសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដែល បានលើកឡើងថា៖

១៖ ត្រូវបន្តចុះជួយពលរដ្ឋនៅមូលដ្ឋានឈរលើស្មារតីស្មោះត្រង់ ទទួលខុសត្រូវខ្ពស់ និងកាន់តែសកម្ម ទូលំទូលាយ និងមានប្រសិទ្ធភាពថែមទៀត ដើម្បីជួយសម្រួលការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ដោះស្រាយបញ្ហា តម្រូវការជាក់ស្តែង និងចាំបាច់ជាបន្តបន្ទាប់តាមអាទិភាព និងលទ្ធភាពជូនពលរដ្ឋ។

២៖ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំយកចិត្តទុក ដាក់អនុវត្តគោលនយោបាយទាំង០៩ ចំណុច របស់គណបក្សប្រជាជន ឲ្យបានល្អប្រសើរ។

៣៖ បន្តអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្ថិភាពពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈគ្រប់បែប យ៉ាងជូនប្រជាពលរដ្ឋ ហើយសមាជិកក្រុមការងារថ្នាក់ជាតិ ត្រូវបន្តអនុវត្តគោលនយោបាយ ក៣ ដោយមិនត្រូវធ្វើការរើសអើង ប្រកាន់និន្នាការនយោបាយ លាបពណ៌ ចោទប្រកាន់គ្នា ដែលអាចឈានទៅបែកបាក់សាមគ្គីជាតិយើង។

នៅរសៀលថ្ងៃដដែល លោក វេង សាខុន និងសហការី ក៏បានបន្តដំណើរមកឃុំវិហារធំ ដើម្បីជួបសំណេះសំណាល និងថ្លែងអំណរគុណជូនចំពោះសមាជិក សមាជិការក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានឃុំ ព្រមទាំងសមាជិក សមាជិការគណបក្ស អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ពិសេសជូនចំពោះប្រជាពលរដ្ឋ ដែលបានបោះឆ្នោតនាថ្ងៃទី២៩ ខែកក្កដា កន្លងទៅ ជាពិសេសបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។

ពិធីនេះ បានប្រារព្វធ្វើក្នុងបរិវេណវត្តអណ្តូងស្វាយ ភូមិអណ្តូងស្វាយ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ៤០០នាក់។ ឃុំវិហារធំ ទទួលបានសំឡេងគាំទ្រចំនួន ២,២៩១សំឡេង ក្នុងចំណោមសមាជិកបក្ស ២,៥៣៨នាក់ គិតជាភាគរយស្មើ ៩០,៩៧%៕