(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៨នេះ បានចុះថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ឲ្យទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតកន្លងទៅ និងសំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ ក្នុងសង្កាត់ទៀន។

លោកអភិបាលខណ្ឌ បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ​ប្រជាពល​រដ្ឋ​​ទាំងអស់​ដែលបានផ្តល់ទំនុកចិត្ត និងបោះឆ្នោតគាំទ្រ​គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​កន្លងទៅ។

បើតាមលោក នុត ពុធដារ៉ា ការបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា គឺដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី និងបន្តដឹកនាំប្រទេសជាតិ រីកចម្រើនបន្តទៀត ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន​ឲ្យបានទទួលជោគជ័យគួរជាទីមោទនៈ ដែលបានបង្ហាញយ៉ាងច្បាស់ថា បងប្អូនត្រូវ​ការសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ត្រូវការសន្តិភាព និងការអភិវឌ្ឍបន្តទៀត​​។​

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានផ្តាំផ្ញើរការសាកសួរសុខទុក្ខ​ប្រជាពលរដ្ឋ ពីសំណាកសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់​ប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេរ តែង​បានគិតគូរពីការលំបាក បញ្ហាកង្វល់ និងតម្រូវការនានារបស់បងប្អូននៅមូលដ្ឋាន៕