(ភ្នំពេញ)៖ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៦ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ត្រូវបានបញ្ចប់ដោយជោគជ័យ ដែលមានគណបក្សចូលរួមប្រកួត ប្រជែងចំនួន២០គណបក្ស យើងឃើញថា លទ្ធផលបឋមដែលប្រកាសឱ្យ គ.ជ.ប គឺគណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងយ៉ាងច្រើនលើសលប់។

ជាក់ស្តែងនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៨នេះ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រ​គណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជ័យជំនៈភ្លូកទឹកភ្លូកដី ព្រមទាំងសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យមើលផ្លូវបេតុងថ្មី០១ខ្សែ​ប្រវែង៤៦៥ម៉ែត្រ ស្ថិតក្នុងភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នៅក្នុងឱកាសនោះដែរ លោក នុត ពុធដារ៉ា ក៏បានធ្វើការផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនទាំងអស់ និងបានលើកឡើងអំពីការអភិវឌ្ឍ និងសន្តិភាព ដែលយើងទទួលបានក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ លោកអភិបាលក៏បានធ្វើការថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងសង្កាត់ព្រែកកំពឹសដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន ឱ្យបានទទួលជោគជ័យគួរជាទីមោទនៈ ដែលបានបង្ហាញយ៉ាងច្បាស់ថា បងប្អូនត្រូវការសម្តេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ត្រូវការសន្តិភាព និងការអភិវឌ្ឍបន្តទៀត។

ជាក់ស្តែងផ្លូវបេតុងថ្មី០១ខ្សែ ដែលបានស្ថាបនារួចរាល់ និងដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ ប្រវែង៤៦៥ម៉ែត្រ ទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិព្រះធាតុ សង្កាត់រលួស នឹងជួយសម្រួលដល់ការធ្វើដំណើរ ប្រកបរបរទទួលទាន របស់បងប្អូនប្រជាពលរដ្ឋ និងសោភណ្ឌភាព ក្នុងការរស់នៅផងដែរ៕