(ព្រៃវែង)៖ លោក ស្តើង សុខុម សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងប្រធានស្តីទីក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំចាយមារ ខេត្តព្រៃវែង បានលើកឡើងថា ការចេញទៅបោះឆ្នោតដ៏ច្រើនលើសលុបរបស់ប្រជាពលរដ្ឋកម្ពុជា កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ គឺបានបង្ហាញយ៉ាងច្បាស់នូវឆន្ទៈរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការគាំទ្រដំណើរការប្រជាធិបតេយ្យ គាំទសុខសន្តិភាព និងការអភិវឌ្ឍ ដែលកំពុងមានវត្តមានលើដែនដីកម្ពុជានាពេលបច្ចុប្បន្ន។

លោក ស្តើង សុខុម លើកឡើងបែបនេះក្នុងពិធីបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ របស់ស្រុកកំជាយមារ ខេត្តព្រៃវែង នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៨នេះ។ នៅចំពោះមុខមន្រ្តីគណបក្សប្រជាជនគ្រប់ជាន់ថ្នាក់ និង សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកកំចាយមារជាង ៥០០នាក់នៅមន្ទីរបក្សស្រុកកំចាយមារ លោក ស្តើង សុខុម បានបញ្ជាក់យ៉ាងដូច្នេះថា «ការចេញទៅបោះឆ្នោតរបស់បងប្អូនមានអត្ថន័យធំធេងណាស់សម្រាប់ព្រះរាជា ណាចក្រកម្ពុជានិយាយជារួម និងនិយាយដោយលែកសម្រាប់ស្រុកកំចាយមាររបស់យើង។ ពិសេសនោះគឺសម្រាប់គណបក្សប្រជាជនកម្ពុជាដែលដឹកនាំរាជរដ្ឋាភិបាលគឺជាជោគជ័យដ៏ធំធេងណាស់»

លោកប្រធានស្តីទីក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំចាយមារបន្តថា «ការចេញទៅបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរមានរហូតដល់ជាង ៨២ភាគរយវាជាចំនួនដ៏ច្រើន មួយដែលស្ទើរតែមិនមាននៅក្នុងប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យ ។ ចំណុចនេះបានបង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជាបានគាំទ្រនូវដំណើរការប្រជាធិបតេយ្យរបស់ខ្លួនយ៉ាងពេញលេញ បើទោះបីថាបងប្អូនបោះឲ្យគណបក្សណាឬមិនបោះឲ្យគណបក្សណាមួយ ក៏ជា​សេរីភាព​របស់បងប្អូន»

លោក ស្តើង សុខុម ក៏បានលើកឡើងដែរថា ចំនួនប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា រហូតដល់ទៅជាង ៧៦ភាគរយ បញ្ជាក់ឲ្យឃើញថា ប្រជាពលរដ្ឋពិតជាស្រលាញ់ និងគាំទ្រគណបក្សប្រជាជនកម្ពុជា និង បោះឆ្នោតគាំទ្រឲ្យសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសក្នុងរយៈពេល៥ឆ្នាំទៅខាងមុខបន្តទៀត។

លោកបន្ថែមថា ឆន្ទៈគាំទ្ររបស់បងប្អូននាពេលនេះ នឹងក្លាយជាកម្លាំងចលករដ៏សំខាន់បំផុតសម្រាប់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដឹកនាំប្រទេសមួយនេះប្រកបដោយសុខសន្តិភាព និងកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត។

ក្នុងនាមជាប្រធានស្តីទីនៃគណៈពង្រឹងការងារស្រុកកំចាយមារ លោក ស្តើង សុខុម ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផងដែលសមាជិក សមាជិកា គណបក្សប្រជាជនស្រុកកំចាយមារសម្រេចបាននៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី ៦ ដែលក្នុងនោះប្រជាពលរដ្ឋស្រុកកំចាយមារ បានចេញទៅបោះឆ្នោតមានចំនួនរហូតដល់ ៨៥ភាគរយ។ ក្នុងនោះសំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជាមានរហូតដល់ ៨២,១៩ភាគរយ។

ជាមួយលទ្ធផលដ៏ល្អប្រសើរនេះ លោក ស្តើង សុខុម បានជំរុញក្រុមការងារគណបក្សបន្តអនុវត្តន៍ឲ្យមានប្រសិទ្ធភាពលើការងារដោះស្រាយសំណូមពរចាំបាច់ របស់ប្រជាពលរដ្ឋដូចជាការកសាង ផ្លូវលំ និង បន្តជំរុញការផ្តល់សេវាសាធារណៈប្រកបដោយការទទួលខុសត្រូវឲ្យបានល្អជាងមុន និងមានតម្លាភាព។

លោកប្រធានស្តីទីបានសង្កត់ធ្ងន់ថា «គណបក្សប្រជាជនកម្ពុជាបានទទួលការបោះឆ្នោតគាំទ្រពីប្រជាជនដ៏ច្រើនលើសលប់។ ដូចនេះបន្ទុករបស់យើងកាន់តែធ្ងន់មួយជាពីរក្នុងការតបស្នងទៅនឹងការផ្តល់ជំនឿទុកចិត្តពីប្រជាជនមកលើគណបក្សរបស់យើង ។ យើងត្រូវខិតខំបម្រើប្រជាជនដោយស្មោះត្រង់បំផុត។ ត្រូវធ្វើជាខ្ញុំបម្រើប្រជាជនដោយស្មោះត្រង់បំផុត​។ យើងមិនអាចមោទនភាពទៅលើជ័យជម្នះហើយ ភ្លេចខ្លួននោះទេ។ កិច្ចការបម្រើប្រជាជនសំខាន់ណាស់ មិនអាចជិះសេះលែងដៃបានទេ យើងមិនអាចប្រព្រឹត្តអំពើមិនគប្បីណាមួយចំពោះប្រជាជននោះទេ យើងត្រូវខិតខំបម្រើ​ប្រជាជនឲ្យបានល្អជាងមុន ទូលាយជាងមុន ប្រសិទ្ធភាពជាងមុន និងបានផលចំពោះប្រជាជនច្រើនជាងមុន»

លោកបានរំលឹកទៅសមាជិក សមាជិកាដែរថា គណបក្សប្រជាជនកម្ពុជាមានទម្លាប់មួយ គឺធ្វើការងារជាប្រចាំដើម្បីប្រជាជន នៅជាមួយប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជន ដោយមិនរង់ចាំដល់ពេលបោះឆ្នោតទើបចេញមុខមកនោះទេ។

ក្នុងឳកាសនោះលោក ស្តើង សុខុម ក៏បាននាំយកនូវថវិការបស់សម្តេចក្រឡាហោម ស ខេង ចែកជូនដល់បងប្អូនសមាជិក សមាជិកាបក្ស ជាការលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ផងដែរ។ ក្នុងឱកាសនោះសមាជិក សមាជិកាបក្ស ក៏បានធ្វើពិធីស្មឹងស្មាធិ៍មួយនាទីដើម្បីគោរពចំពោះវិញ្ញាណក្ខន្ធ របស់ លោក ស ថេង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំចាយមារ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅផងដែរ៕