(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីមតិមួយចំនួនជារឿយៗ ដែលតែងលើកទ្បើងថា រាជរដ្ឋាភិបាលអាណត្ដិទី៦នេះ កើតទ្បើងដោយពុំមានភាពស្របច្បាប់ ពីព្រោះពុំមានគណបក្សប្រឆំាងចូលរួមក្នុងការបោះឆ្នោតនោះ។ ស្ថិតត្រង់ចំណុចនេះលោក រ័ត្ន សណ្តាប់ បានថ្លែងទាត់ចោលយ៉ាងដូច្នេះថា ចំពោះការអះអាងទំាងនេះ គឺខ្វះចំណេះដឹង ឬពុំយល់អំពីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានោះទេ ពីព្រោះថារដ្ឋធម្មនុញ្ញខ្មែរ ពុំមានចែងអំពីតួនាទីគណបក្សប្រឆំាងនោះទេ។

មានន័យថា បើនិយាយអំពីគណបក្សប្រឆំាងគឺទាល់តែមានចែងក្នុងរដ្ឋធម្មនុញ្ញ ជាក់ស្ដែងដូចជានៅប្រទេសថៃ, អង់គ្លេស, អូស្រ្ដាលី, កាណាដា ជាដើម គឺរដ្ឋធម្មនុញ្ញរបស់ប្រទេសគេបានចែង និងកំណត់យ៉ាងច្បាស់ស្ដីពីតួនាទីគណបក្សប្រឆំាង។

ដោយហេតុនេះបើយោងតាមរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ បើយើងនិយាយអំពីគណបក្សនយោបាយ គឺសំដៅតែគណបក្សឈ្នះឆ្នោតដឹកនំារាជរដ្ឋាភិបាលតែប៉ុណ្ណោះ រីឯបក្សផ្សេងៗទៀតដែលមានអាសនៈក្នុងរដ្ឋសភា ហើយពុំបានដឹកនំារាជរដ្ឋាភិបាល គឺគ្រាន់តែជាគណបក្សធម្មតាដូចគេដូចឯងហ្នឹងឯង។ មានន័យថា «គេពុំអាចហៅជាគណបក្សប្រឆំាង» បាននោះទេ ពីព្រោះពុំមានចែងក្នុងរដ្ឋធម្មនុញ្ញស្ដីពីតួនាទីគណបក្សប្រឆំាង។ ទន្ទឹមនឹងនេះដែរចំពោះសព្វថ្ងៃ អ្វីដែលយើងតែងឮគេហៅគណបក្សនេះ ឬគណបក្សនោះថា ជាគណបក្សប្រឆំាងធំ ឬតូច ឬយ៉ាងណាយ៉ាងណីនោះ ស្ថិតត្រង់ចំណុចនេះចំពោះការហៅទំាងនេះ ប្រៀបបានជាតំាងខ្លួនឯងប៉ុណ្ណោះ។

លោក រត្ន័ សណ្ដាប់ បន្ដថា បើដូចនេះដោយឈរលើមូលដ្ឋាននេះ បើនិយាយអំពីភាពស្របច្បាប់រាជរដ្ឋាភិបាលអាណត្ដិទី៦នេះ គឺមិនខុសពីអាណត្ដិមុនៗនោះទ្បើយ។ បានសេចក្ដីថា «បើរដ្ឋសភាស្របច្បាប់ហើយ គឺរាជរដ្ឋាភិបាលក៏ស្របច្បាប់» យ៉ាងដូច្នោះដែរ។ បើដូច្នេះចំពោះនូវរាល់ការលើកទ្បើងរបស់បក្សណា ឬក្រុមអ្នកនយោបាយណា ដែលមានចេតនា ឬបំណងក្នុងការហៅរាជរដ្ឋាភិបាលអាណត្ដិទី៦នេះថា ជារាជរដ្ឋាភិបាលមិនស្របច្បាប់ ឬយ៉ាងណាយ៉ាងណីនោះ គឺស្មើនឹងការទាត់ចោលនូវឆន្ទៈប្រជាពលរដ្ឋដែលចេញទៅបោះឆ្នោតចំនួន៨២,៨៩%យ៉ាងដូច្នោះដែរ។

ជាចុងក្រោយ លោក រត្ន័ សណ្ដាប់ ក៏បានបញ្ជាក់ផងដែរថា បើនិយាយអំពីអាសនៈកៅអីនៃរដ្ឋសភា ដែលប្រជាពលរដ្ឋផ្ដល់នូវការគំាទ្រដល់គណបក្សប្រជាជនកម្ពុជា ពិសេសផ្ដល់ដល់សម្ដេចតេជោ ហ៊ុន សែន មួយរយភាគរយ គឺស្មើ១២៥អាសនៈក្នុងការបន្ដដឹកនំាប្រទេសតទៅទៀតនេះ ពីព្រោះប្រជាពលរដ្ឋមានបទពិសោធន៍ក្នុងឆ្នាំ២០១៣ ដោយខ្លាចគណបក្សផ្សេងៗយកអាសនៈរបស់ខ្លួន ទៅធ្វើអ្វីតែផ្ដោសផ្ដោះម្ដងទៀតហ្នឹងឯង៕