(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប​បានចេញសេចក្តីបំភ្លឺទៅនឹងការចោទប្រកាន់ខុសទំនងរបស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP ថា គ.ជ.ប បានលួចបំប៉ោងសំឡេងឆ្នោតក្នុងទម្រង់១១០៩ ឱ្យគណបក្សប្រជាជនកម្ពុជា ដោយបង្ហោះនៅលើគណនី Facebook របស់ខ្លួន កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។

តាមសេចក្តីបំភ្លឺរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៤ ខែសីហានេះបានឱ្យដឹងថា ទម្រង់១១០៩ គឺជាតារាងលទ្ធផលនៃការបោះឆ្នោតក្នុងឃុំ-សង្កាត់ ដែលគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត ត្រូវស្រង់តួលេខបញ្ចូលក្នុងទម្រង់នេះ ពីទម្រង់១១០២ នៃការិយាល័យទាំងអស់នៅក្នុងឃុំ-សង្កាត់នេះ។

ក្នុងដំណើរការរៀបចំលទ្ធផលបោះឆ្នោតបណ្តោះអាសន្ន ទម្រង់១១០៩ គឺជាឯកសារមួយក្នុងចំណោមឯកសារសំខាន់ៗដទៃទៀត ដែលប្រើប្រាស់ដើម្បីរៀបចំលទ្ធផលនេះ។ យន្តការត្រួតពិនិត្យលទ្ធផលបណ្តោះអាសន្ន ធ្វើឡើងជាពីថ្នាក់៖

១៖ ការត្រួតពិនិត្យ និងបូកសរុបលទ្ធផលបណ្តោះអាសន្ន នៅគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប)

២៖ ការត្រួតពិនិត្យ ផ្ទៀងផ្ទាត់លទ្ធផលបណ្តុះអាសន្ននៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

សូមបញ្ជាក់ថា តួលេខដែលត្រូវបានប្រកាសលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងមកនេះ ផ្អែកជាសំខាន់ និងតែមួយគត់លើកំណត់ហេតុ នៃការរាប់សន្លឹកឆ្នោត គឺទម្រង់១១០២៕

សម្រាប់ព័ត៌មានលម្អិត សូមអានខ្លឹមសារទាំងស្រុង នៃសេចក្តីបំភ្លឺរបស់ គ.ជ.ប ដូចខាងក្រោម៖