(ភ្នំពេញ)៖ ជាការឆ្លើយតបចំពោះការចេញទៅបោះឆ្នោតច្រើនលើសលុបកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនោះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសធានាអះអាងការពារកម្ពុជាមិនឲ្យកើតមានសង្គ្រាមនោះឡើយ។

ការប្រកាសបែបនេះបានធ្វើឡើងតាមរយៈទំព័រ Facebook របស់សម្តេចនៅល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៨នេះ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការចេញទៅបោះឆ្នោតច្រើនលើសលុបរបស់ប្រជាពលរដ្ឋ គឺជាការបង្ហាញឲ្យពីបំណងរបស់ប្រជាពលរដ្ឋត្រូវការរស់ក្នុងសុខសន្តិភាព និងការអភិវឌ្ឍ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសូមអរគុណសាជាថ្មីដល់បងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនលេខ២០ យ៉ាងច្រើនលើសលុបកាលពីពេលថ្មីៗកន្លងមក។ នេះគឺបង្ហាញឲ្យឃើញច្បាស់ថា បងប្អូនកូនក្មួយភាគច្រើនលើសលុបបំផុតត្រូវការរស់នៅ និងប្រកបការងារកាន់តែសុខស្រួល ស្រឡាញ់គាំទ្រសន្តិភាព និងការអភិវឌ្ឍ។ គណបក្សប្រជាជនសូមធានាការពារជូនបងប្អូនដែលជាម្ចាស់ឆ្នោតមិនឲ្យប្រទេសយើងមានសង្រ្គាមឡើយ»

យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាចេញទៅបោះឆ្នោតប្រមាណ ៦,៩៤៦,១៦៤នាក់ ស្មើនឹងប្រមាណ ៨២.៨៩ភាគរយ ក្នុងចំណោមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ៨,៣៨០,២១៧នាក់។ ក្នុងនោះសំឡេងបានការមានចំនួន ៦,៣៤៩,៣៨៩នាក់ ហើយមិនបានការចំនួន ៥៩៦,៧៧៥នាក់។

សំឡេងឆ្នោតនេះ គណបក្សប្រជាជនកម្ពុជាទទួលបានច្រើនជាងគេ គឺមានចំនួនរហូតដល់ទៅ ៤,៨៧៥,១៨៩នាក់ ស្មើនឹង ៧៦.៧៨ភាគរយ។ តាមរយៈសំឡេងឆ្នោតនេះ បើគេគណនារកចំនួនអាសនៈតាមរូបមន្តក្នុងច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ គឺគណបក្សប្រជាជនយកអាសនៈនៅក្នុងរដ្ឋសភាទាំង ១២៥អាសនៈតែម្តង៕