(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹង ស្តីពីការបង្ការ​ និងទប់ស្កាត់ការរាតត្បាតនៃជំងឺម៉ូសាអ៉ិក ដែលជាជំងឺឆ្លងតាមវីរុសដ៏កាចសហាវថ្មីមួយ រាតត្បាតនៅលើដំណាំដំឡូងមី។

តាមសេចក្តីជូនដំណឹង ដែលបណ្តាញសារព័ត៌មាន Fresh News ទើបទទួលបាននៅព្រឹកថ្ងៃទី៣​ ខែសីហា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ក្រសួងសូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន អាជីវករ អ្នកនាំចូល និងផ្គត់ផ្គង់ ចែកចាយពូជដំណាំដំឡូងមី ជាពិសេសប្រជាកសិករដែលដាំដំឡូងមីទាំងអស់នៅក្នុងប្រទេសកម្ពុជា ឲ្យបានជ្រាបថា ជំងឺម៉ូសាអ៉ិក ដែលមានឈ្មោះជាភាសាឡាតាំងថា «Cassava Mosaic Disease-CMD» ជាជំងឺដ៏កាចសហាវមួយរាតត្បាតលើដំណាំដំឡូងមី ដែលបង្កឡើងដោយវីរុសជីនីមី (Ginimi virus)។

តាមរបាយការណ៍របស់អ្នកជំនាញការអន្តរជាតិនានា ទិន្នផលរបស់ដំឡូងមីនៅបណ្តាប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិក ប្រទេសឥណ្ឌា និងប្រទេសស្រីលង្កា ដែលទទួលរងការរាតត្បាតជំងឺនេះ បានធ្លាក់ចុះរហូតដល់ ៨០ភាគរយ។ ការរាតត្បាតនៃជំងឺវីរុសថ្មីនេះ បើមិនត្រូវបានគ្រប់គ្រងដោយប្រសិទ្ធភាពទេនោះ ពិតជានឹងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ចំពោះផលិតកម្មដំណាំដំឡូងមី និងការនាំចេញផលិតផលដំឡូងមី ទៅកាន់ផ្សារអន្តរជាតិ ក្នុងពេលខាងមុខជាមិនខាន។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម មកទល់បច្ចុប្បន្ននេះ ពុំទាន់មានថ្នាំកសិកម្ម ដែលមានប្រសិទ្ធភាពអាចកម្ចាត់ជំងឺម៉ូសាអ៉ិកនេះ បាននៅឡើយ៕