(ក្រចេះ)៖ ទឹកជំនន់បានបង្កផលប៉ះពាល់ដល់ខេត្តចំនួន៤ របស់កម្ពុជា រួមមានខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម និងត្បូងឃ្មុំ ដោយសារទឹកជំនន់ទន្លេមេគង្គលើ បណ្តាលឲ្យពលរដ្ឋជាង ១ម៉ឺននគ្រួសាររងការប៉ះពាល់ និងដំណាំផ្សេងៗជាច្រើនត្រូវបានបំផ្លាញ។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ។

ពាក់ព័ន្ធបញ្ហាទឹកជំនន់នេះ នៅល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុ ប្រធានប្រចាំការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចុះពិនិត្យមើលគ្រោះទឹកជំនន់ក្នុងខេត្តក្រចេះ ហើយលោកបានបញ្ជាក់ថា បញ្ហាទឹកជំនន់នេះ យើងបានប្រើប្រាស់នូវវិធានការណ៍សរុប មធ្យោបាយសរុប និងកម្លាំងសរុប ដើម្បីឆ្លើយតបទៅនឹងការ សង្គ្រោះបន្ទាន់ឲ្យបានទាន់ពេលវេលា។

ដោយឡែកអភិបាលខេត្តក្រចេះ លោក វ៉ា ថន ឲ្យដឹងថា ពលរដ្ឋដែលរងគ្រោះនៅ ក្នុងខេត្តក្រចេះទាំងមូលជាង ៣ពាន់គ្រួសារ រួមទាំងគោក្របីត្រូវបានជម្លៀសទៅកាន់ទីទួល សុវត្ថិភាព ព្រមទាំងបានបញ្ជូនក្រុមគ្រូពេទ្យ ឲ្យទៅប្រចាំការនៅទីទួលសុវត្ថិភាព ដើម្បីថែទាំ សុខភាពជូនប្រជាពលរដ្ឋផងដែរ។

ក្នុងឱកាសនេះ ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ទេសរដ្ឋមន្ត្រី ញឹម វណ្ណដា បានប្រកាសផ្តល់ជូននូវអង្ករ៣០តោន សម្រាប់ចែកជូនពល រដ្ឋរងគ្រោះក្នុងខេត្តក្រចេះផងដែរ៕