(ក្រចេះ)៖ ក្នុងឱកាសដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យព្យាបាល ចែកមុងជ្រលក់ថ្នាំ​ និងឱសថ ដោយមិនគិតប្រាក់ ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅស្រុកថាឡាបរិវ៉ាត់ ខេត្ដស្ទឹងត្រែង នៅថ្ងៃទី៣១ ខែកក្កដា ម្សិលមិញនេះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានចុះសួរសុខទុក្ខអ្នកជំងឺ និងស្រ្ដីមានផ្ទៃពោះ និងសម្រាលកូនរួច នៅមន្ទីរពេទ្យបង្អែកខេត្ដក្រចេះ ដើម្បីណែនាំពីវិធីថែរក្សាសុខភាពក្នុងរដូវធ្លាក់ភ្លៀង និងទឹកជំនន់ ពិសេសស្ដ្រីមានផ្ទៃពោះ ត្រូវមកពិនិត្យសុខភាពឲ្យបានទៀងទាត់ នៅតាមមណ្ឌលសុខភាពទោះ ស្ថិតនៅស្ថានភាពទឹកជំនន់ក៏ដោយ ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងទៀតថា ក្នុងរដូវធ្លាក់ភ្លៀងនេះ និងទឹកជំនន់ ប្រជាពលរដ្ឋ ងាយឆ្លងនូវជំងឺដង្កាត់ផ្សេងៗក្រៅពីជំងឺគ្រុនឈាម និងគ្រុនចាញ់នោះ លើសពីនោះត្រូវប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពកុមារតូចៗ កុំឲ្យចុះងូតទឹក ឬហែលទឹកនៅពេលទឹកជំនន់ ពេលទឹកលិចត្រូវដាក់សញ្ញាសម្គាល់ ឬដាក់បន្លាស្រាស់ នៅកន្លែងដែលមានរណ្ដៅ ឬស្រះ ហើយបន្ទាប់ពីទឹកជំនន់ ត្រូវសម្អាតគ្រប់ទីកន្លែងជុំវិញគេហដ្ឋានឲ្យមានអនាម័យល្អ ពិសេសអណ្ដូងទឹក ត្រូវតែស្ដារលាងសម្អាតចេញទាំងអស់ ។

លោកសាស្ដ្រាចារ្យ ថ្លែងបន្ដថា «សម្រាប់ស្ដ្រីមានផ្ទៃពោះ ដើម្បីទទួលបានសុវត្ថិភាព និងសុខភាពល្អ ទាំងម្ដាយនិងកូន ត្រូវមកពិនិត្យសុខភាព ឲ្យបាន៤ដងជាទៀងទាត់មុនសម្រាលកូន ចាក់ថ្នាំតេតាណូស លេបថ្នាំជាតិដែក វីតាមីនអាឲ្យគ្រប់ចំនួន ហើយពេលសម្រាលកូនត្រូវមកកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព និងឆ្មបមានជំនាញត្រឹមត្រូវ ដែលនៅជិតពួកគាត់ ដោយមិនត្រូវធ្វេសប្រហែសនោះឡើង ទោះស្ថិតនៅក្នុងស្ថានភាពទឹកជំនន់ក៏ដោយ»។

លោកក៏បានបញ្ជាក់ទៀតថា «ក្រោមដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ជាប្រមុខដ៏រឹងមាំ បានពង្រឹងប្រព័ន្ធគាំពារសង្គមប្រកបដោយប្រសិទ្ធភាព និងចីរភាព ដែលជួយគាំពារប្រជាជនកម្ពុជាគ្រប់រូបពីហានិភ័យនានា ដោយមិនទុកឲ្យប្រជាជនណាម្នាក់ ស្ថិតនៅក្រៅប្រព័ន្ធគាំពារសង្គមឡើយ ពិសេសស្ដ្រីមានផ្ទៃពោះ ក្នុងគ្រួសារក្រីក្រ គឺចាប់ពីពាក់កណ្តាលឆ្នាំ២០១៩ទៅ នឹងអនុវត្តនូវកម្មវិធីឧបត្ថម្ភស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ នៃគ្រួសារក្រីក្រ ដែលការឧបត្ថម្ភនេះនឹងធ្វើឡើងជា ៣ដំណាក់កាលរួមមាន ដំណាក់កាលទី១៖ ឧបត្ថម្ភ ៤លើក ក្នុងមួយលើក ៤ម៉ឺនរៀល នៅពេលស្ត្រីមានពោះ ទៅទទួលយកសេវាពិនិត្យផ្ទៃពោះ នៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ, ដំណាក់កាលទី២៖ ឧបត្ថម្ភ ២០ម៉ឺនរៀល នៅពេលស្រ្តីសម្រាលកូននៅមូលដ្ឋានសុខាភិបាលរបស់រដ្ឋ, ដំណាក់កាលទី៣៖ ឧបត្ថម្ភ ១០លើក, ក្នុងមួយលើក ៤ម៉ឺនរៀល នៅពេលស្រ្តីជាម្តាយនាំទារកទៅទទួលថ្នាំបង្ការ ឬ សេវាគាំពាររហូតដល់កុមារមានអាយុ ២ឆ្នាំ»

សូមជម្រាបផងដែរថា ស្ត្រីមានផ្ទៃពោះ និងស្ត្រីដែលសម្រាលកូនរួច ជាមន្ត្រីរាជការ កម្មការិនី កីឡាការិនី ស្ដ្រីជាកងកម្លាំងប្រដាប់អាវុធ និងក្របខ័ណ្ឌមន្ដ្រីរាជការស៊ីវិល នឹងទទួលបានអត្ថប្រយោជន៍ ជាច្រើនពីរាជរដ្ឋាភិបាល មានដូចជា៖

១៖ សម្រាប់ស្ត្រីជាមន្ត្រីរាជការ កម្មការិនី ប្រជាពលរដ្ឋ ដែលសម្រាលបានកូនម្នាក់ទទួលបានប្រាក់ឧបត្ថម្ភពីសម្ដេចតេជោ ហ៊ុន សែន ផ្ទាល់ចំនួន ៤០ម៉ឺរៀល កូនភ្លោះ២នាក់ទទួលបាន៨០ម៉ឺនរៀល និងកូនភ្លោះ៣នាក់ទទួលបាន១លាន២០ម៉ឺនរៀល ហើយសម្រាប់កូនភ្លោះ៣នេះ ក៏ជាកូនរបស់សម្ដេចដែរ ដូច្នេះសម្ដេចតេជោនឹងឧបត្ថម្ភប្រាក់ដោយឡែកបន្ថែម៥លានរៀលទៀត រួមជាមួយអំណោយមួយចំនួនទៀតដែលសម្ដេចតេជោនឹងផ្ដល់ជូនជាបន្តបន្ទាប់។

២៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨ កម្មការិនីមិនចាំបាច់បង់ប្រាប់របបសន្តិសុខសង្គមទៀតទេ គឺម្ចាស់ក្រុមហ៊ុនជាអ្នកបង់ជំនួស ១០០%។

៣៖ បុគ្គលិក-កម្មករនិយោជិតក្រៅប្រព័ន្ធ (ក្នុងនោះក៏មានស្ត្រីដែរ) ដែលបានចុះបញ្ជីនៅ ប.ស.ស នឹងទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល។ បុគ្គលិក និយោជិក កម្មករ មានប័ណ្ណមូលនិធិសមធម៌សុខាភិបាលទៅពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យរដ្ឋដោយមិនបង់លុយ។

៤៖ ចំពោះកម្មការិនីមានផ្ទៃពោះអាចឈប់សម្រាកមុនម៉ោងចេញពីធ្វើការ ៣០នាទី ឬលើសពីនេះ។ រដ្ឋក៏តម្រូវឱ្យគ្រប់រោងចក្រ សហគ្រាស ត្រូវបង្កើតមណ្ឌលសុខភាព និងត្រូវមានគ្រូពេទ្យប្រចាំការផងដែរ។ ចំពោះកម្មការិនីដែលត្រូវការបំបៅកូន រដ្ឋក៏ឱ្យគ្រប់រោងចក្រ សហគ្រាស បង្កើតបន្ទប់សមរម្យមួយដែលមានផាសុកភាព សម្រាប់ឱ្យកម្មការិនីជាម្ដាយអាចបំបៅកូនបានថែមទៀត។

៥៖ កម្មការិនីដែលជាសមាជិក ប.ស.ស នៅពេលទៅសម្រាលកូននៅមន្ទីរពេទ្យ នៅតែទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ រយៈពេល៩០ថ្ងៃ ចំនួន៧០% និងទទួលបានប្រាក់ឈ្នួលពីនិយោជក ៥០% សរុបចំនួន ១២០%។

៦៖ កម្មករនិយោជិតទទួលបាននូវរបបហានិភ័យការងារ របបថែទាំសុខភាព ហើយនៅឆ្នាំ២០១៩ ខាងមុខនេះ កម្មករនិយោជិតនឹងទទួលបានរបបសោធននិវត្តន៍ (រឺត្រែត) ដូចទៅនឹងមន្ត្រីរាជការថែមទៀតផង។

៧៖ រាជរដ្ឋាភិបាលកម្ពុជា ក៏ដាក់ចេញនូវគោលនយោបាយគាំពារសង្គម សម្រាប់ស្ដ្រីជាកងកម្លាំងប្រដាប់អាវុធ និងក្របខ័ណ្ឌមន្ដ្រីរាជការស៊ីវិល ​នៅពេលឆ្លងទន្លេទទួលបានការឧបត្ថម្ភថវិកាចំនួន ៨០ម៉ឺនរៀល ៕