(ភ្នំពេញ)៖ ដោយមានការចាប់អារម្មណ៍ពីសំណាក់សាធារណជន និងវិនិយោគិន លើការជួញដូរភាគហ៊ុន និងចង់ស្វែងយល់ឲ្យស៊ីជម្រៅពីអាជីវកម្មរបស់ក្រុមហ៊ុនចុះបញ្ជី ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក.) គ្រោងនឹងរៀបចំកម្មវិធី វេទិកាក្រុមហ៊ុនចុះបញ្ជីជាលើកដំបូង នាខែកញ្ញា​ ឆ្នាំ២០១៨ខាងមុខ។

ការរៀបចំវេទិការនេះធ្វើឡើង ក្នុងគោលបំណងបង្កើនការយល់ដឹង របស់វិនិយោគិន ក៏ដូចជាសាធារណជនទូទៅ លើការជួញដូរមូលបត្រ និងជួយឲ្យវិនិយោគិន ស្វែងយល់ឲ្យកាន់តែច្បាស់ ពីក្រុមចុះបញ្ជីរួច ព្រមទាំងបង្កើនទំនុកចិត្តក្នុងការវិនិយោគ។

វេទិកាក្រុមហ៊ុនចុះបញ្ជី ជាវេទិកាដែលនឹងអនុញ្ញាត ឲ្យវិនិយោគិនជួបផ្ទាល់ ជាមួយមន្ត្រីជាន់ខ្ពស់ របស់ក្រុមហ៊ុនចុះបញ្ជីនីមួយៗដែលនឹងធ្វើបទបង្ហាញពីយុទ្ធសាស្ត្រអាជីវកម្ម សក្តានុពលនៃការរីកចម្រើន វឌ្ឍនភាពនៃប្រាក់ចំណេញ ទស្សនវិស័យ និងធាតុផ្សេងៗជាច្រើនទៀត ក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសនីមួយៗ លើសពីនេះវេទិកានេះនឹងមានការចូលរួម វិភាគលើព័ត៌មាន និងរបាយការណ៍ហិរញ្ញវត្ថុ របស់ក្រុមហ៊ុនចុះបញ្ជីពីអ្នកជំនាញ ដែលអញ្ជើញមកពីក្រុមហ៊ុនមូលបត្រ។

ផ្សារមូលបត្រកម្ពុជា នឹងគ្រោងរៀបចំ វេទិកាក្រុមហ៊ុនចុះបញ្ជី ជារៀងរាល់ត្រីមាសបូករួម និងវេទិកាធំមួយប្រចាំឆ្នាំ ដែលនឹងមានការអញ្ជើញចូលរួមពីតួអង្គពាក់ព័ន្ធផ្សេងៗនៃទីផ្សារ។ តាមរយៈកម្មវិធីនេះ វិនិយោគិន ក៏ដូចជាសាធារណជន ដែលចូលរួមនឹងទទួលបាននូវមូលដ្ឋានក្នុងការវិភាគស្ថានភាពអាជីវកម្ម របស់ក្រុមហ៊ុនការត្រួតពិនិត្យ លើរបាយការណ៍ហិរញ្ញវត្ថុ និងការវាយតម្លៃលើសក្ដានុពល របស់ក្រុមហ៊ុនជាពិសេសអាចចោទ
ជាសំនួរសំខាន់ៗ ទាក់ទងនឹងអាជីវកម្ម របស់ក្រុមហ៊ុននីមួយៗ ដើម្បីជាទុនក្នុងការសម្រេចចិត្ត វិនិយោគដ៏ត្រឹមត្រូវ៕