(កំពង់ឆ្នាំង)៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បានអំពាវនាវរោងចក្រសហគ្រាសទាំងអស់ ដែលមានកម្លាំងពលកម្ម ​កម្មករ កម្មការនី ខ្មែរឥស្លាម​កំពុងបម្រើការងារ​ថា សម្រាប់អាណត្តិទី៦​នេះតទៅ សង្ឃឹមថា ម្ចាស់រោងចក្រសហគ្រាសទាំងអស់ នឹងអនុវត្តតាមអនុសាសន៍របស់សម្តេច​តេជោ ហ៊ុន សែន ដែលថ្មីៗនេះបានអំពាវនាវឲ្យមានការដោះស្រាយជាបន្ទាន់ នូវទីតាំងសម្រាប់ថ្វាយបង្គុំសម្រាប់កម្មករខ្មែរឥស្លាម ពីព្រោះកំឡុងពេលបំពេញការងារ​ពួកគាត់ត្រូវថ្វាយបង្គុំ អទិដ្ឋានតាមក្រិតក្រមសាសនាឥស្លាម យ៉ាងហោចចំនួន២ដង គឺថ្ងៃត្រង់ និង​ពេលរសៀល។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសដែលលោកប្រធានគណៈចលនាសាសនិកឥស្លាម បានអញ្ជើញជួបសំណេះសំណាល និង​ឃោសនារកសំឡេងឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ជាមួយ​កម្មករ កម្មការិនី​ខ្ទង់ពាន់នាក់ នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ​២០១៨នេះ នៅចំណុចភូមិ​ត្រពាំងខ្ទំ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលភាគច្រើន​ជាកម្មការនីខ្មែរឥស្លាម។

ក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា លោក អូស្មាន ហាស្សាន់ បានប្រកាសអំពាវនាវ​ដល់បណ្តាម្ចាស់រោងចក្រសហគ្រាស​មួយចំនួន នៅស្រុកកំពង់ត្រឡាច និងតំបន់ជុំវិញ ដែលខ្លះមិនទាន់បានដោះស្រាយទីតាំង សម្រាប់ការអនុវត្តថ្វាយបង្គុំអទិដ្ឋានជូនកម្មករ កម្មការនីខ្មែរឥស្លាម ខណៈរោងចក្រសហគ្រាសរោងចក្រភាគច្រើន គឺមានកម្មករ កម្មការិនី ជាខ្មែរឥស្លាម​ធ្វើការ ហើយបានកំពុងតែមានភាពកង្វល់​ដល់ពួកគាត់ ដោយសារតែរោងចក្រមួយចំនួននោះ នៅពុំទាន់ដោះស្រាយ​បាន។

ថ្លែងនៅចំពោះមុខថ្នាក់ដឹកនាំ សកម្មជនគណបក្សប្រជាជនកម្ពុជា កម្មករ កម្មការិនី​ទាំងអស់ បានសម្តែងការកោតសរសើរ និងពេញចិត្តចំពោះគោលនយោបាយល្អៗ​ជាច្រើន ដែលរដ្ឋាភិបាលកម្ពុជា បានដាក់ចេញហើយអនុវត្តកន្លងមក ដែលបានដោះស្រាយ និងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពួកគាត់។

ដោយឡែក ​សម្រាប់គោលគោលនយោបាយទាំង​១១​ខ របស់គណបក្សប្រជាជនកម្ពុជា ជាបន្តសម្រាប់អាណត្តិទី៦ ដែលបន្ថែមពីលើអត្ថប្រយោជន៍ផ្សេងៗ ដែលពួកគាត់បានទទួលកន្លងមក​តបតាមអ្វីដែល លោកប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានបកស្រាយជូន គឺកាន់តែធ្វើឲ្យពួកគាត់ មានក្តីរំភើបរីករាយ ត្រៀមខ្លួននឹងទទួលបានអត្ថប្រយោជន៍ល្អៗជាច្រើនតទៅមុខ។

​​​ដើម្បីរក្សាបានសុខសន្តិភាព ការអភិវឌ្ឍ​ សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ចគ្រួសារឲ្យកាន់តែរីកចម្រើន ​ពួកគាត់ប្តេជ្ញាត្រៀមខ្លួនសម្រាប់ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​ខាងមុខនេះ គឺជាថ្ងៃសំខាន់សម្រាប់ជោគវាសនា និងអនាគតល្អរបស់ពួកគាត់តទៅមុខ ដែលត្រូវផ្តល់ទំនុកចិត្ត​ និងបន្តផ្ញើខ្លួនក្រោមម្លប់សន្តិភាព របស់គណបក្សប្រជាជនកម្ពុជា ដោយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕