(ភ្នំពេញ)៖ យុទ្ធនាការ​ឃោសនាបោះឆ្នោត ​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ របស់គណបក្ស​ប្រជាជន​កម្ពុជា ទ្រង់ទ្រាយធំលេីកទី៣នៅរាជធានីភ្នំពេញ​ បានជួបជុំ​គ្នានៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ និង​សន្និសីទ​កោះ​ពេជ្រ នៅព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៨នេះ ក្រោមវត្តមានសម្តេចវិបុសសេនាភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដោយមានការចូលរួមពី សមាជិក​ចូលរួម​ប្រមាណ​ ៣៥,០០០​នាក់​ មកពី១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ។

កម្មវិធីបើក​យុទ្ធនា​ការឃោសនា ជាលើកទី៣ របស់គណបក្ស​ប្រជាជន​កម្ពុជានេះ​ បាន​ចាប់ផ្តើមឡើង​នៅ​ម៉ោង០៧៖៤០ព្រឹក ជាមួយនឹងការថ្លែងសន្ទរកថា របស់សម្តេចវិបុសសេនាភក្តី សាយ ឈុំ រួចទើបក្បួន​ឃោសនា​ធ្វើដំណើរបានចេញ​ពី​កោះ​ពេជ្រ​ ដោយបែងចែកជា២ខ្សែដើម្បីដង្ហែក្បួន។

ក្នុងនោះខ្សែទី១៖ ចាកចេញពីកោះពេជ្រ មកដល់នាគបាញ់ទឹក បត់ឆ្វេងឡើងផ្លូវសុធារស បន្តមកផ្លូវម៉ៅសេទុង ឆត់ឆ្វេងឡើងមុនីវង្ស ឡើងលើស្ពានព្រះមុនីវង្ស បត់ស្តាំមកផ្លូវព្រែកប្រា (ផ្លូវ៣៦៩) ឆ្ពោះមកស្ពានព្រែកសំរោង បត់ឆ្វេងមកស្តុប Tiger បត់ធ្វេងមកផ្លូវជាតិលេខ១ បន្តឡើងមកកាន់ស្ពានព្រះមុនីវង្សវិញ ទើបបន្តមកក្បាលថ្នល់ ផ្លូវ២៧១ ឡើងផ្លូវ៣៧១ បន្តឡើងមកស្ពានដែក។

រួចមកបន្តបត់ឆ្វេងឡើងផ្លូវ២១៧ ទៅស្តុបចំការដូង បត់ស្តាំទៅផ្លូវព្រៃស បត់ស្តាំទៅផ្លូវបេតុង មុខវត្តធម្មត្រៃ ឆ្ពោះមកផ្លូវ៣០ម៉ែត្រ មកផ្លូវផ្សារទួលពង្រ បត់ស្តាំមកផ្លូវចោមចៅ ហើយទើបមកបំបែកគ្នា នៅច្រមុះជ្រូកស្ទឹងមានជ័យ។

ដោយឡែកសម្រាប់លោក ឃួង ស្រេង អនុប្រធានគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានដឹកនាំមហាជន និងក្រុមយុវជនរាជធានីខ្សែទី២៖ ដោយចេញពីកោះពេជ្រ នៅម៉ោង០៧៖៤០នាទីព្រឹកដូចគ្នា ឆ្ពោះមកកាន់រង្វង់មូលជួនណាត មកផ្លូវព្រះស៊ីសុវត្តិ បន្តមកក្រោមស្ពានជ្រោយចង្វា បន្តមកផ្លូវជាតិលេខ៥ មកក្រោមស្ពានព្រែកព្នៅ ផ្សារព្រែកព្នៅ ផ្លូវជាតិលេខ៥ បត់ឆ្វេងចូលវត្តច័ន្ទបុរីវង្ស។

លុះហួសវត្ត២គីឡូម៉ែត្រ បត់ធ្វេងចូលផ្លូវបេតុងសំរោង បត់ឆ្វេងចូលផ្លូវ១៥១ ឡើងមកផ្សារព្រែកព្នៅ ឡើងផ្លូវជាតិលេខ៥ មកស្ពានព្រែកព្នៅបត់ស្តាំ បន្តទៅផ្លូវកប់ស្រូវ រួចបត់ឆ្វេងចូលមកផ្លូវហាណូយ បន្តមកស្ពានអាកាសស្តុបផ្សារដីហុយ កាត់មកផ្លូវទ្រុងមាន់ បន្តបត់ស្តាំទៅឡើងផ្លូវចោមចៅ ហៅផ្លូវវេងស្រេង ឆ្ពោះទៅរង្វង់មូលចោមចៅ រួចបន្តបត់ឆ្វេងទៅផ្លូវជាតិលេខ៣ ដើម្បីបញ្ចប់ក្បួន។

គួរបញ្ជាក់ផងដែរថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦នេះ មានគណបក្សនយោបាយចំនួន២០ ចូលរួមប្រកួតប្រជែង ហើយសម្រាប់យុទ្ធនាការឃោសនា ជាលើកទី៣ នាព្រឹកថ្ងៃទី២២ កក្កដានេះ គេសង្កេតឃើញមានគណបក្សចំនួន៥ ដែលធ្វើសកម្មភាពឃោសនា។

ពាក់ព័ន្ធនឹងការឃោសនានេះ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែកក្កដានេះ ក៏បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការបញ្ចៀសចរាចរជាបណ្ដោះអាសន្ន ក្នុងការដង្ហែក្បួនយុទ្ធនាការឃោសនា​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ក្នុងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៨នេះផងដែរ៕