(ព្រះវិហារ)៖ ក្នុងឱកាសចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកទទួលការពិនិត្យព្យាបាលជម្ងឺ ដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសកូរ៉ នៅល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ តំណាងរាស្ត្រលោក សួស យ៉ារ៉ា និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានប្រាប់បងប្អូនប្រជាពលរដ្ឋ ដែលមកទទួលការពិនិត្យជម្ងឺនៅថ្ងៃនេះ ពេលត្រឡប់ទៅលំនៅដ្ឋានវិញ សូមជួយប្រាប់បន្ត ដល់បងប្អូនដែលមិនទាន់បានមក ឲ្យគាត់បានមកពិនិត្យផងព្រោះរយៈពេលនៅសល់២ថ្ងៃទៀតប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ លោក សួស យ៉ារ៉ា បានប្រាប់បងប្អូនប្រជាពលរដ្ឋថា សុខទុក្ខ និងសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ គឺជាភារកិច្ចរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ របស់គណបក្សប្រជាជនកម្ពុជា ដែលកត្តានេះហើយ ក្នុងនាមលោកជាតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំខេត្ត តែងមានការគិតគូរជានិច្ចអំពីបញ្ហានេះ។

ជាក់ស្តែងថ្ងៃនេះ លោកបាននាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់ប្រទេសកូរ៉េ មកពិនិត្យព្យាបាលជម្ងឺជូនបងប្អូនប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ដោយមិនគិតថ្លៃ ហើយក៏មិនបាច់ចំណាយថ្លៃយន្តហោះ ទៅពិនិត្យសុខភាព នៅស្រុកគេដែរ គឺគេជិះយន្តហោះមកពិនិត្យឲ្យយើងតែម្តង ដែលនេះជាការគិតគូរខ្លាំងណាស់របស់ថ្នាក់ដឹកនាំចំពោះសុខភាពប្រជាពលរដ្ឋ។

លោក សួស យ៉ារ៉ា បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន ដោយអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ ដើម្បីបានឲ្យលោក អាចបំរើបងប្អូនប្រជាពលរដ្ឋខេត្តព្រះវិហារ នៅអណត្តិក្រោយទៀត។

សូមបញ្ជាក់ថា នៅថ្ងៃដំបូង នៃការពិនិត្យព្យាបាលជម្ងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រទេសកូរ៉ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋទាំងចាស់ទាំងក្មេង ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់ជិត១០០០នាក់ បានមកទទួលការពិនិត្យនេះ។ ចំនួនដ៏ច្រើននេះ ក៏ព្រោះតែបងប្អូនប្រជាពលរដ្ឋ មានភាពជឿជាក់ លើក្រុមគ្រូពេទ្យ ជឿជាក់លើថ្នាំសង្កូវផ្សេងៗផងដែរ ដូច្នេះនៅសល់រយៈពេល២ថ្ងៃទៀតប៉ុណ្ណោះ សូមបងប្អូនដែលមិនទាន់បានមកពិនិត្យ សូមអញ្ជើញមកទទួលការពិនិត្យឲ្យបានគ្រប់ៗគ្នា៕