(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨នេះ ទឹកដែលហូរកាត់កំណាត់ផ្លូវជាតិលេខ៤ ត្រង់ស្ពានសំរោង ក្នុងស្រុកកំពង់សីលា បានស្រុកចកក្រោមកន្លះម៉ែត្រ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ សម្រាប់ស្ថានភាពទឹកភ្លៀងវិញ នៅតែបន្តធ្លាក់ ហើយបើសិនស្ថិតនៅស្ថានភាពបែបនេះ ទឹកនឹងអាចឡើងវិញ។

ដោយសារតែទឹក​មិនទាន់ស្រកចុះខ្លាំង ចរាចរណ៍ធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ នៅបន្តបិទដដែលមិនទាន់អនុញ្ញាតនៅឡើយទេ។ នេះជាការបញ្ជាក់បន្ថែមពីលោកឧត្តមសេនីយ៍ទោស្នងការ។

ទាំងសមត្ថកិច្ច និងអាជ្ញាធរ បានជូនដំណឹង និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិ ដែលមានបំណងចង់ធ្វើដំណើរទៅខេត្តព្រះសីហនុ សូមវាងតាមផ្លូវជាតិលេខ៤១ និងឆ្ពោះទៅផ្លូវជាតិលេខ៣ ដោយសារតែកំណាត់ផ្លូវជាតិលេខ៤ នៅបន្តបិទចរាចរណ៍ជាបណ្តោះអាសន្ននៅឡើយ ដោយសារតែទឹកនៅបន្តជន់លិច៕