(ភ្នំពេញ)៖ ការប្រើប្រាស់ទឹកខ្មៅលុបមិនជ្រះ ដើម្បីជ្រលក់ម្រាមដៃអ្នកបោះឆ្នោតរួច គឺគ្រាន់តែជាជាវិធានការ១ប៉ុណ្ណោះ ក្នុងចំណោមវិធានការផ្សេងៗទៀតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីការពារមិនឱ្យមានការបោះឆ្នោតលើសពី១ដង សម្រាប់ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្តអណត្តិទី០៦។ នេះបើតាមការអះអាងរបស់លោក ឌឹម សុវណ្ណរុំ អ្នកនាំពាក្យ គ.ជ.ប នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨។

លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់បែបនេះ ឆ្លើយតបទៅនឹងចម្ងល់របស់បណ្តាញព័ត៌មាន Fresh News និងសាធារណជនមួយចំនួន បន្ទាប់ពីមានក្រុម Facebook អនាមិកមួយចំនួន បានបង្ហោះ និងចែកចាយ រូបភាពម្រាមដៃសិប្បនិម្មិត ហើយបំភ្លៃថា ម្រាបដៃសិប្បនិម្មិត នឹងត្រូវប្រើប្រាស់ដើម្បីជ្រលក់ទឹកខ្មៅលុបមិនជ្រះ សម្រាប់អ្នកដែលមានបំណងបន្លំបោះឆ្នោតច្រើនដង។

អ្នកនាំពាក្យ គ.ជ.ប បានពន្យល់ថា ការជ្រលក់ម្រាមដៃក្នុងទឹកខ្មៅលុបមិនជ្រះ គ្រាន់តែជាផ្នែកមួយ ដើម្បីសម្គាល់ថា អ្នកបោះឆ្នោតបានមកបោះឆ្នោតរួចហើយ។ ចំពោះការបង្ការការបោះឆ្នោតលើសពី១ដងនោះគឺច្រើនទៀតដូចជា៖

* ការធានាថា ក្នុងបញ្ជីបោះឆ្នោតគ្មានឈ្មោះស្ទួន
* លេខាធិការបានផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវ អំពីអត្តសញ្ញារបស់អ្នកបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោត
* អ្នកបោះឆ្នោតបានគូសធិកលើបញ្ជីបោះឆ្នោត ដើម្បីបញ្ជាក់ថាខ្លួន បានមកបោះឆ្នោតរួចហើយ
* ដំណើរការពិនិត្យអត្តសញ្ញាណអ្នកបោះឆ្នោត ត្រូវស្ថិតក្នុងការសង្កេតមើលដោយភ្នាក់ងារគណបក្សនយោបាយ និងអ្នកសង្កេការណ៍បោះឆ្នោត
* ការព្យាយាមដោយទុច្ចរិតក្នុងការបោះឆ្នោតលើសពី១ដង គឺជាការំលោភលើមាត្រា១៤២ នៃ ច.ប.ត.រ។

សូមបញ្ជាក់ថា ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ នឹងធ្វើឡើង នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយមានគណបក្សនយោបាយស្របច្បាប់ចំនួន២០ នៅក្នុងប្រទេសកម្ពុជា ចូលរួមប្រកួតប្រជែង។

អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ដែលត្រូវតុលាការកាត់ទោសរំលាយ និងហាមមិនឱ្យធ្វើនយោបាយ ដោយសារប្រព្រឹត្តអំពើក្បត់ជាតិនោះ នាពេលកន្លងទៅធ្លាប់ប្រើប្រាស់គ្រប់មធ្យោបាយ រួមទាំងការរិះគន់ទៅលើទឹកខ្មៅជ្រលក់ម្រាមដៃផងដែរ ដើម្បីរារាំងដល់ការបោះឆ្នោតនេះ ដោយសារតែគណបក្សពួកគេ មិនបានចូលរួមប្រកួតប្រជែង។

មេដឹកនាំក្រុមនេះ បានអំពាវនាវកុំឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត បើអតីតគណបក្សសង្រ្គោះជាតិ មិនបានចូលរួមប្រកួតប្រជែង។ ប៉ុន្តែទោះជាយ៉ាងនេះក្តី មេដឹកនាំគណបក្សជាច្រើននៅកម្ពុជា បានប្រតិកម្មទៅនឹងការអំពាវនាវបែបនេះ ដោយចាត់ទុកថា ជាការបំផ្លាញប្រជាធិបតេយ្យ នៅកម្ពុជា៕