(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកើតចេញពីត្រកូលកសិករ ចាប់តាំងពីចាប់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជាតាំងពីក្រោយផ្តួលរំលំរបបខ្មែរក្រហនៅឆ្នាំ១៩៧៩ បានយកចិត្តទុកដាក់ខ្ពស់ទៅលើប្រជាកសិករ ជាពិសេសជំរុញវិស័យកសិកម្ម។ ដើម្បីជំរុញវិស័យការផលិតស្បៀងនេះ គេតែងបានឃើញប្រមុខដឹកនាំជាតិកម្ពុជារូបនេះមានវត្តមាននៅតាមវាលស្រែ និងប្រឡាយទឹកជាដើម។ តាមរយៈការជំរុញលើវិស័យកសិកម្មនេះ បានធ្វើឲ្យកម្ពុជាឆ្លងផុតដំណាក់កាលខ្វះស្បៀង និងក្លាយជាប្រទេសសល់ស្រូវសម្រាប់នាំចេញនាពេលបច្ចុប្បន្ន។

នយោបាយជំរុញលើវិស័យកសិកម្មនៅតែជាគោលនយោបាយសំខាន់មួយសម្រាប់គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជានៅថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ បានថ្លែងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជានៅអាណត្តិទី៦ នឹងមិនយកពន្ធលើដីកសិកម្មរបស់កសិករដែលបង្កបង្កើនផលជាលក្ខណៈគ្រួសារ ជួយកសិករធានាការពង្រីកផលិតកម្ម និងការរកទីផ្សារលក់កសិផលដោយថ្លៃសមរម្យ។

សម្តេចតេជោ បានបន្ថែមទៀតថា ប្រជាជនដែលគ្មានដី នឹងទទួលបានដីសម្រាប់សង់លំនៅឋាន និងបង្កបង្កើនផលតាមរយៈកម្មវិធីសម្បទានដីសង្គមកិច្ចផងដែរ៕