(ភ្នំពេញ)៖ លោក ហ៊ែល សារ៉ាត់ សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា នៅតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតនីមួយៗ ត្រូវមានកម្លាំងសន្តិសុខការពារចំនួន៣នាក់ ប៉ុន្តែពួកគាត់អាចកាន់អាវុធវែងបានតែ១ដើមគត់ ដែលមានគ្រាប់យ៉ាងច្រើន៣០គ្រាប់ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់ ក្នុងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ។

លោក ហ៊ែល សារ៉ាត់ បញ្ជាក់បែបនេះ នៅក្នុងកិច្ចប្រជុំស្ដីពីដំណើរការប្រព្រឹត្តទៅនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ​ នីតិកាលទី៦​ ឆ្នាំ២០១៨​ និងការការពារសន្តិសុខ នៅតាមការិយាល័យបោះឆ្នោត​ និងរាប់សន្លឹកឆ្នោត​ ព្រមទាំងការបង្ហាញពីគុណភាពទឹកខ្មៅជ្រលក់ម្រាមដៃលុបមិនជ្រះ​ នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ នៅក្នុងសាលប្រជុំនៃក្រសួងមហាផ្ទៃ។

លោកបានថ្លែងថា នៅថ្ងៃបោះឆ្នោតខាងមុខ ភ្នាក់ងារសន្តិសុខ៣នាក់ ដែលការពារតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតនីមួយៗ ត្រូវស្លៀកពាក់ឯកសណ្ឋានកងកម្លាំងឱ្យបានត្រឹមត្រូវ និងត្រូវពាក់ប្រឡង់ដៃសន្តិសុខរបស់ គ.ជ.ប រហូតដល់ចប់ភារកិច្ច។

ភ្នាក់ងារសន្តិសុខបោះឆ្នោតមានភារកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់ កុំឱ្យមានការរំខាន ការអុកឡុក ការបំភិតបំភ័យ និងការគំរាមកំហែង ឬហេតុការណ៍ផ្សេងៗដែលអាចកើតឡើងបាន ហើយត្រូវហាត់ឃាត់ជនដែលយកអាវុធជាតិផ្ទុះ និងវត្ថុដែលអាចបង្កគ្រោះថ្នាក់ផ្សេងៗចូលក្នុងបរិវេណខាងក្រៅ និងបរិវេណខាងក្នុងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។

លោកបានបន្ថែមថា ភ្នាក់ងារសន្តិសុខម្នាក់ ត្រូវចល័តការពារបរិវេណខាងក្នុងនៃការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ដែលមានចម្ងាយយ៉ាងតិច១៥ម៉ែត្រ ពីការិយាល័យនោះ ដោយមិនចាំបាច់ប្រើប្រាស់អាវុធ។ រីឯភ្នាក់ងារសន្តិសុខចំនួន២នាក់ទៀត ត្រូវចល័តជុំវិញបរិវេណការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ក្នុងចម្ងាយពី១០០ម៉ែត្រ ឬស្ថិតក្នុងស្ថានភាពជាក់ស្ដែង នៃបរិវេណខាងក្រៅនៃការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតនីមួយៗ អាចប្រើប្រាស់អាវុធវែង១ដើម ដែលមានគ្រាប់យ៉ាងច្រើន៣០គ្រាប់។

ក្នុងករណីការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោតច្រើនប្រមូលផ្តុំក្នុងបរិវេណ ឬអគារតែមួយ ចំនួនភ្នាក់ងារសន្តិសុខបោះឆ្នោតសម្រាប់ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត ត្រូវសមស្របទៅនឹងស្ថានភាពជាក់ស្ដែង ប៉ុន្តែមិនត្រូវលើសពី៣នាក់ក្នុងមួយការិយាល័យឡើយ។

លោក ហ៊ែល សារ៉ាត់ បានបន្តទៀតថា ភ្នាក់ងារសន្តិសុខបោះឆ្នោត ត្រូវប្រមូលផ្តុំកម្លាំងយាមនៅទីកន្លែងរក្សាទុក ឬការពារការដឹកជញ្ជូនសម្ភារបោះឆ្នោតពីគោលដៅមួយទៅគោលដៅមួយ តាមការកំណត់របស់ គ.ជ.ប ឬ/និង គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់។

សមាជិក គ.ជ.ប រូបនេះបានអះអាងបន្ថែមថា គ.ជ.ប បានរៀបចំនូវការការពារសន្តិសុខ សណ្ដាប់ធ្នាប់សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក្នុងគោលបំណងសម្រេចបានគោលដៅសំខាន់ៗមួយចំនួន ដូចជា៖

* ការបង្ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧបាយកលពិសពិល ក៏ដូចជាការប៉ុនប៉ងបំផ្លិតបំផ្លាញ ឬធ្វើឱ្យរាំងស្ទះដល់ដំណើរការរៀបចំការបោះឆ្នោតតាមគ្រប់រូបភាព។

* ធានាបាននូវបរិយាកាសនយោបាយស្ងប់ស្ងាត់ អព្យាក្រឹត ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ប្រកបដោយសុវត្ថិភាព គ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យ និងអំពើហិង្ស។

* ផ្ដល់នូវសេវាសន្តិសុខជូនប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត តំណាង ឬភ្នាក់ងារបេក្ខជនគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ។

ទោះជាយ៉ាងណា គ.ជ.ប ក៏បានសំណូមពរដែរថា ដើម្បីធានាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ មានសុវត្ថិភាព គ.ជ.ប បានអំពាវនាវចំពោះគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ រចនាសម្ព័ន្ធសន្តិសុខបោះឆ្នោត គណៈបញ្ជាការឯកភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អង្គការមិនមែនរដ្ឋាភិបាលទាំងជាតិ-អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងភាគីពាក់ព័ន្ធទាំងអស់ សូមចូលរួមគោរព និងអនុវត្តច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធី គោលការណ៍ណែនាំរបស់ គ.ជ.ប និងក្រមសីលធម៌សម្រាប់ភាគីពាក់ព័ន្ធ ជាពិសេស គ.ជ.ប ក៏បានស្នើដល់គណបក្សនយោបាយ បេក្ខជន និងអ្នកគាំទ្រទាំងអស់ប្រកាន់ខ្ជាប់នូវជំហរចាស់ទុំខាងនយោបាយ ក្នុងការឃោសនាបោះឆ្នោតដែលកំពុងប្រព្រឹត្តទៅនេះ៕