(ភ្នំពេញ)៖ ខណៈសំណុំរឿងប្រមាថព្រះមហាក្សត្ររបស់ខ្លួនមិនទាន់បានដោះស្រាយនៅមុខតុលាការផង ទណ្ឌិត សម រង្ស៊ី បន្តខុសជាន់លើខុស និងប្រមាថព្រះមហាក្សត្រម្តងហើយម្តងទៀត ដោយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ទណ្ឌិតរូបនេះបានផ្សព្វផ្សាយខិត្តបណ្ណមួយ ដោយយកព្រះនាមព្រះមហាក្សត្រទៅលាបពណ៌ និងទាញផលប្រយោជន៍នយោបាយពីព្រះរាជគោលជំហរអព្យាក្រឹត្យរបស់ព្រះមហាក្សត្រខ្មែរ ដែលព្រះអង្គតែងតែមិនយាងទៅបោះឆ្នោតឡើយ ព្រោះព្រះអង្គជាស្តេចផែនដីដែលត្រូវរក្សាអព្យាក្រឹត្យភាព។

សម រង្ស៊ី និង គូកនពិតជាបានដឹងច្បាស់ណាស់ថាព្រះមហាក្សត្រ ព្រះអង្គមានសិទ្ធិបោះឆ្នោតដូចប្រជាពលរដ្ឋទូទៅដែរ ប៉ុន្តែព្រះអង្គមិនយាងទៅបោះឆ្នោតឡើយដោយ រក្សានូវអព្យាក្រឹត្យរបស់ព្រះអង្គចំពោះគណបក្សនយោបាយទាំង អស់ដែលសុទ្ធតែជាកូនចៅរបស់ព្រះអង្គ។ ចុះបើដឹងថាព្រះមហាក្សត្រមិនយាងទៅបោះឆ្នោត ហេតុអ្វីបានជា សម រង្ស៊ី ព្យាយាមទាញយកព្រះនាម និងព្រះកិត្តិស័ព្ទរបស់ព្រះមហាក្សត្រមកប្រើប្រាស់ភ្ជាប់នឹងយុទ្ធសាស្ត្រដ៏ឆ្កួតលីលារបស់ខ្លួន?

ទី១) ព្យាយាមទាញព្រះមហាក្សត្រ មកប្រឡូកប្រឡាក់នឹងផែនការទុច្ចរិតបំផ្លាញការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ៖ សម រង្ស៊ី និងក្រុមជនក្បត់ជាតិរបស់ខ្លួនបាន និងកំពុងអនុវត្តផែនការបំផ្លាញ ការបោះឆ្នោតនិងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការញុះញង់ពលរដ្ឋមិនឱ្យអនុវត្តសិទ្ធិបោះឆ្នោតខ្លួន បំផ្លាញការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ សម រង្ស៊ី និងបក្ខពួករបស់ខ្លួន មានចរិតក្រអឺត ក្រទមនិងមិនបានផ្តល់ការគោរពថ្វាយអង្គព្រះមហាក្សត្រ ដែលប្រជាពលរដ្ឋខ្មែរគោរពប្រតិបត្តិនោះឡើយ។ ពួកគេបានរំលោភលើរដ្ឋធម្មនុញ្ញ និងសីលធម៌ជាអ្នកនយោបាយដោយទាញយកព្រះនាមព្រះមហាក្សត្រមក ភ្ជាប់នឹងផែនការរំខាន អុកឡុក និងបំផ្លាញការបោះឆ្នោត ខណៈក្រុមខ្លួនប្រព្រឹត្តខុសច្បាប់ ក្បត់ជាតិ ឃុបឃិត ជាមួយបរទេសដើម្បីសម្លាប់ប្រជាធិបតេយ្យ និងផ្លាស់ប្តូររបប ដោយការធ្វើបដិវត្តន៍ពណ៌។

នេះជាចរិតប្រមាថព្រះមហាក្សត្រខ្មែររបស់ក្រុមអ្នកនយោបាយប្រឆាំងក្រៅច្បាប់។ ពួកគេបានលើកតម្កើង ចៅហ្វាយនាយបរទេសរបស់ពួកគេជាងព្រះមហាក្សត្រខ្មែរ និងជាងពលរដ្ឋខ្មែរ។ ពួកគេបានទាញចំណេញពីគោលជំហរអព្យាក្រឹត្យភាពព្រះមហាក្សត្រ ដែលគ្រប់អង្គព្រះមហាក្សត្រទាំងអស់មិនបានយាងទៅបោះឆ្នោតនោះឡើយ ប៉ុន្តែហេតុអ្វីបានជាពួកគេបំពានគោលការណ៍ទាំងនេះ? កម្ពុជាពិតជាកម្សត់ណាស់ ដែលមានក្រុមជនក្បត់ជាតិបានចាប់កំណើតជាខ្មែរ។ ពួកគេមានឈាមជ័រជាខ្មែរ ប៉ុន្តែបែរពួកគេលក់ក្បាលបម្រើផលប្រយោជន៍នយោបាយបរទេសដោយគ្មានការអៀនខ្មាស។

ទី២) ក្រុមសមរង្ស៊ី កំពុងក្បត់ជាតិ សាសនា ព្រះមហាក្សត្រ៖ សម រង្ស៊ី មិនត្រឹមតែក្បត់ជាតិដោយ ឃុបឃិតជាមួយបរទេសបំផ្លាញជាតិខ្មែរឡើយ ប៉ុន្តែទណ្ឌិតរូបនេះរួមនឹងគូកន បានក្បត់សាសនានិងក្បត់ព្រះមហាក្សត្រខ្មែរថែមទៀតផង។ ពួកគេធ្វើគ្រប់សកម្មភាពទាំងអស់ប្រឆាំងនឹងព្រះមហាក្សត្រ បំពានរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាដែលបានចែងថា អង្គព្រះមហាក្សត្រមិនអាចនរណាម្នាក់រំលោភបានឡើយ។ ទង្វើរបស់សម រង្ស៊ី និងបក្ខពួកក្បត់ជាតិនៅពេលនេះបានបង្ហាញយ៉ាងច្បាស់ថា ពួកគេជាអ្នកប្រជាធិបតេយ្យ និងអ្នកស្នេហាជាតិក្លែងក្លាយ និងស្ទើរភ្លើងប៉ុណ្ណោះ។ ចាប់តាំងពីការធ្វើនយោបាយមក សម រង្ស៊ីនិងក្រុមខ្លួន បានត្រឹមតែញុះញង់ប្រជាពលរដ្ឋ បញ្ឆេះកំហឹង បង្កើតឱ្យមានការស្អប់ខ្ពើមប្រកាន់ពូជសាសន៍បែងចែកវណ្ណៈ សង្គម និងបំបែកបំបាក់សាមគ្គីជាតិខ្មែរ។ ពួកគេបានក្បត់កម្ពុជាដោយទទួលបញ្ជាពីចៅហ្វាយនាយបរទេស អនុវត្តផែនការបដិវត្តន៍ពណ៌កម្ទេចប្រទេសកម្ពុជាដែលកំពុងតែមានសន្តិភាពនិងការអភិវឌ្ឍន៍នេះ។ អ្វីដែលសម រង្ស៊ី បានធ្វើគឺជាការញុះញង់បំបែកបំបាក់ រវាងស្ថាប័នព្រះមហាក្សត្រនិងប្រជាពលរដ្ឋ និងស្ថាប័នជាតិផ្សេងៗទៀត។ ទណ្ឌិត សម រង្ស៊ី កំពុងតែបំផ្លាញរបបរាជានិយមនៅកម្ពុជា បន្ថែមលើផែនការទុច្ចរិតបំផ្លាញការបោះឆ្នោត។ ពេលនេះ ពួកគេគឺជាជនក្បត់ជាតិ ក្បត់សាសនា និងក្បត់ព្រះមហាក្សត្រ។

ទី៣) ព្រះមហាក្សត្រជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ៖ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាចែងថា ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ និងនិរន្តរភាពជាតិ។ ព្រះមហាក្សត្រទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឱ្យមានភាពទៀងទាត់។ ហេតុដូច្នេះបានជា ព្រះមហាក្សត្របានចេញព្រះរាជសារអំពាវនាវពលរដ្ឋអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជ្រើសតាំងថ្នាក់ដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍនិងរីកចម្រើនថ្កើងថ្កានលើគ្រប់វិស័យ។ ការអំពាវនាវនេះគឺស្របតាមច្បាប់ និងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ ហេតុអ្វីបានជា សម រង្ស៊ី រួមនឹង គូកនរួមមាន អេង ឆៃអ៊ាង មូរ សុខហួរ ជាដើមទាញព្រះរាជតួនាទី ព្រះមហាក្សត្រចេញពីរដ្ឋធម្មនុញ្ញ និងកេង ចំណេញផលប្រយោជន៍នយោបាយពីព្រះរាជតួនាទីរបស់ព្រះមហាក្សត្រនៅពេលនេះ? នេះក៏ជាការរំលោភច្បាប់យ៉ាងធ្ងន់ធ្ងរផងដែរ ដែលក្រុមក្បត់ជាតិបានរំលោភបំពានរដ្ឋធម្មនុញ្ញ។ ក្រុមបក្សប្រឆាំងក្រៅច្បាប់ បានរុញពលរដ្ឋឱ្យចូលក្នុងភាពបែកបាក់ជាតិ និងចូលរួមប្រមាថព្រះចេស្តាព្រះមហាក្សត្រ ដូចខ្លួនក្រុមខ្លួនដែរ។

សរុបមកវិញ មនុស្សដែលទទួលបានការអប់រំខ្ពស់ មានសញ្ញាបត្របណ្ឌិតដូច សម រង្ស៊ី ប៉ុន្តែទណ្ឌិត រូបនេះបានក្លាយទៅជាមនុស្សឆ្កួតលីលានៅពេលនេះ ក្រោយពីខកចិត្ត និងមានវិបត្តិផ្លូវចិត្តរាប់មិនអស់ដោយសារតែបរាជ័យម្តង ហើយម្តងទៀតក្នុងការប្រកួតប្រជែងការបោះឆ្នោត មិនឈ្នះគណបក្សប្រជាជនកម្ពុជា និងមិនអាចយកឈ្នះប្រជាប្រិយភាព របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន។ សម រង្ស៊ី ពិតជាមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរដោយសារតែក្តីស្រម៉ៃដែលខ្លួនមានបានសាបរលត់បាត់ និងជាមនុស្សបរាជ័យចាស់វស្សាដោយ ធ្វើនយោបាយតាំងពីមានបក្សដឹកនាំ រហូតដល់ជ្រកក្រោមចលនាឧទ្ទាមខុសច្បាប់។ ក្នុងដង្ហើមចុងក្រោយរបស់ខ្លួន សម រង្ស៊ី និងបក្ខពួកក្បត់ជាតិរបស់ខ្លួនគ្មានអ្វីក្រៅពីបំផ្លាញកម្ពុជា សម្លាប់លទ្ធិប្រជាធិ បតេយ្យ ប្រមាថព្រះចេស្តាព្រះមហាក្សត្រ បំផ្លាញរបបរាជានិយមចោលឡើយ ព្រោះខ្លួននឹងគ្មានសង្ឃឹមវិលចូលមកក្នុងប្រទេសកម្ពុជាវិញ ខ្លួនគ្មានសង្ឃឹមថា អាចស្រោចស្រង់ជីវិតនយោបាយរបស់ខ្លួនឡើងវិញ បានឡើយ ព្រោះពួកគេបាននិងកំពុងដើរលើផ្លូវខុសហើយខុសទៀត និងកំពុងលង់ខ្លួនក្នុងអំពើទុច្ចរិត ដែលច្បាប់មិនអាចអត់ឱនឱ្យបានឡើយ៕

ដោយ៖ ចៅ ចាក់ស្មុក
ស្រុកកំចាយមារ ខេត្តព្រៃវែង ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨