(ហ្វាំងឡង់)៖ ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានចេញមុខ​ការពាររុស្ស៊ី​ពីការចោទប្រកាន់​ពាក់ព័ន្ធនឹងការលូកដៃ​ចូល ក្នុងកិច្ចការ​បោះឆ្នោតប្រធានាធិបតី​អាមេរិក​កាលពីឆ្នាំ២០១៦ នៅក្នុងបរិបទ​ដែល FBI និងទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អាមេរិក​ជាច្រើន​ទៀតសុទ្ធ​តែជឿថា រុស្ស៊ីជាអ្នកនៅពីក្រោយ​ការលូកលាន់​នេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកក្កដា ឆ្នាំ២០១៨។

លោក ត្រាំ បានបង្កការភ្ញាក់​ផ្អើលជាថ្មី បន្ទាប់ពីជំនួបមួយ​ស្មើជាមួយប្រធានាធិបតី​រុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ក្នុងទីក្រុង​ហែលស៊ីនគី ប្រទេស​ហ្វាំងឡង់ អស់រយៈពេល​ជាង ២ម៉ោង នៅថ្ងៃចន្ទ​សប្ដាហ៍នេះ ដោយលោក​ផ្ទាល់បានសម្ដែង​ការប្រឆាំងជំទាស់​ នឹងទីភ្នាក់ងារ​ស៊ើបការណ៍សំងាត់អាមេរិក ហើយថាគ្មានហេតុផល ឬភស្ដុតាង​ណាមួយចោទប្រកាន់​លើទីក្រុងម៉ូស្គូថា ជាអ្នកលូកលាន់​ក្នុងកិច្ចការ បោះឆ្នោត​អាមេរិក​នោះឡើយ។​

ចំណែកឯលោក ពូទីន ក៏បានបដិសេធ​ដែរថា រុស្ស៊ីមិនដែលជ្រៀត​ជ្រែកក្នុងកិច្ចការ​ផ្ទៃក្នុងរបស់ សហរដ្ឋអាមេរិក​នោះទេ។ លោក ដូណាល់ ត្រាំ ថ្លែងបែបនេះ​នៅពេលត្រូវបាន​អ្នកសារព័ត៌មានសាក​សួរថា តើលោកជឿជាក់លើ​ទីភ្នាក់ងារ​ស៊ើបការណ៍សំងាត់ របស់លោក ឬក៏លោក​ពូទីន។ «ប្រធានាធិបតី​រុស្ស៊ី ពូទីន និយាយថា​មិនមែនរុស្ស៊ី​នោះទេ ហើយខ្ញុំក៏មើលមិនឃើញថា មាន​ភស្ដុតាង ឬហេតុផលណា​មួយថា រុស្ស៊ីជាធ្វើវាបោះដែរ»។ នេះគឺជាចម្លើយ​តបរបស់លោក ត្រាំ។

គួរបញ្ជាក់ថា កាលពី​ឆ្នាំ២០១៦ ទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក បានសន្និដ្ឋានថា រុស្ស៊ីជាអ្នកនៅពីក្រោយ​ការលូកដៃចូល​ក្នុងកិច្ច​ការបោះឆ្នោត​អាមេរិក ដើម្បី​ជួយឱ្យលោក ដូណាល់ ត្រាំ ផ្ដួលលោក​ស្រី ហ៊ីលឡារី គ្លីនតុន។ មួយវិញ​ទៀតកាលពីប៉ុន្មាន​ថ្ងៃមុន រដ្ឋអាជ្ញាពិសេសអាមេរិក​បានចោទប្រកាន់​មន្រ្តីរុស្ស៊ី ១២រូប ជុំវិញការ​លូក​លាន់ចូលកិច្ចការ​បោះឆ្នោត​អាមេរិក​កាលពី​ឆ្នាំ២០១៦ ហើយទាំង​អំពាវនាវឱ្យលោក ត្រាំ លុបចោលជំនួប​ជាមួយលោក ពូទីន ទៀតផង៕