(កណ្ដាល)៖ ​នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តំណាង​​នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំប្រតិភូអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំផ្លាស់ប្ដូរបទពិសោធន៍ រវាងស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល, ពោធិ៍សាត់, កំពង់ឆ្នាំង, កំពង់ស្ពឺ និងតាកែវ នាព្រឹកថ្ងៃ​ទី១៦ ខែកក្កដា ឆ្នាំ២០១៨នេះ នៅស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល។

កិច្ចប្រជុំនេះ មានវត្ដមានចូលរួមពី លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្ដកណ្ដាល​, លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្ដពោធិ៍សាត់​, លោកឧត្តមសេនីយ៍ទោ ឡុច សុវណ្ណារ៉ា ស្នងការនគរបាលខេត្ដកំពង់ឆ្នាំង​, លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​, លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ដតាកែវ និងសហការីជាច្រើនរូបទៀត។

បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ​​នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ​និងប្រតិភូអមដំណើរ​ ព្រមទាំងសហការី បានអញ្ជើញទស្សនា ការបង្ហាញបទពិសោធន៍ការងារទប់ស្កាត់ និងបង្រ្កាបក្រុមបាតុកម្ម​របស់មន្រ្ដីនគរបាលខេត្ដកណ្ដាល នៅបរិវេណកីឡដ្ឋានខេត្ដកណ្ដាល។​

នាយឧត្ដមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែងថា ​ក្នុងនាមលោកតំណាង​នាយឧត្ដមសេនីយ៍ សន្ដិបណ្ឌិត អគ្គស្នងការនគរបាលជាតិ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអស់លោក-លោកស្រីទាំងអស់ ដែលជាមន្រ្ដីនគរបាល នៃស្នងការដ្ឋាននគរបាលខេត្ដកណ្ដាល ដែលបានខិតខំរៀនសូត្រមុខវិជ្ជាជំនាញរបស់កងកម្លាំងនគរបាលជាតិ ហើយបានយកបទពិសោធន៍នេះ មកបង្ហាញបានយ៉ាងល្អប្រសើរ​។​

នាយឧត្តមសេនីយ៍ អគ្គស្នងការរងរូបនេះ ក៏បាន​កោតសសើរដល់ការដឹកនាំរបស់លោកស្នងការ ក៏ដូចជាលោក-លោកស្រីស្នងការរង និងការខិតខំប្រឹងប្រែងរបស់មន្រ្ដីនគរបាលទាំងអស់ ហើយការខិតខំនេះបានបង្ហាញឲ្យឃើញពីស្មារតីរួមគ្នា ដើម្បីរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងបម្រើប្រជាពលរដ្ឋនៅក្នុងខេត្ដកណ្ដាលឲ្យបានល្អប្រសើរ ព្រមទាំង​ផ្ដាំផ្ញើ​អស់លោក-លោកស្រី ត្រូវចងចាំថា នគរបាល គឺជាអ្នកថែរក្សាសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គម និងជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយនាយរបស់ប្រជាពលរដ្ឋឡើយ​៕