(ភ្នំពេញ)៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ជុំវិញការកំណត់តម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាមស្ថានីយបានបញ្ជាក់ថា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៨តម្លៃសាំង រក្សាបានតម្លៃដដែល គឺសាំងធម្មតា ៣,៩៥០រៀល និងម៉ាស៊ូតតម្លៃ ៣,៧៥០រៀលក្នុងមួយលីត្រ។

ក្រសួងពាណិជ្ជកម្ម បានកំណត់រយៈពេល១៥ថ្ងៃម្តង សម្រាប់ចេញសេចក្តីប្រកាស ពីការកំណត់តម្លៃសាំងលក់រាយ តាមស្ថានីយប្រេងឥន្ធនៈ។

សូជម្រាបថា ដើម្បីសម្រាលបន្ទុកការចំណាយរបស់ប្រជាពលរដ្ឋ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាបញ្ចុះតម្លៃប្រេងឥន្ធនៈចំនួន១៦០រៀលក្នុង១លីត្រ អនុត្តន៍ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨តទៅ។ ការអន្តរាគមន៍នេះ ធ្វើឲ្យរាជរដ្ឋាភិបាល បាត់ចំណូលក្នុងរង្វន់៣០លានដុល្លារ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់បទបញ្ជា ឲ្យក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរដែនដីគ្រប់ខេត្ត ត្រូវពិនិត្យតាមដានមើលថា តើស្ថានីយទាំងអស់នោះ មានបញ្ចុះតម្លៃលក់ប្រេងឥន្ធនៈ ដូចការកំណត់របស់រាជរដ្ឋាភិបាលដែរទេ ដើម្បីឲ្យការអនុវត្តន៍នេះ ផ្តល់ផលចំណេញដល់ ប្រជាពលរដ្ឋពិតប្រាកដ៕