(បាត់ដំបង)៖ កម្លាំងនគរបាលស្រុកថ្មគោល នៅល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ បានធ្វើការបង្រ្កាបឃាត់ខ្លួន បានជនជួញដូរថ្នាំញៀនម្នាក់ រួមនឹងម៉ាទឹកកក១៨ថង់ នៅចំណុចភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង រួចកសាងសំណុំរឿងបញ្ជូនមកស្នងការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់។

យោងតាមរបាយរបស់សមត្ថកិច្ចនគរបាលស្រុកថ្មគោលបានឲ្យដឹងថា នៅវេលាម៉ោង ១៨៖៣០នាទីល្ងាចថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល កម្លាំងនគរបាលស្រុកថ្មគោលបានបង្រ្កាបជនជួញដូរថ្នាំញៀនម្នាក់ក្នុងបទល្មើសជាក់ស្តែង រួមនឹងម៉ាទឹកកក១៨ថង់មានទម្ងន់ស្មើនឹង៣.៦៩ក្រាម និងសម្ភារមួយចំនួនទៀត។

ក្នុងរបាយការណ៍ដដែលនោះបានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចបានឃាត់ខ្លួនបាននៅនឹងកន្លែង មានឈ្មោះ ធុច ចាន់លី ភេទប្រុស អាយុ៣៦ឆ្នាំ មានមុខរបមិនពិតប្រាកដ រស់នៅភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង បន្ទាប់ពីការឃាត់ខ្លួនរួចបាននាំយកមកសាកសួរ នៅអធិការស្រុកថ្មគោល រួចកសាងសំណុំរឿងបញ្ជូនទៅស្នងការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕