(បាត់ដំបង)៖ ក្រុមចោរក្មេងស្ទាវស្ទើរភ្លើង២នាក់ បានធ្វើសកម្មភាពឆក់កាបូបជនបរទេសនៅតាមដងផ្លូវ អស់លក្ខណ៍ត្រូវសមត្ថកិច្ចដេញចាប់ខ្លួនបាន ក្រោយធ្វើសកម្មភាពរួច។ ប្រតិបត្តិការបង្គ្រាបនេះ ធ្វើឡើងនៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចជិតផ្សារលើ ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង។

យោងតាមលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅវេលាម៉ោង៨យប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុច ជិតផ្សារលើ ស្ថិតនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង មានជនសង្ស័យចំនួន២នាក់ បានធ្វើសកម្មភាពឆក់កាបូបរបស់ជនបទេស ឈ្មោះ រីប៊ីកា អាន់ ភេទស្រី អាយុ១៨ ឆ្នាំ ជនជាតិអង់គ្លេស ហើយករណីនេះកម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជា្រវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ មានទី១៖ឈ្មោះ ផុន សាន់ផេង ភេទប្រុស អាយុ១៧ឆ្នាំ និងទី២៖ឈ្មោះគង់ រតនៈ ភេទប្រុស អាយុ១៧ ឆ្នាំស្នាក់នៅភូមិអូរតាគាំ១សង្កាត់ទួលតាឯក ក្រុង-ខេត្តបាត់ដំបង ព្រមទាំងបានដកហូតវត្ថុតាង ម៉ូតូ១គ្រឿង ទូរស័ព្ទ១គ្រឿង ប្រាក់ចំនួន៤,៥០០រៀល ដុល្លារ៧ដុល្លារ។

បច្ចុប្បន្នកម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យទាំង២នាក់ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕