(ភ្នំពេញ)៖ ស្ត្រីម្នាក់ដែលជាកូនបំណុល បានរងរបួសធ្ងន់បែកមុខបែកមាត់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ព្រោះតែរឿងជំពាក់លុយមិត្តភក្តិ១០០០ដុល្លាមិនព្រមសង ហើយនិយាយពាក្យឌឺដងជាច្រើន លើកជាច្រើនសារបន្ថែមទៀតនោះ ទើបធ្វើឲ្យស្ត្រីដែលជាម្ចាស់បំណុល និងគូកនប្រុសស្រី២នាក់ទៀត កើតកំហឹងទ្រាំលែងបាន ក៏ស្ទុះចូលទៅវាយដល់ក្នុងផ្ទះ។

ក្រោយកើតហេតុបុរសស្ត្រីដែលជាជនបង្កទាំងបីនាក់ ត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗ យកមកប៉ុស្តិ៍នគរបាលកាកាបទី១ ដើម្បីសួរនាំ។

ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង៥៖៥០នាទីព្រលប់ ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិប៉ប្រ៉កត្បូង សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

មន្ត្រីនគរបាលបានឲ្យដឹងថា ស្រ្តីរងគ្រោះឈ្មោះ ម៉ៅ ស្រីណុច អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើត ខេត្តកំពង់ស្ពឺ។ ចំណែកជនបង្កទី១ ឈ្មោះ ហួត សុខា ភេទស្រី អាយុ៤៤ ឆ្នាំមុខរបរជាកម្មកររោងចក្រ, ទី២. ឈ្មោះ ថុ ស្រីណាត ភេទស្រី អាយុ៤០ឆ្នាំ មុខរបរលក់ចាប់ហួយ និងទី៣.ឈ្មោះ វ៉ាន់ កុសល ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរអ្នករត់ម៉ូតូកង់បី ដែលអ្នកទាំង៣នាក់ស្នាក់នៅភូមិប៉ប្រកត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

មន្ត្រីនគរបាលដដែលបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីដែលជាជនរងគ្រោះឈ្មោះ ម៉ៅ ស្រីណុច បានកំពុងតែអង្គុយហូបបាយ នៅក្នុងបន្ទប់ជួល ក៏ស្រាប់តែស្រ្តីដែលជាម្ចាស់បំណុល ឈ្មោះ ថុ ស៊ីណាត បានមកជេរឌៀមដាម និងថែមទាំងចូលទៅវ៉ៃជនរងគ្រោះ និងចាប់អូសចេញមកខាងក្រៅ។ ចំណែកបក្ខពួក២នាក់ទៀត ក៏បានចូលរួមវាយលើជនរងគ្រោះយ៉ាងដំណំរងរបួសធ្ងន់ បែកមុខបែកមុខបែកមាត់ និងរបួសជាច្រើនកន្លែងថែមទៀត ត្រូវដឹងយកទៅព្យាបាលនៅគ្លីនិកឯកជនផងដែរ។

ភ្លាមៗនោះកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនបង្ក៣នាក់ យកមកសួរនាំ និងបញ្ជូនបន្តនៅកាន់ផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនិតិវិធីច្បាប់៕