(បាភ្នំ-ព្រៃវែង)៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី ១ខ្នង ២ជាន់ ១២បន្ទប់ ដែលជា​អំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅវិទ្យាល័យបឹងព្រះ ស្ថិតនៅភូមិអង្គ្រង ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលមានប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួម​ប្រមាណ ៣.០០០នាក់ លោក​ ព្រុំ សុខា​ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ប្រធានក្រុមការងារស្រុក និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ក្នុងពិធីនាពេលនោះ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ពិសេសកូនចៅយុវវ័យជំនាន់ក្រោយ​ត្រូវចង​ចាំជានិច្ចនូវមេរៀនជាប្រវត្តិសាស្ត្ររបស់ជាតិយើង ក្រោយការផ្ទុះសង្គ្រាមនៅឆ្នាំ១៩៧០ ការឆ្លងកាត់របប​ប្រល័យពូជ​សាសន៍ខ្មែរក្រហមរយៈពេល ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ចាប់ពីឆ្នាំ១៩៧៥ និងការរស់ឡើងវិញ ដ៏អស្ចារ្យរបស់ទឹកដី និងប្រជាជនយើងក្រោយឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែល​បានផ្តួលរំលំ និងទប់ស្កាត់មិនឱ្យរបបឃោរឃៅប្រល័យពូជសាសន៍វិលត្រឡប់មកវិញសារជាថ្មីម្តងទៀត ព្រមទាំង​ការតស៊ូបញ្ចប់សង្គ្រាមនាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ​ បង្កលក្ខណៈសម្បត្តិឱ្យប្រទេសជាតិមានការរីក​ចម្រើន អភិវឌ្ឍ ដោយចីរភាព ជីវភាពប្រជាជន ពិសេសនៅតំបន់ជនបទក្រីក្រកាន់តែបានធូរធារជាលំដាប់។

ត្រង់ចំណុចនេះ លោកប្រធានក្រុមការងារក៏បានគូសបញ្ជាក់អំពីបំណងប្រាថ្នាដ៏ទទូចរបស់ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់​​​នៅ​ទូទាំងប្រទេសដែលចង់ឃើញមាតុភូមិជាទីស្រលាញ់របស់ខ្លួនបន្តមានសុខសន្តិភាព ស្ថេរភាព រឹងមាំ​លើមាគ៌ានៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស និងនីតិរដ្ឋដែលសមស្របជាមួយនឹង​ស្ថានភាពនិងបរិបទ​ជាក់ស្តែង​​របស់​កម្ពុជាដូចពេលបច្ចុប្បន្ន ដើម្បីការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមយ៉ាងឆាប់រហ័សសម្រាប់​អនាគត​រុងរឿងថ្កុំថ្កើង​របស់ទឹកដី និងប្រជាជនយើងជារៀងរហូត។

ចំពោះការវិវត្តប្រែប្រួល​នៃស្ថានការណ៍​ចុងក្រោយរបស់​ប្រទេសជាតិ​ទាក់ទងដល់ការឃោសនាអកុសលពីសំណាក់ក្រុមប្រឆាំងខុសច្បាប់​នៅក្រៅ​ប្រទេស ដែលកំពុង​ញុះញង់មូល​បង្កាច់​បង្ខូច បំផ្លើសការពិតសំដៅ​បំផ្លាញ​ការបោះឆ្នោត និងប្រឆាំងផលប្រយោជន៍​ប្រជាជនខ្លួនឯង​ផ្ទាល់តាមរយៈ​របស់ដែលហៅថា ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ចមកលើកម្ពុជា លោក ព្រុំ សុខា បានថ្លែង​ក្នុងនាម​ប្រជាពលរដ្ឋ​កម្ពុជាដែលធ្លាប់រងគ្រោះដោយ​សារសង្គ្រាមស៊ីវិល ដោយសារ​របបប្រល័យពូជសាសន៍ ដោយសារ​មរតក​នៃការ​ប្រកួតប្រជែង​មនោគមវិជ្ជាក្នុង​សង្គ្រាម​ត្រជាក់កន្លងទៅថា៖ «យើងទាំងអស់គ្នាមានជំនឿថាអន្តរជាតិ និង​​មជ្ឈដ្ឋាន​បរទេសមួយចំនួននឹងផ្តល់យុត្តិធម៌​ដល់​ប្រជាជនកម្ពុជាដោយមិនប្រកាន់ជំហរ ឬធ្វើអំពើខុសឆ្គង​ណាមួយ ដែលផ្ទុយពីសច្ចៈ​ធម៌​ប្រវត្តិ​សាស្ត្រ ដូចក្នុងដើមទសវត្សទី៨០សារ​ជាថ្មីម្តងទៀតនោះទេ​» ។

បន្ទាប់ពីបានធ្វើការកោតសរសើរដល់ប្រជាពលរដ្ឋទូទាំងឃុំដែលនៅតែរួបរួមសាមគ្គីគ្នាគាំទ្រ​ដោយឥតងាក​រេ​ចំពោះការដឹកនាំរបស់គណប្រជាជនកម្ពុជា ថ្លែងចុងក្រោយនៃពិធី លោកប្រធានក្រុមការងារស្រុកបានអំពាវនាវ​​ឱ្យប្រជាពលរដ្ឋទាំងអស់ ទាំងអ្នកដែលរស់នៅជាអចិន្ត្រៃយ៍ក្នុងមូលដ្ឋានភូមិឃុំ ទាំងអ្នកដែលធ្វើចំណាកស្រុក​ ហើយដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះឱ្យបានគ្រប់ៗគ្នាកុំបីអាក់ខាន។

បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ ដើម្បីសន្តិភាព លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បីការអភិវឌ្ឍសម្រាប់អនាគតត្រចះត្រចង់របស់យើងទាំងអស់​គ្នា និងកូនចៅយើងជំនាន់ក្រោយបន្តទៅទៀត៕