(កណ្តាល)៖ ដោយទទួលបានការណែនាំពី អគ្គបណ្ឌិតសភាចារ្យ  អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងសហការី បានចូលរួមជាអធិបតីភាពក្នុងកម្មវិធីសំណេះសំណាល ជាមួយប្រជាសហគមន៍ផលិតស្រូវ នៅក្នុងស្រុកខ្សាច់កណ្តាល និងផ្សព្វផ្សាយអំពីបច្ចេកទេសក្នុងការដាំស្រូវសែនក្រអូប ជូនដល់តំណាងសហគមន៍ចំនួន ១,០០០រូប មកពី៧ឃុំ ក្នុងស្រុកខ្សាច់កណ្តាល។

យោងតាមរបាយការណ៍ស្វាគមន៍របស់ លោកអភិបាលរងស្រុកខ្សាច់កណ្តាល បានលើកឡើងថា ស្រុកខ្សាច់កណ្តាល មានផ្ទៃដីធ្វើស្រូវវស្សា ៥,៦០០ហិកតា ស្រូវប្រាំង ៥,០០០ហិកតា ផ្ទៃដីដាំបន្លែគ្រប់ប្រភេទ ៣,៥០០ហិកតា។ ទិន្នផលស្រូវវស្សាទទួលបាន ១៨,០០០តោន ក្នុងមួយឆ្នាំ និងស្រូវប្រាំង ២០,០០០តោនក្នុងមួយឆ្នាំ។

ឆ្លៀតក្នុងឱកាសនោះ ដោយមើលឃើញពីតម្លៃនៃអង្ករសែនក្រអូប និងដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍ និងធ្វើការប្រកួតប្រជែងការផលិតជាមួយប្រទេសជិតខាង លោក កៅ ថាច បានថ្លែងថា បច្ចុប្បន្ននេះនៅលើទីផ្សារអន្តរជាតិ មានការបញ្ជាទិញអង្ករសែនក្រអូបពីកម្ពុជា ហើយអង្ករប្រភេទនេះកំពុងតែមានតម្លៃ និងមានតម្រូវការខ្ពស់នៅក្រៅប្រទេស។

តាមរយៈវេទិការនេះលោក កៅ ថាច បានលើកទឹកចិត្ត និងស្នើសុំដល់ប្រជាសហគមន៍ងាកមកដាំដុះស្រូវសែនក្រអូប ជំនួសស្រូវដែលកំពុងដាំដុះវិញ ពីព្រោះរយៈពេលនៃការផលិតសែនក្រអូបមានរយៈពេលខ្លី មានតម្លៃខ្ពស់នៅលើទីផ្សារ និងពុំមានការបារម្ភចំពោះទីផ្សារផងដែរ។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្តថា កន្លងមកដើម្បីលើកកម្ពស់ការផលិតស្រូវ និងកាត់បន្ថយថ្លៃដើមរបស់ប្រជាកសិករ តាមរយៈគម្រោងជំរុញផលិតកម្មស្បៀង (Boosting Food Production) រាជរដ្ឋាភិបាលបានជួយឧបត្ថម្ភធនលើតម្លៃពូជស្រូវ សម្រាប់ប្រជាកសិករប្រមាណ ១,០០០រៀល ក្នុង១គីឡូក្រាម មានន័យថា ប្រសិនអ្នកផលិតពូជស្រូវលក់ក្នុងតម្លៃ ៣,០០០រៀល ក្នុង១គីឡូក្រាម ជូនប្រជាកសិករ គឺរដ្ឋជួយចេញថ្លៃ ១,០០០រៀល ហើយកសិករចេញតែ ២,០០០រៀលទេ។ ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានគិតគូរខ្ពស់ ដោយធ្វើយ៉ាងណា សម្រួលដល់ការប្រកបរបរកសិកម្មរបស់ប្រជាកសិករ។ បន្ថែមលើនេះរាជរដ្ឋាភិបាលកម្ពុជា មានគោលនយោបាយមិនយកពន្ធលើដីកសិកម្មពីបងប្រជាកសិករឡើយ។

តាមរយៈយន្តការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ បានទម្លាក់ឥណទានដល់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកៃច្នៃ និងនំាចេញអង្ករ និងមជ្ឈមណ្ឌល ឬអ្នកប្រមូលទិញស្រូវ ដើម្បីធ្វើការទិញស្រូវតាមតម្លៃទីផ្សារ ដូចនេះតាមរយៈវេទិកាសំណេះសំណាលនៅថ្ងៃនេះ លោក កៅ ថាច មានគោលបំណងផ្សារភ្ជាប់រវាងសហគមន៍អ្នកផលិតស្រូវ ជាមួយតួអង្គអ្នកទទួលទិញស្រូវទាំងនោះ តាមកិច្ចសន្យាកសិកម្ម ដើម្បីធានាថាតម្លៃស្រូវមានទីផ្សារច្បាស់លាស់។

ជាព័ត៌មានបន្ថែមដល់ប្រជាសហគមន៍ លោក កៅ ថាច បានថ្លែងថា នៅពេលនេះឃ្លាំងស្តុកស្រូវចំនួន ៥ម៉ឺនតោន និងឡសម្ងួតស្រូវ ១,៥០០តោនក្នុងមួយថ្ងៃ ស្ថិតនៅតំបន់ខេត្តព្រៃវែង និងតំបន់ខេត្តកំពង់ស្ពឺ ដែលជាឥណទានពិសេស របស់រាជរដ្ឋាភិបាលផ្តល់ជូនក្រុមហ៊ុនខ្មែរហ៊្វូតគ្រុប បានសាងសង់រួចរាល់។ ហើយក្រុមហ៊ុននេះ មានលទ្ធភាពគ្រប់គ្រាន់ក្នុងការស្រូបយកស្រូវ របស់ប្រជាកសិករផលិតស្រូវក្នុងតំបន់ជុំវិញខេត្តបាន ជាពិសេសស្រុកខ្សាច់កណ្តាល សំខាន់ប្រជាកសិករគ្រាន់តែខិតខំផលិតស្រូវមានតម្រូវការខ្ពស់ និងមានគុណភាពតែប៉ុណ្ណោះ។​ ចំពោះទីផ្សារ រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនកែច្នៃ និងនំាចេញអង្ករ និងមជ្ឈមណ្ឌល ឬអ្នកប្រមូលទិញស្រូវ ដែលជាដៃគូររបស់ធនាគារអភិវឌ្ឍន៍ជនបទ នឹងរង់ចាំទទួលទិញតាមតម្លៃទីផ្សារ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក កៅ ថាច បានសំណូមពរ និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ដែលមានសិទ្ធិបោះឆ្នោត ហើយដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ឱ្យបានគ្រប់ៗគ្នាកុំបីខាន ដើម្បីអនុវត្តន៍សិទ្ធិពលរដ្ឋក្នុងនាមជាម្ចាស់ ជោគវាសនានៃប្រទេសរបស់ខ្លួន៕