(កំពង់ធំ)៖ ប្រាសាទសំបូរព្រៃគុក គឺជាប្រាសាទបុរាណចំណាស់មួយ ក្នុងចំណោមប្រាសាទដទៃទៀត ក្នុងប្រទេសកម្ពុជា ក្នុងនោះប្រាសាទនេះត្រូវបានដាក់បញ្ជូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ ហើយក៏ជាសម្បត្តិបេតិកភណ្ឌពិភពលោករូបីទី៣ដែរ បន្ទាប់ប្រាសាទអង្គរវត្ត (ឆ្នាំ១៩៩២) និងប្រាសាទព្រះវិហារ (ឆ្នាំ២០០៨)។ 

ជាក់ស្តែងនារសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយអភិបាលរងខេត្ត សហភាពសហព័ន្ធយុវជនខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋជាច្រើននាក់ បានចូលរួមក្នុងពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ សម្រាប់ការរៀបចំព្រឹត្តិការណ៍អបអរសាទរខួប១ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ នៅរមណីយដ្ឋានប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក នៃបរិវេណប្រាសាទយាយព័ន្ធ ស្ថិតនៅភូមិអូរគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ពិធីនេះត្រូវបានប្រារព្ធឡើងតាមបែបព្រហ្មញ្ញសាសានា ដែលនៅក្នុងនោះ មានពិធីថ្វាយគ្រឿងសក្ការៈទិសទាំង៨ ពិធីថ្វាយគ្រឿងសក្ការៈទិសធំ ពិធីប្រកាសឧទ្ទិសបួងសួង និងពិធីប្រគំភ្លេងថ្វាយទសបារមី តាមបែបបុរាណ និងគន្លងប្រពៃណីទំនៀមទម្លាប់ ជំនឿសាសនា របស់ខ្មែរក្នុងបុព្វហេតុ បួងសួងសុំសេចក្ដីសុខ សម្រាប់ព្រឹត្តិការណ៍ទាំងមូល ជាពិសេសបូជាដល់ស្ដេចក្រុងពាលី ដើម្បីជាលំអានសម្រាប់អនុជនជំនាន់ក្រោយ បានដឹង បានយល់ បានស្គាល់ និងបន្តថែរក្សាមរតកឱ្យបានគង់វង្សសម្រាប់ថ្ងៃអនាគត។

សូមបញ្ជាក់ថា នៅវេលាម៉ោង៩ព្រឹក ថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០១៨នេះ នៅតាមវត្តអារាម នឹងធ្វើពិធីទូងស្គរជ័យយ៉ាងគគ្រឹកគគ្រេង ដើម្បីអបអរសាទរខួប ១ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក៕