(ភ្នំពេញ)៖ យុវជន យុវតី ដែលជាកុលបុត្រ កុលធីតាខ្មែរ ត្រូវបានចាត់ទុកជាកម្លាំងស្នូល និងជាចលករដ៏សំខាន់សម្រាប់ជ្រោងការអភិវឌ្ឍជាតិឲ្យកាន់តែរីកចម្រើន។ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខចាប់តាំងពីរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧ មករា ១៩៧៩ បានយកការអភិវឌ្ឍធនធានមនុស្ស ពង្រឹងសមត្ថភាពចំណេះដឹងរបស់យុវជន យុវតី គឺជាបញ្ហាអាទិភាពមួយ ក្នុងចំណោមបញ្ហាអាទិភាព៣ផ្សេងទៀត គឺទឹក ផ្លូវ និងភ្លើង។

សម្រាប់អាណត្តិទី៦ ប្រសិនបើគណបក្សប្រជាជនកម្ពុជា បន្តឈ្នះឆ្នោតសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី តើយុវជន-យុវនារី ទទួលបានអត្ថប្រយោជន៍អ្វី?

នៅថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសក្តែងៗថា យុវជនគ្រប់រូបនឹងទទួលបានឱកាសពេញលេញក្នុងការអប់រំ មានការងារធ្វើ និងចូលរួមធ្វើសេចក្តីសម្រេចចិត្តទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ គ្រប់ស្រុកមានវិទ្យាល័យ គ្រប់ឃុំមានអនុវិទ្យាល័យ និងតាមភូមិមានសាលាបឋមសិក្សា។

ក្នុងឱកាសនោះសម្តេតេជោ ហ៊ុន សែន ក៏បានប្រកាសដែរថា បើសម្តេចបន្តដឹកនាំរាជរដ្ឋាភិបាល ប្រជាជនទូទៅនឹងទទួលបានសេវាសុខភាពកាន់តែប្រសើរ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ។ ប្រជាជនក្រីក្រ និងអ្នកខ្វះលទ្ធភាពទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតបង់ថ្លៃនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ៕