(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានលើកឡើងថា បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ បានន័យថា គឺបានបោះឆ្នោតឲ្យខ្លួនយើងផ្ទាល់។

ការលើកឡើងយ៉ាងដូច្នេះរបស់លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម បានធ្វើក្នុងឱកាសដែលលោក អញ្ជើញចូលរួមក្នុង ពិធីឃោសនាបោះឆ្នោត ជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៦ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម ដែលមានការចូលរួមពីប្រជាពលរដ្ឋ មកពីភូមិដូនដុំ ឃុំសូទិព្ធ ស្រុកជើងព្រៃ ខេត្ដកំពង់ចាម សរុបជាង៥០០នាក់ នាព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨នេះ។

ថ្លែងនៅក្នុងពិធីខាងលើនេះ តំណាងរាស្ដ្រ ម៉ា ឈឿន បានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាវីរៈជនដ៏ឆ្នើមរបស់កម្ពុជា ដែលបានក្រោកឡើង រំដោះប្រទេសជាតិ ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោកបណ្ឌិត ម៉ា ឈឿន បានលើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន បានកសាងស្នាដៃ ជូនប្រទេសកម្ពុជា រួមមាន៖ នាំមកនូវសុខសន្ដិភាព ជូនប្រជាជន និងប្រទេសជាតិ * ការបង្រួបបង្រួមជាតិ * ឯកភាពជាតិ​ * លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។

ជាមួយគ្នានោះ គណបក្សប្រជាជនកម្ពុជា បានអភិវឌ្ឍសេដ្ឋកិច្ច លើគ្រប់វិស័យ (រោងចក្រសហគ្រាស, សាលារៀន, មន្ទីរពេទ្យ, សំណង់ធារាសាស្ដ្រ, វត្ដអារ៉ាម, បណ្ដុះបណ្ដាលធនធានមនុស្ស ដោះស្រាយជីវភាព របស់ប្រជាពលរដ្ឋ តាមភូមិ-ឃុំ -ល-)។ នេះជាការគូសបញ្ជាក់ពីលោកបណ្ឌិត ម៉ា ឈឿន។

ប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ ខេត្ដកំពង់ចាម រូបនេះ បានបញ្ជាក់ទៀតថា បើគ្មានគោលនយោបាយឈ្នះឈ្នះ របស់គណបក្សប្រជាជនកម្ពុជា ជាពិសេសដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នោះទេ ក៏គ្មានសន្ដិភាព រហូតដល់បច្ចុប្បន្នផងដែរ។

លោកបណ្ឌិត ម៉ា ឈឿន បានបន្ថែមទៀតថា គោលនយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ប្រធា​ន​គណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានធ្វើឲ្យអង្គការចាត់តាំងរប​ស់ខ្មែរក្រ​ហ​ម ត្រូវរលំរលាយទាំងស្រុង ទាំងខាងនយោបាយ ទាំងយោធា និងបង្កើ​តបានសុខសន្តិភា​ព និងការអភិវឌ្ឍ ចាប់តាំងពីចុងឆ្នាំ១៩៩៨មក នេះគឺជាសច្ចធម៌ប្រវ​ត្តិ​សា​ស្រ្ត ​​ដែលមិនអាចបំភ្លៃបាន។

តំណាងរាស្ដ្រមណ្ឌលកំពង់ចាម បានលើកឡើងថា នេះហើយជាសច្ចធម៌ប្រវត្ដិសាស្ដ្រ ដែលបញ្ជាក់ឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា មានស្នាដៃដ៏ធំធេង សង្គ្រោះប្រជាជនឲ្យរួចផុត ពីគ្រោះប្រល័យពូជសាសន៍ ហើយធ្វើឲ្យប្រទេសកម្ពុជា មានសុខសន្ដិភាព រហូតដល់បច្ចុប្បន្ន។

លោកបណ្ឌិត បានឲ្យដឹងផងដែរថា ជាក់ស្ដែង នៅស្រុកជើងព្រៃ មានរោងចក្រ៧ ក្នុងនោះ មានកម្មករ ២០,៣៩០ នាក់ ទទួលបានចំណូល១ខែ ជាង៤លានដុល្លារ សម្រាប់ប្រជាជន នៅស្រុកជើងព្រៃ។ ក្រុមហ៊ុនទិញស្រូវ «អេមរុរាយស៍» បានចុះកុងត្រា ទិញស្រូវចំនួន ៧,៥០០តោន ក្នុង១ឆ្នាំ ដោយក្នុងតម្លៃខ្ពស់ សម្រាប់ស្រុកចំនួន៣ នៅខេត្តកំពង់ចាម រួមមាន៖ ស្រុកជើងព្រៃ, ស្រុកបាធាយ, ស្រុកព្រៃឈរ។

តំណាងរាស្ដ្រមណ្ឌលកំពង់ចាម បានលើកឡើងទៀតថា ប្រទេសកម្ពុជា មិនយកពន្ធលើដីស្រែបង្កបង្កើនផល ជាលក្ខណៈគ្រួសារ និងរកទីផ្សារ លក់កសិផលពីប្រជាពលរដ្ឋ ដូចប្រទេសជិតខាងនោះឡើយ។ ហើយចំពោះអ្នកលក់ដូរអាជីវករ មានសិទ្ធិផ្ទេរសិទ្ធិកាន់កាប់ប្រើប្រាស់ និងអ្នកលក់ដូរតូចតាច ដោយមិនឲ្យបង់ផាស៊ីផងដែរ។

ក្នុងឱកាសនោះផងដែរ តំណាងរាស្ដ្រ ម៉ា ឈឿន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ សូមអញ្ជើញចូលរួមទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា ដែលមានលេខ រៀងទី២០ និងរូបសញ្ញា «ទេវតាបាចផ្កា» ដើម្បីឲ្យសម្ដេចតេជោ ហ៊ុន សែន បន្ដដឹកនាំប្រទេសកម្ពុជា ឲ្យមានសុខសន្ដិភាព និងការអភិវឌ្ឍន៍៕