(ភ្នំពេញ)៖ លោក ជា ពិសី សមាជិកក្រុមលេខាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌឫស្សីកែវ បានបន្តយុទ្ធនាការផ្លាស់ប្ដូរ និងផ្ដល់ការចុះបញ្ជីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណ និងធ្វើការចែកជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋានចំនួន ៩០គ្រួសារបន្ថែមទៀត ដើម្បីមានភាពងាយស្រួលប្រើប្រាស់ និងងាយស្រួលគ្រប់គ្រង ពិសេសអាចឈានទៅចូលរួមបោះឆ្នោតបានគ្រប់ៗគ្នា។

ការបើកយុទ្ធនាការផ្លាស់ប្ដូរ និងផ្ដល់ការចុះបញ្ជីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ និងអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរនេះដែរ ត្រូវបានអនុវត្តន៍ជាបន្តបន្ទាប់ រហូតឈានដល់ធ្វើការចែកជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាន ៩០គ្រួសារ បានរៀបចំធ្វើឡើងរហូតមកដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ ស្ថិតក្នុងបុរីមង្គលភ្នំពេញ ក្នុងភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោក ជា ពិសី បានថ្លែងថា លោកនៅតែបន្តដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ចំពោះអាជ្ញាធរសង្កាត់ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធក្នុងខណ្ឌទាំងអស់ ដាច់ខាតត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ ក្នុងការផ្លាស់ប្ដូរ និងផ្ដល់ការចុះបញ្ជីសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណបណ្ណ ជូនប្រជាពលរដ្ឋ ដល់លំនៅដ្ឋានអចិន្ត្រៃយ៍ឲ្យបានគ្រប់ក្រុមគ្រួសារ ដើម្បីមានភាពងាយស្រួលប្រើប្រាស់ និងគ្រប់គ្រង ហើយអាចទៅចូលរួមបោះឆ្នោតគ្រប់ៗគ្នាបាន ឲ្យទាល់តែអស់នូវទូទាំង ៧សង្កាត់ ក្នុងខណ្ឌឫស្សីកែវ៕