(ព្រៃវែង)៖ ក្នុងពេលចុះទៅឃោសនាបោះឆ្នោតនៅឃុំស្ពឺ«ខ» នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ លោក ព្រុំ សុខា ប្រធានក្រុមការងារ​ចុះជួយ​ស្រុកបាភ្នំ បានជម្រាបជូនប្រជាពលរដ្ឋ​ក្នុងពិធីជួបជុំ​សំណេះ​សំណាលមួយ ដែលមានអ្នកចូលរួមប្រមាណជាង ១,០០០ នាក់ មកពីភូមិទាំង៦ទូទាំងឃុំថា​ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​​នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ គឺជាការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ សេរី​ ពហុបក្ស នៅកម្ពុជា ដែលប្រជាពលរដ្ឋមាន​សិទ្ធិពេញលេញ​ក្នុង​ការជ្រើសរើស​តំណាង​តាមឆន្ទៈពិតប្រាកដ​របស់ខ្លួន ដូចមានចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ធ្លាប់បានចូលរួម​យ៉ាងសកម្មក្នុងក្នុងដំណើរការ​ប្រជាធិបតេយ្យ​តាមរយៈការបោះឆ្នោតនៅកម្ពុជាអស់រយៈពេល២៥ឆ្នាំ រួចហើយ តាំងពីឆ្នាំ១៩៩៣មកម្ល៉េះ។

ការចូលរួមរបស់​ប្រជាពលរដ្ឋ គឺ​ជាកត្តាកំណត់មិនអាចខ្វះបាន​ដើម្បីធានាថា​ប្រជាធិបតេយ្យ និងនីតិរដ្ឋ​ដំណើរការ​ទៅដោយរលូន សមស្របជាមួយស្ថានភាព​ និងបរិបទជាក់ស្តែងនៃ​ប្រទេស​នីមួយៗ។

ហេតុនេះ ការប៉ុនប៉ងតាមរូបភាពណាក៏ដោយ ដើម្បីបំផ្លាញការបោះឆ្នោតជាអាទិ៍ៈ ការអំពាវ​នាវមិនឱ្យប្រជាពលរដ្ឋ​ទៅចូលរួមបោះឆ្នោតតាមរយៈរបស់ដែលហៅថា «ដេកផ្ទះឈ្នះឯង ឬដេកផ្ទះឈ្នះស្អាត» និង យុទ្ធនាការនានា ដែលសំដៅរារាំងប្រជាពលរដ្ឋមិនឱ្យទៅចូលរួមបោះឆ្នោតគឺជាការបំផ្លាញ​លទ្ធិប្រជា​ធិប​តេយ្យនៅកម្ពុជា។

ក្នុងឱកាសនោះដែរ លោក ព្រុំ សុខា បានរំលឹកប្រជាពលរដ្ឋឱ្យចងចាំជានិច្ចនូវ​គុណូបការៈ​របស់​គណបក្សប្រជាជន​កម្ពុជាចំពោះការរស់ឡើងវិញរបស់ប្រជាជន និងសង្គមជាតិរយៈពេលជិត ៥០ឆ្នាំកន្លងមក ពិសេសការបញ្ចប់​សង្រ្គាមស៊ីវិលរ៉ាំរ៉ៃ នាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ បង្កឱកាសអំណោយផល​ដ៏ថ្លៃថ្លាសម្រាប់ការស្តារ កសាង អភិវឌ្ឍប្រទេសជាតិរីកចម្រើនឆាប់រហ័ស គួរជាទីមោទនភាព និងពោរពេញដោយក្តីសង្ឃឹមសម្រាប់អនាគត។

លោកប្រធានក្រុមការងារស្រុកបាភ្នំ ក៏បានអំពាវនាវប្រជាពលរដ្ឋទាំងអស់នៅក្នុងឃុំ ស្ពឺ«ខ» ទាំងបងប្អូនស្នាក់នៅជាអចិន្រ្តៃយ៍ក្នុងមូលដ្ឋាន និងទាំងបងប្អូនកម្មករ ពលករ​ចំណាកស្រុក ដែលមានចំនួន​ជាងពាក់កណ្តាលនៃប្រជាពលរដ្ឋសរុបក្នុងឃុំ ដែលបានចុះឈ្មោះបោះឆ្នោត អញ្ជើញទៅចូលរួមបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ កុំបីអាក់ខាន។

បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន​រូបទេវតាបាចផ្កា និងនៅលេខរៀងទី២០ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ​ គឺដើម្បី​ចូលរួមរក្សាសន្តិភាព ស្ថេរភាព លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋឱ្យបានស្ថិតស្ថេរគង់វង្ស ដើម្បីបន្តអភិវឌ្ឍប្រទេស​ជាតិយើង​ឱ្យរីក​ចម្រើន​លូតលាស់តទៅមុខទៀតឥតឈប់ឈរ ដើម្បីអនាគតរុងរឿង ថ្កុំថ្កើងរបស់យើងទាំងអស់​គ្នាក្នុង​ជំនាន់​នេះ និងកូនចៅយើងជំនាន់ក្រោយ៕