(ភ្នំពេញ)៖ ប្រជាពលរដ្ឋខ្មែរមួយចំនួន នៅចក្រភពអង់គ្លេស បានផ្ញើញត្តិចំនួន ៣ច្បាប់ដោយឡែកពីគ្នា ជូនលោកស្រី តេរ៉េសា មេយ (Theresa May) នាយករដ្ឋមន្រ្តីអង់គ្លេស, លោក ចន ប៊ឺរខោវ (John Bercow) ប្រធានសភាអង់គ្លេស និងលោក បូរីស ចនសុន (Boris Johnson) រដ្ឋមន្រ្តីការបរទេស និងកិច្ចការកុម្ម៉ុនវែលអង់គ្លេស ដោយសម្តែងការគាំទ្រចំពោះការថែរក្សាសន្តិភាព ស្ថិរភាព និងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា ហើយបានអំពាវនាវចក្រភពអង់គ្លេស កុំឱ្យដាក់ទណ្ឌកម្មណាមួយ និងកុំឱ្យគាំទ្រការដាក់ទណ្ឌកម្ម ដោយប្រទេសណាមួយ មកលើរដ្ឋាភិបាលកម្ពុជា។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលអង្គភាពសារព័ត៌មាន​ Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ។

ញត្តិដែលអត្ថបទដើមជាភាសាអង់គ្លេស ភ្ជាប់ដោយហត្ថលេខារបស់ពលរដ្ឋខ្មែរ មានខ្លឹមសារសំខាន់ៗ ដូចខាងក្រោមនេះ៖

យើងខ្ញុំវាយតម្លៃខ្ពស់ ចំពោះការរួមចំណែករបស់រដ្ឋាភិបាលអង់គ្លេស ក្នុងការអភិវឌ្ឍកម្ពុជា។ ដោយសារមានសន្តិភាព និងស្ថិរភាព កម្ពុជាសម្រេចបាននូវកំណើនសង្គម-សេដ្ឋកិច្ច គួរឲ្យកត់សម្គាល់ ដែលមានកំណើន GDP ប្រចាំឆ្នាំជាមធ្យម ៧.៧% ក្នុងរយៈកាលពីរទសវត្សកន្លងមកនេះ។ កម្ពុជារក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងមានកម្រិតអតិផរណាត្រឹម ៣.៨% ប៉ុណ្ណោះ នៅក្នុងឆ្នាំ២០១៧ ហើយអាត្រាភាពក្រីក្រី ត្រូវបានកាត់បន្ថយពី ៥៣.៥% នៅក្នុងឆ្នាំ២០០៤ មកត្រឹម ១៣.៥% នៅក្នុងឆ្នាំ២០១៤ ដែលបានធ្វើឲ្យកម្ពុជា ឈានពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងពេលថ្មីៗនេះ។

វិស័យឧស្សាហកម្មកាត់ដេរ និងស្បែកជើង បានបង្កើតឲ្យមានការងារជាង ៨០០,០០០កន្លែង ហើយ ប្រជាជនកម្ពុជារាប់លាននាក់ផ្សេងទៀត ក៏បានទទួលផលប្រយោជន៍ ពីលក្ខខណ្ឌអនុគ្រោះពន្ធ GSP/EBA/MFN។ ប្រជាជនកម្ពុជាធម្មតា ជាពិសេស គឺកម្មកររោងចក្រ និងកសិករ នឹងទទួលរងនូវផលប៉ះពាល់ខ្លាំងបំផុត ប្រសិនបើរដ្ឋាភិបាលអង់គ្លេស ដាក់ទណ្ឌកម្មណាមួយមកលើកម្ពុជា។

សន្តិភាពដែលរកបានដោយលំបាក សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ដោយនិរន្តភាព កំពុងស្ថិតក្រោមការគំរាមកំហែង ពីការរាំងស្ទះ និងការដាក់ទណ្ឌកម្ម ដែលអាចនឹងកើតមានឡើង ដោយសារការលាបពណ៌រូបភាពអវិជ្ជមាន នៃស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា និងការជំរុញការដាក់ទណ្ឌកម្ម ទៅលើរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការណ៍ស្របច្បាប់ ដើម្បីការពារអធិបតេយ្យភាពរបស់ប្រទេស និងបានឆ្លើយតបទៅ នឹងការប៉ុនប៉ង ដែលអាចធ្វើឱ្យកម្ពុជាធ្លាក់ចូលទៅក្នុងសង្រ្គាមស៊ីវិលម្ដងទៀត។

អាស្រ័យហេតុនេះ យើងខ្ញុំសូមអំពាវនាវដល់រដ្ឋាភិបាល នៃចក្រភពអង់គ្លេសសូម៖

*រក្សាទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគ ដែលផ្តល់ផលប្រយោជន៍ ឲ្យគ្នាទៅវិញទៅមកជាមួយកម្ពុជា។

*កុំដាក់ទណ្ឌកម្មដោយផ្ទាល់ណាមួយ និង/ឬ ដាក់ការហ៊ុព័ទ្ធសេដ្ឋកិច្ច និង/ឬ សូមកុំគាំទ្រដល់ការដាក់ទណ្ឌកម្ម ឬសកម្មភាពដាក់ទណ្ឌកម្មណាមួយ ដែលផ្ដួចផ្ដើមដោយប្រទេស/សម្ព័ន្ធមិត្ត ដៃគូ ពាណិជ្ជកម្មនានា និងក្រុមណាមួយ ទៅលើប្រទេសកម្ពុជា ដើម្បីជាគុណប្រយោជន៍ដល់ក្រុមប្រឆាំងមួយក្តាប់តូច។

*គិតគូរដល់ផលវិបាកយូរអង្វែង ដែលអាចនឹងបន្សល់ទុកពីសកម្មភាពទាំងនេះ និងអាចធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលម្ដងទៀត។

*បន្តពង្រីក និងពង្រឹងបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការដ៏ល្អ និងផ្ដល់ការគាំទ្រជាបន្តដល់កម្ពុជា៕