(ក្រចេះ)៖ កូនឈើចម្រុះ៥ប្រភេទ និង​ឈើហូបផ្លែចំនួន២០២០ដើម ត្រូវបាន​អាជ្ញាធរ​ខេត្តក្រចេះ មន្ត្រីរាជការ​ លោក​គ្រូ អ្នកគ្រូ ​ប្រជាពល​រដ្ឋរួម ​និងសិស្សានុសិស្ស បានរៀបចំដាំនៅទីតាំងតាំងវត្តពោរធិ លើផ្ទៃដីចំនួន២ហិកតា ស្ថិតភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្តបុរី ខេត្តក្រចេះ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ។

លោក ទ្រី សុភ័ក្រ នាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ បានបញ្ជាក់ឱ្យ​ដឹង​ថា​ ពិធីបុណ្យរុក្ខទិវានេះ ត្រូវបានប្រារព្ធធ្វើឡើងនៅទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំ នៅ​ទូរ​​ទាំងប្រទេស សំដៅធានានូវការគ្រប់គ្រងព្រៃឈើ ប្រកបដោយនិរន្ដន៍​ភាព និងមានផលប្រយោជន៍សម្រាប់សង្គម សេដ្ឋកិច្ច និងបរិស្ថាន រួមទាំងការអភិរក្សជីវៈចម្រុះ និងមរតកវប្បធម៌ ពិសេសអាចបង្កើតបាននូវម្លប់បៃតងឡើងវិញ ធ្វើឱ្យតាមភូមិដ្ឋានមានភាព​ស្រស់បំព្រង។

គួររំលឹកដែរថា ខេត្តក្រចេះបានប្រារុព្ធ រុក្ខទិវា៩ កក្តដា ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩២ មកដល់បច្ចប្បន្ននេះបានចំនួន១៦លើក ទាំងឆ្នាំ២០១៨នេះសរុប ដាំកូនឈើបានចំនួន១២២.៦១៨ដើម ដោយបានដាំដុះតាមទីវត្តអារាម សាលរៀន និងតាមទីសាធារណៈមួយចំនួន។

លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានថ្លែងថា ការប្រារព្ធ​ពិធីរុក្ខទិវា ៩ កក្កដា ត្រូវបានបង្កើតឡើង ជាទិវាពលកម្មដាំដើមឈើ ហៅថា «រុក្ខទិវា» សំដៅបំផុសស្មារតីឱ្យប្រជាពលរដ្ឋចេះស្រឡាញ់ព្រៃឈើ លើកកម្ពស់ស្មារតី ចូលរួមថែរក្សា​ការ​ពារ​ព្រៃឈើ ដែលមានស្រាប់ និងចូលរួមឱ្យ​ច្រើន​កុះករ ក្នុងការដាំដើមឈើឡើងវិញ ដើម្បីជាសុភមង្គល និងសេចក្តីសុខចម្រើន នៃប្រទេសជាតិយើងឱ្យសមស្របតាមគោលការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជា និងដើម្បីប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាទូរ​ទាំងប្រទេសយល់ដឹងកាន់តែច្បាស់អំពីអត្ថប្រយោជន៍ នៃធនធានធម្មជាតិ។

លោកអភិបាលខេត្តបានបន្ថែមថា ការចូលរួមថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិ គឺទាមទារឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវចូលរួមដាំដុះកូនឈើ រក្សាការពារសត្វព្រៃ ដើម្បីប្រែក្លាយតំបន់រស់នៅឱ្យមានគម្រប​ពណ៌បៃតងស្រស់បំព្រង និងអភិរក្សធនធានព្រៃឈើ សម្រាប់ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។ ហើយលោកបានជំរុញដល់ប្រជាពលរដ្ឋ ត្រូវគិតគូរដាំដើមឈើ តាមផ្ទះ ឱ្យបានច្រើនជាពិសេស ដើមឈើណាហូបផ្លែ ព្រោះដើមឈើ វាបានជួយការពារនូវការហូរច្រោះ ឬ ស្រុតបាក់ដីបាន ហើយវាក៏បានផ្តល់ម្លប់ និង ផ្លែ ផ្កា ឱ្យ​មកយើងវិញដែរ ហើយលោកក៏រំលឹកដល់បងប្អូនប្រជាពលរដ្ឋត្រូវតែចូលរួមបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ៕