(ភ្នំពេញ)៖ បន្ទាប់ពីជ្រួតជ្រាបនូវដំណឹងខ្វះខាត និងការរស់នៅយ៉ាងលំបាក តស៊ូចិញ្ចឹមកូនប្រាំនាក់ ក្នុងបន្ទុកគ្រួសារ និងរស់នៅសំងំលាក់ខ្លួនចាកឆ្ងាយពីវិស័យសិល្បៈ ពីសំណាក់ អតីតតារាចម្រៀងធ្លាប់ល្បី គឺលោក ចាន់ សម័យ រួចមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ​បានប្រកាសឧបត្ថម្ភថវិកា១ម៉ឺនដុល្លារ ជួយដល់តារាចម្រៀង លោក ចាន់ សម័យ ដើម្បីជួយសម្រាលការលំបាក និងកសាងទីជំរករបស់ខ្លួន។

Facebook Page របស់សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យសាធារណជនដឹងនៅរសៀលថ្ងៃទី១២ ខែកក្កដានេះថា «បន្ទាប់ពីបានជួយសិល្បករ-សិល្បការិនីមួយចំនួន ដែលកំពុងមានជំងឺដូចជា សួស សងវាចា យូណេស្កូ។ល។ ថ្ងៃនេះខ្ញុំបានរួម​ជាមួយសប្បុរសជនផ្សេងទៀត ជួយដល់លោក ចាន់ សម័យ ដើម្បីមានលទ្ធភាពព្យាបាលផង និង​កសាងជីវភាពទៅអនាគតផង។ ខ្ញុំពិតជាមានការរីករាយដោយពិនិត្យឃើញថា សិល្បករ សិល្បការិនីយើងចេះសាមគ្គីជួយគ្នា ក្នុង​គ្រាដ៏លំបាកនេះ»។

សម្ដេចតេជោបានបន្តទៀតថា «ថ្ងៃនេះខ្ញុំបានធ្វើបុណ្យជាមួយ លោក ចាន់ សម័យ ចំថ្ងៃខួប៥ឆ្នាំ នៃមរណភាពឪពុករបស់ខ្ញុំ (១២ កក្កដា២០១៣-១២កក្កដា២០១៨) ដែលសង្ឃឹមផលបុណ្យនេះ នឹង​បានដល់ឪពុកជាទីគោរពស្រឡាញ់របស់ខ្ញុំ»។

​យ៉ាងណាមិញពេលដឹងថា សម្ដេចតេជោជួយឧបត្ថម្ភបែបនេះ តារាចម្រៀងលោក ចាន់ សម័យ ក៏បានលើកម្រាមដៃដប់ប្រណម្យសំពះ ថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ដែលបានចំណាយថវិកា ជួយរូបលោក។

សូមជម្រាបថា លោក ចាន់ សម័យ គឺជាតារាចម្រៀង ដែលធ្លាប់ទទួលបានការគាំទ្រខ្លាំង ពីសំណាក់ទស្សនិកជន ខណៈបទចម្រៀងជាច្រើន របស់លោក ទទួលបានការពេញនិយមចូលចិត្ត ស្ដាប់គ្រប់ស្រទាប់វ័យ។ ក្រោយពេលបាត់មុខពីសិល្បៈអស់រយៈពេលជាង១០​ឆ្នាំ ទើបលោកបង្ហាញខ្លួន ជាមួយនឹងសភាពគួរឲ្យសង្វេគ គ្មានសម្លៀកបំពាក់ស្លៀកគ្រប់គ្រាន់ សូម្បីតែម្ហូបអាហារហូបចុកក៏គ្មាន រហូតដល់ទៅដើរទៅស្ទូចត្រី នៅតាមមាត់ទន្លេ ដើម្បីធ្វើជាម្ហូបអាហារ ស្ទើរមិនគួរឲ្យជឿ៕