(ភ្នំពេញ)៖ បុគ្គលិកកម្ពុជា និងក្រុមហ៊ុនផ្គត់ផ្គង់ របស់ក្រុមហ៊ុនអេសស៊ីជី (SCG) ដែលជាពហុសាជីវកម្មឈានមុខនៅក្នុងតំបន់អាស៊ាន បានបង្ហាញឲ្យឃើញពីទឹកចិត្តរបស់ខ្លួន ក្នុងការជួយគាំទ្រដល់ការលើកកម្ពស់សុខភាពរបស់កុមារ តាមរយៈការបរិច្ចាគប្រាក់ចំនួន១២,០០០ដុល្លារ ដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តកិច្ចប្រតិបត្តិការសង្គ្រោះជីវិតដល់កុមារនៅកម្ពុជា ។

នេះជាឆ្នាំទីពីរហើយ ដែលបុគ្គលិក និងអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុន អេសស៊ីជី បានធ្វើការបរិច្ចាគទឹកប្រាក់ដល់មន្ទីរពេទ្យ ដែលផ្ដល់សេវាមិនយកកម្រៃ និងល្បីឈ្មោះបំផុតនៅក្នុងប្រទេសកម្ពុជានេះ ។
យោងតាមក្រុមហ៊ុនអេសស៊ីជី ការបរិច្ចាគនេះគឺស្របតាមការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន ក្នុងការលើកកម្ពស់ការរស់នៅរបស់ប្រជាជន ដែលរស់នៅក្នុងប្រទេស ដែលក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម ។

លោក ស៊ុមវ៉ាង ម៉ានភីម៉ុនឆាយ (Somwang Manpimonchai) នាយកក្រុមហ៊ុន អេសស៊ីជី ប្រចាំប្រទេសកម្ពុជា បានថ្លែងថា «ក្រុមហ៊ុនអេសស៊ីជី មានទឹកចិត្តចូលរួមជាផ្នែកមួយ នៃការអភិវឌ្ឍន៍របស់កម្ពុជា ក៏ដូចជាជួយផ្ដល់នូវគុណភាពជីវិតកាន់តែប្រសើរ ដល់ប្រជាជន។ ដូច្នេះហើយទើប ក្រុមហ៊ុន និងបុគ្គលិករបស់យើងមានទឹកចិត្តក្នុងការជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការជួយលើកកម្ពស់គុណភាពជីវិតរបស់កុមារ និងក្រុមគ្រួសាររបស់គេ។ ហើយយើងសង្ឃឹមថា ការបរិច្ចាគនេះនឹងជួយរួមចំណែកដល់ការងារដ៏ធំធេង ដែលមន្ទីរពេទ្យកំពុងតែអនុវត្តនៅក្នុងប្រទេសកម្ពុជានេះ»

លោក គី សន់ទី ប្រធានមន្ទីរពេទ្យកុមារគន្ធបុប្ផា បានថ្លែងអំណរគុណចំពោះការរួមចំណែកពីសំណាក់បុគ្គលិក របស់ក្រុមហ៊ុនអេសស៊ីជី និងអ្នកផ្គត់ផ្គង់របស់ក្រុមហ៊ុនផងដែរ ។ លោកក៏បានលើកឡើងផងដែរថា «យើងបានមើលឃើញគម្រោងជាច្រើន ដែលក្រុមហ៊ុន អេសស៊ីជី កំពុងអនុវត្តនៅក្នុងប្រទេសកម្ពុជា។ នៅថ្ងៃនេះ គឺជាពេលវេលាមួយដែលបង្ហាញឲ្យឃើញថា ពួកគាត់បន្តបង្ហាញទឹកចិត្តរបស់ខ្លួន ក្នុងការជួយកែលម្អគុណភាពជីវិតកុមារកម្ពុជា ដែលមានជំងឺ ហើយយើងសូមថ្លែងអំណរគុណសម្រាប់ការរួមចំណែករបស់ អេសស៊ីជី ដល់សង្គម»

ក្រុមហ៊ុន អេសស៊ីជី បានធ្វើប្រតិបត្តិការ នៅក្នុងប្រទេសកម្ពុជាជាង២០ឆ្នាំមកហើយ ហើយក្រុមហ៊ុនតែងគាំទ្រពេញទំហឹង ចង់ឃើញសហគមន៍ដែលរីកចម្រើន តាមរយៈការដាក់ចេញ នូវកម្មវិធីអភិវឌ្ឍន៍សហគមន៍នានា ការផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតឆ្នើមដែលក្រីក្រ និងការគាំទ្រដល់ការអភិវឌ្ឍន៍កីឡាក្នុងស្រុក។ នៅឆ្នាំ២០១៧ អេសស៊ីជី ក៏បានជួយបរិច្ចាគទឹកប្រាក់ ដល់សហព័ន្ធបាល់ទាត់កម្ពុជា ដើម្បីជួយអភិវឌ្ឍកីឡាបាល់ទាត់ សម្រាប់យុវជននៅក្នុងប្រទេសផងដែរ។

ក្រុមហ៊ុន អេសស៊ីជី គឺជាពហុសាជីវកម្មឈានមុខគេមួយនៅតំបន់អាស៊ាន ដែលមានអាជីវកម្មស្នូលចំនួនបីគឺ ស៊ីម៉ង់ត៍ និងសម្ភារសំណង់ ឧស្សាហកម្មសារធាតុគីមី និងឧស្សាហកម្មវេចខ្ចប់ ។ រាល់ប្រតិបត្តិការអាជីវកម្ម និងសកម្មភាពផ្សេងៗរបស់អេសស៊ីជី គឺសុទ្ធតែគោរពតាមពាក្យសន្យារបស់ខ្លួន គឺ Passion for Better «ការប្ដេជ្ញាចិត្តធ្វើឲ្យប្រសើរឡើង» ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់អេសស៊ីជី ក្នុងការគាំទ្រដល់កិច្ចអភិវឌ្ឍន៍ និងការលូតលាស់របស់ប្រទេសដែលក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម។

ជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធជាង២០០ នៅក្រោមឆ័ត្ររបស់ខ្លួន និងនិយោជិតប្រមាណ ៥៧,០០០នាក់ នៅទូទាំងតំបន់អាស៊ាន ក្រុមហ៊ុន អេសស៊ីជី បង្កើត និងចែកចាយផលិតផល និងសេវាកម្មមានគុណភាព ស្របតាមតម្រូវការបច្ចុប្បន្ន និងអនាគតរបស់អតិថិជន។ ក្រុមហ៊ុន អេសស៊ីជី មានវត្តមាននៅកម្ពុជាជាង២០ឆ្នាំមកហើយ ដែលរួមបញ្ចូលក្រុមហ៊ុនចំនួន៧ គឺក្រុមហ៊ុនកំពតស៊ីម៉ង់ត៍ ខូអិលធីឌី ក្រុមហ៊ុន អេសស៊ីជី ខនគ្រីត រូហ្វ ខូអិលធីឌី ក្រុមហ៊ុន ស៊ីផេក ខេមបូឌា ខូអិលធីឌី ក្រុមហ៊ុន ស៊ីផេក Plank (ខេមបូឌា) ខូអិលធីឌី ក្រុមហ៊ុន ណាវ៉ាប្លាស្ទិក ខេមបូឌា ខូអិលធីឌី ក្រុមហ៊ុន អេសស៊ីជី ត្រេឌីង (ខេមបូឌា) ខូអិលធីឌី និងក្រុមហ៊ុនអេសស៊ីជីឡូជីស្ទីក ខេមបូឌា ខូអិលធីឌី ៕