(កំពត)៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨នេះ នៅសាលប្រជុំសាលាខេត្តកំពត លោក ជាវ តាយ អភិបាលខេត្ត បានអញ្ជើញថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងសហគមន៍អ្នកផលិតអំបិលខេត្តកំពត និងខេត្តកែប ដើម្បីបើកកិច្ចប្រជុំពិភាក្សាមួយជាបន្ទាន់ ក្នុងគោលបំណងដើម្បីរិះរកមធ្យោបាយបច្ចេកទេស នៃការផលិតអំបិល សម្រាប់ជាការឆ្លើយតបតម្រូវការប្រើប្រាស់ក្នុងប្រទេស ឲ្យបានគ្រប់គ្រាន់តាមសេចក្ដីត្រូវការនាពេលខាងមុខ។

លោក ជាវ តាយ បានបញ្ជាក់ថា អំបិល គឺជាផលិតផលមួយ មានការផលិតតែនៅក្នុងខេត្តកំពត និងខេត្តកែប នៃប្រទេសកម្ពុជាប៉ុណ្ណោះ ហើយអំបិល ក៏បានបម្រើនូវប្រយោជន៍សំខាន់ៗ ច្រើនយ៉ាងនៃសេចក្ដីត្រូវការរបស់មនុស្ស ទាំងជីវភាពប្រចាំថ្ងៃ ក៏ដូចជាវិស័យឧស្សាហកម្ម សិប្បកម្ម និងកសិកម្មផងដែរ។

លោកបន្តថា ប៉ុន្តែនៅប្រទេសកម្ពុជា ការផលិតអំបិលបច្ចុប្បន្ននេះ ផ្នែកទៅតាមលក្ខណៈធម្មជាតិ ផ្ដេកផ្ដួលទៅតាមរដូវកាល និងអាកាសធាតុអំណោយផល ដែលធ្វើឲ្យការផលិតទទួលទិន្នផល មិនទៀងទាត់។ ជាក់ស្ដែង ការផលិតអំបិលឆ្នាំ២០១៨នេះ មិនបានទទួលលទ្ធផលល្អឡើយ ដោយមូលហេតុអាកាសធាតុមិនអំណោយផល ដោយសារមានភ្លៀងធ្លាក់ពេញមួយរដូវនៃការផលិត។

លោកអភិបាលខេត្ត បានបន្តថា ការជួបប្រជុំនាពេលនេះ ក្នុងគោលបំណងរួមគ្នា ពិភាក្សារកយុទ្ធសាស្ត្រថ្មីៗ ដើម្បីផលិតអំបិលឲ្យទទួលបានទាំងគុណភាព និងបរិមាណ សំដៅឆ្លើយតបឲ្យបានទៅ នឹងតម្រូវការផ្គត់ផ្គង់ ប្រើប្រាស់គ្រប់គ្រាន់សម្រាប់ក្នុងប្រទេស ក៏ដូចជា ការនាំចេញ។ លោកបានដាក់សំណូមពរ ឲ្យថ្នាក់ដឹកនាំព្រមទាំងសមាជិកសហគមន៍អ្នកផលិតអំបិល ក៏ដូចមន្ទីរជំនាញ ពីអ្វីដែលមានបញ្ហាប្រឈម ត្រូវរួមគ្នាធ្វើ រួមគ្នាដោះស្រាយ និងទទួលខុសត្រូវ ពិសេសត្រូវរួមគ្នាពិភាក្សា ពិនិត្យមើលថា តើធ្វើដូចម្ដេច ជម្រើសមួយណាល្អ ក្នុងការរកយុទ្ធវិធី តាមលក្ខណៈបច្ចេសទេស និងបទពិសោធន៍ទាន់សម័យ ដើម្បីផលិតអំបិលបានប្រើប្រាស់គ្រប់គ្រាន់ និងមិនមានកើតហានិភ័យនៅចំពោះមុខ។

ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានណែនាំដល់សហគមន៍ ក៏ដូចជាមន្ទីរឧស្សាហកម្ម និងសិប្បកម្ម មានការប្រុងប្រយ័ត្ន ទប់ស្កាត់ថែរក្សាផ្ទែដី សម្រាប់ផលិតអំបិល ទាំងបរិមាណផ្ទៃដី និងតួរលេខឲ្យនៅដដែល និងសំណូមពរឲ្យអ្នកមានស្រែផលិតអំបិល ត្រូវផលិតឲ្យអស់លទ្ធភាព។

ផ្អែកលើរបាយការណ៍ របស់សហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប ការផលិតអំបិលក្នុងរយៈ ៤ឆ្នាំជាប់គ្នា ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ បានទទួលបរិមាណអំបិលនៅចន្លោះពី ជាង១៤ម៉ឺនតោន ដល់ជាង១៧ម៉ឺនតោន តែនៅក្នុងឆ្នាំ ២០១៨នេះ ការផលិតធ្លាក់ចុះដោយសារកត្តាភ្លៀងធ្លាក់ពេញមួយរដូវផលិត។ ហើយបច្ចុប្បន្ន អំបិលនៅសល់ក្នុងឃ្លាំងមានប្រមាណ ២ម៉ឺនតោនប៉ុណ្ណោះ បើប្រៀបធៀបលក់បណ្ដាឆ្នាំមុនៗ អាចខ្វះអំបិលចន្លោះពី៣ម៉ឺនតោន ទៅ៥ម៉ឺនតោន ដែលកត្តាទាំងនេះ ធ្វើឲ្យទាំងអាជ្ញាធរខេត្ត ក៏ដូចមន្ទីរជំនាញ និងសហគមន៍អ្នកផលិតអំបិលត្រូវបាន និងកំពុងគិតគូររកដំណោះស្រាយ៕