(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០១៨ បានថ្លែងអំពាវនាវឲ្យសមត្ថកិច្ចជំនាញ និងបងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់ការ ប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ជាពិសេសបទល្មើសឆក់ត្រី ការដាក់ស្បៃមុង និងហាមដាច់ខាតការឃុបឃិតគ្នា ប្រព្រឹត្តបទល្មើសផ្សេងៗផងដែរ។

ពិធីនេះមានការអញ្ជើញជាអធិបតីពីលោក សុខ លូ អភិបាលខេត្តកំពង់ធំ និងមានការចូលរួមពីប្រធាន អនុប្រធានមន្រ្តីរាជការជុំវិញខេត្ត ប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង២ពាន់នាក់ ស្ថិតនៅក្នុងអាងទឹកតាំងក្រសាំង (អាងទឹក៦មករា) ក្នុងភូមិក្បាលបី ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។

លោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ក្នុងពិធីនេះក៏មានការលែងកូនត្រីពូជ ជាលើកទី១៦ផងដែរ ដែលមានត្រីមេពូជ (ត្រីស្រែ) ចំនួន១០០គ.ក ដូចជាត្រីក្រាញ់ ត្រីផ្ទក់ ត្រីអណ្តែង អន្ទង់ និងកូនត្រីពូជជាង ៥ម៉ឺនក្បាលទៀតមានកូនត្រីឆ្ពិន៤ម៉ឺនក្បាលត្រីប្រលូង៥ពាន់ក្បាល ត្រីកាហែរ៥ពាន់ក្បាល ដើម្បីបង្កើនបរិមាណមច្ឆាជាតិ ឲ្យកាន់តែសម្បូរត្រី ដែលជាប្រយោជន៍សេចក្តីត្រូវការហូបចុកប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅតំបន់នេះ។

លោកបានបញ្ជាក់ថា ប្រវត្តិអាងទឹកតាំងក្រសាំង ដែលស្ថិតក្នុងភូមិក្បាលបី ដែលអាចរក្សាទឹកបាន៣០ម៉ឺនម៉ែត្រគុណ មានទ្វារទឹកចំនួន២កន្លែង សំណង់បង្ហៀរទឹកចំនួន១ អាចស្រោចស្របផ្ទៃដីរដូវវស្សា៩,៨៦៩ហិកតា និងដីស្រែប្រាំង ២,០១៩ហិកតា អ្នកទទួលផល១៨ភូមិ មាន៤ឃុំ ប្រជាពលរដ្ឋ១,៤១៨គ្រួសារ ស្មើរនឹង៤,៧៣៦នាក់។

លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ឌរដ្ឋបាលជលផលត្តកំពង់ធំ បានឲ្យដឹងថា នេះគឺជាការព្រលែងកូនត្រីពូជលើកទី១៦ នៅក្នុងខេត្តកំពង់ធំ គឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ជួយគ្នាថែរក្សាមឆ្ឆាជាតិ និងដើម្បីជីវភាពគ្រួសារប្រចាំថ្ងៃរបស់គាត់ និងសូមអំពាវនាវឲ្យមានការចូលរួមទាំងអស់គ្នា នូវការពារ និងទប់ស្កាត់ការប្រើប្រាស់ឧបករណ៍ នេសាទត្រីដោយខុសច្បាប់ ដែលត្រូវបានហាមឃាត់ ក្នុងនោះខណ្ឌរដ្ឋបាលជលផលបានធ្វើការផ្សព្វផ្សាយដល់សហគមន៍ពីទោស នៃការប្រើប្រាស់ឧបករណ៍ខុសច្បាប់ បើជនណាប្រើប្រាស់ គឺត្រូវធ្វើកិច្ចសន្យា ហើយបើមិនមានការាងចាល និងចាត់វិធានការតាមច្បាប់។

លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់ កុំនេសាទត្រីដោយប្រើប្រាស់ឧបករណ៍ដោយខុសច្បាប់ កុំកាប់បំផ្លាញ់ព្រៃលិចទឹកដែលជាជម្រកត្រីពងកូន ដែលខាងរដ្ឋបាលជលផលបានអភិរក្សាត្រីមានសរុប ៤៥សហគមន៍ នឹងសុំឲ្យបងប្អូនចូលរួមបង្ករបង្កើនផល ដាំដំណាំបន្លែបង្កការ ចិញ្ចឹមសត្វនៅក្នុងមូលដ្ឋានបន្ថែមទៀត ដើម្បីជួយដោះស្រាយជីវភាពគ្រួសារ ឲ្យកាន់តែប្រសើរឡើងបានមួយកម្រិត និងសូមប្រែក្លាយជាទម្លាប់ នៃការចូលចិត្តដាំដុះដោយមិនប្រើប្រាស់ជីគីមី ក្នុងការរក្សានូវសុខភាពរបស់ខ្លួន និងប្រជាពលរដ្ឋទាំងអស់។

នៅក្នុងឱកាសនជាមួយគ្នានេះដែរ លោក សុខ លូ បានសុំអភ័យទោសចំពោះការខុសឆ្គង របស់មន្រ្តីមួយចំនួនតូច ដែលកន្លងមកបានធ្វើឲ្យមានការថ្នាំងថ្នាក់ ដោយមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានខិតខំថែរក្សាសន្តិភាព ស្ថេរភាពនយោបាយបានយូរអង្វែង និងសូមឲ្យបងប្អូនទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៨ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា៕